អានតួអត្ថបទ
កម្ពុជា

ជនពិការ​កម្ពុជា​នៅ​មាន​ការ​ប្រឈម​ដដែល ខណៈ​ច្បាប់​ការពារ​ត្រូវ​គេ​គោរព​មិន​ពេញ​លេញ

រថយន្តសម្រាប់ជនពិការ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាលើកដំបូង ដោយអង្គការជនពិការកម្ពុជា។
រថយន្តសម្រាប់ជនពិការ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាលើកដំបូង ដោយអង្គការជនពិការកម្ពុជា។ RFI/mesa
ដោយ៖ ញឹម សុផល
១៧ នាទី

អង្គការ​ជន​ពិការ​កម្ពុជា​ទើប​តែ​បាន​រក​ឃើញ​ថា​ជន​ពិការ​នៅ​ទូទាំង​ប្រទេស បាន​នឹង​កំពុង​ប្រឈម​បញ្ហា​ជា​ច្រើន​ ដូចជា​បញ្ហា​ការងារ បញ្ហា​ទទួល​បាន​សិទ្ធ​បោះឆ្នោត​ កង្វះ​ខាត​ព័ត៌មាន​ជាដើម។ ការ​កត់​សម្គាល់​នេះ​បាន​ធ្វើ​ឡើង​ខណៈ​ដែល​ច្បាប់​ស្តី​ពី​ការ​ការពារ​និង​លើក​កំពស់​សិទ្ធិជន​ពិការ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​អស់​រយៈ​ពេល​៦​ឆ្នាំ​មក​ហើយ​មក​ទល់​នឹង​ថ្ងៃ​សុក្រ​នេះ។ ជា​យោបល់​ អង្គការ​ជន​ពិការ​កម្ពុជា​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ជា​គំរូ​គេ​នៅ​ក្នុង​ការ​អនុវត្ត​ច្បាប់​នេះ។

ផ្សាយពាណិជ្ជកម្ម

គិត​មក​ត្រឹម​ថ្ងៃ​ទី​០៣​ខែ​កក្កដា​ឆ្នាំ​២០១៥​នេះ ច្បាប់​ស្តី​ពី​ការ​ការពារ ​និង​លើក​កំពស់​សិទ្ធិជន​ពិការ​គម្រប់​៦​ឆ្នាំ​គត់។ ក្រុម​អង្គការ​ជន​ពិការ​មួយ​ចំនួន​មើល​ឃើញ​ថា​ច្បាប់​នេះ​បាន​បង្កើត​ជា​ពិសេស​សម្រាប់​ជនពិការ​ក៏​មែន​ពិត ក៏​ប៉ុន្តែ​មិន​បាន​បំរើ​ដល់​ជនពិការ​បាន​ច្រើន​នៅ​ឡើយ​ទេ។

លោក​ ងិន សៅរ័ត្ន នាយក​ប្រតិបត្តិ​អង្គការ​ជនពិការ​កម្ពុជា បាន​ថ្លែង​នៅ​ថ្ងៃ​ សុក្រ​នេះ​ថា ​ជនពិការ​កម្ពុជា​នៅ​មាន​កង្វល់​សំខាន់​ៗ​ចំនួន​១០​ចំណុច​ដែល​ជា​ការ​ប្រឈម បើ​ទោះ​ណា​ជា​មាន​ច្បាប់​ដ៏​ល្អ​មួយ​រួច​ហើយ​ក៏​ដោយ។

ចំណុច​សំខាន់​ៗ​ទាំង​នោះ​រួម​មាន​ឱកាស​ការងារ​របស់​ជនពិការ​នៅ​មាន​កម្រិត។ ឱកាស​សម្រាប់​ជនពិការ​ក្នុង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​មិន​ទាន់​មាន​ទេ។ ករណី​នេះ​ត្រូវ​បាន​បន្ទោស​ទៅ​លើ​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ដល់​ជន​ពិការ​មាន​ការ​ពិបាក​ និង​ត្រូវ​ចំណាយ​ថវិកា។ ការ​ទទួល​ព័ត៌មាន​សម្រាប់​ជន​ពិការ​នៅ​តិច​តួច​ដោយសារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ពិសេស​ទូរទស្សន៍​មិន​មាន​ភាសា​សញ្ញា។ ៨៥​ភាគរយ​នៃ​ទី​សាធារណៈ​និង​ឯកជន​មិន​មាន​ជំរាល​សុវត្តិភាព​សម្រាប់​ជន​ពិការ។

ការ​អប់រំ​ និង​ការ​ផ្តល់​សេវា​ដល់​ជន​ពិការ​ធ្ងន់ធ្ងរ​នៅ​មាន​កម្រិត។ នៅ​ក្នុង​ការ​កត់សម្គាល់​មួយ​ទៀត​គឺ​ថា​រហូត​មក​ទល់​ពេល​នេះ​មិន​មាន​ជនពិការ​ក្រីក្រ​ធ្ងន់ធ្ងរ​ណា​ម្នាក់​ទទួល​បាន​ប្រាក់​ចំនួ​ន២​ម៉ឺន​រៀល​នៅ​ឡើយ​ទេ ខណៈ​ដែល​មាន​ការ​សន្យា​នៅ​ពេល​មាន​ច្បាប់​ការពារ​សិទ្ធិជន​ពិការ​នេះ​ចេញ។ ការ​រំលោភ​បំពាន​លើ​សិទ្ធិជន​ពិការ​ជា​ស្រ្តី រំលោភ​សេព​សន្ធវៈ​លើ​ស្ត្រី​គ ថ្លង់ នៅ​តែ​កើត​មាន ហើយ​ជន​ពិការ​ត្រូវ​បាន​បដិសេធ​ក្នុង​ការ​ធ្វើ​ប័ណ្ណ​បើកបរ។

នាយក​ប្រតិបត្តិ​អង្គការ​ជន​ពិការ​កម្ពុជា​លោក ងិន សៅរ័ត្ន បាន​បញ្ជាក់​ថា​ចំណុច​ដែល​បាន​រក​ឃើញ​ទាំង​អស់​នេះ​ត្រូវ​បាន​លើក​ឡើង​ដើម្បី​ជា​ការ​ពញាក់​ស្មារតី​ដល់​រដ្ឋាភិបាល និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​បំពេញ​តួនាទី​ធ្វើ​ជា​គំរូ​គេ​ក្នុង​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ការ​ការពារ​និង​លើក​កំពស់​សិទ្ធិ ជនពិការ។

ទោះ​យ៉ាង​នេះ​ក្តី មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កន្លង​មក​បាន​អះអាង​ថា​ ជន​ពិការ​មាន​ស្ថានភាព​ប្រសើរ​ឡើង បន្ទាប់​ពី​មាន​ច្បាប់​ស្តី​ពី​ការការពារ​និង​លើក​កំពស់​សិទ្ធិ​ជនពិការ។

សូម​បញ្ជាក់​ថា​តាម​ទិន្នន័យ​ស្រាវជ្រាវ​របស់​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ កន្លង​មក​មាន​ជនពិការ​ប្រមាណ​ជា​៧​ម៉ឺន​នាក់​បាន​ទៅ​បោះឆ្នោត។ ក៏​ប៉ុន្តែ​ចំនួន​នេះ​នៅ​តិច​តួច​នៅ​ឡើយ។ តាម​ទិន្នន័យ​ក្រសួង​សង្គមកិច្ច មាន​ជន​ពិការ​ប្រមាណ​ជា​៣៣​ម៉ឺន​នាក់ ស្មើ​នឹង​ ២,១ភាគរយ តែ​ទិន្នន័យ​របស់ ធនាគារ​ពិភពលោក និង ADB បង្ហាញ​ថា​ជនពិការ​នៅ​កម្ពុជា​មិន​តិច​ជាង​១៥​ភាគរយ​នោះ​ទេ នៃ​ចំនួន​ប្រជាជន​សរុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ