ចៅអធិការវត្តច្បារអំពៅប្ដឹង លោក ខឹម វាសនា ៩បទល្មើស
ចុះផ្សាយនៅថ្ងៃ៖
ម្សិលមិញ ព្រះចៅអធិការវត្តច្បារអំពៅព្រះនាម ហោ សុខុន បានដាក់ពាក្យប្ដឹងលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ៩បទល្មើសពាក់ព័ន្ធនឹងការប្រមាថព្រះពុទ្ធសាសនា និងការជេរប្រមាថសាធារណៈ ទៅកាន់ក្រសួងមហាផ្ទៃ ។ រីឯគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានអះអាងថា អ្វីដែលលោក ខឹម វាសនា ធ្លាប់និយាយគ្រាន់តែជាពន្យល់ពាក់ព័ន្ធកិច្ចប្រតិបត្តិព្រះធម៌តែប៉ុណ្ណោះ។
ជុំវិញពាក្យប្ដឹង៩បទល្មើសនេះ ព្រះចៅអធិការវត្តច្បារអំពៅព្រះនាម ហោ សុខុន មានសង្ឃដីកាថា ព្រះអង្គមានភ័ស្តុតាងគ្រប់គ្រាន់ដើម្បីដាក់បន្ទុកទៅលោក ខឹម វាសនាប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដោយក្នុងនោះរួមមានៈ វីដេអូ ខ្សែរអាត់សំឡេង និងសាក្សីជាដើម។ ខ្លឹមសារនៃពាក្យប្ដឹងចំនួន៩នោះមានជាប់ពាក់ព័ន្ធនឹងការប្រមាថ ជាន់ឈ្លីលើបាវចនាជាតិ សាសនា និងព្រះមហាក្សត្រ,ចោទរដ្ឋាភិបាលបច្ចុប្បន្នធ្វើឲ្យបាត់បង់កោះត្រល់ ញុះញង់ឲ្យមានបដិវត្តន៍ពណ៌ជាដើម។ នេះបើតាមខ្លឹមសារនៃពាក្យបណ្ដឹង។
សូមបញ្ជាក់ថា ពាក្យបណ្ដឹងរបស់ព្រះចៅអធិការវត្តច្បារអំពៅព្រះអង្គហោ សុខុន ធ្វើឡើងបន្ទាប់ពីព្រះអង្គប្រមូលបានស្នាមមេដៃជាង៦០០ពីពលរដ្ឋខ្មែរ។ ក្នុងនោះក្រសួង មហាផ្ទៃអះអាងថានឹងដោះស្រាយបញ្ហានេះតាមក្រោយ។ បើតាមព្រះអង្គហោ សុខុន ការណ៍ដែលសម្រេចប្ដឹងករណីលោក ខឹម វាសនា ទៅក្រសួងមហាផ្ទៃដោយរំលង តុលា ការ មិនមែនក្នុងគោលបំណងរំលាយបក្សឡើយ តែប្ដឹងក្នុងនាមជាបុគ្គលទៅវិញទេព្រោះ ក្រសួងមានតួនាទីគ្រប់គ្រងគណបក្សនយោបាយ។
តែយ៉ាងណាក៏ដោយលោក ចិន ថុល អគ្គលេខាធិការគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានអះអាងថា គណបក្សរងចាំមើលដំណើរការនីតិវិធីរបស់ក្រសួងមហាផ្ទៃ។ ប៉ុន្តែលោកបានគូសបញ្ជាក់ថា គោលការណ៍របស់គណបក្សសម្ព័ន្ធចាប់ផ្ដើមពីការពន្យល់ពលរដ្ឋទាក់ទងបញ្ហានយោបាយ ប្រជាធិបតេយ្យ និងការគោរពប្រតិបត្តិព្រះពុទ្ធសាសនា។ ដូច្នេះការនិយាយអំពីកិច្ចប្រតិបត្តិធម៌វែកញែករកហេតុផលពាក់ព័ន្ធនឹងជំនឿពិតជាប៉ះពាល់អារម្មណ៍ម្ខាងទៀតចៀសមិនផុតឡើយ។នេះបើតាមលោក ចិន ថុល ។
គួររម្លឹកថា កន្លងមក លោក ខឹម វាសនា បានរិះគន់ទៅលើការប្រតិបត្តិធម៌របស់ពលរដ្ឋខ្មែរ ។ ក្នុងនោះក៏មានដែរការ ប្រើពាក្យចោរថង់យាមទៅកាន់ព្រះសង្ឃ។ តែលោក ចិន ថុល ថា ការចោទនេះសំដៅបុគ្គលខូចពួនសំងំក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ