កម្ពុជា

វិសោធនកម្ម​ច្បាប់គណបក្ស​នយោបាយ​ចូល​ជា​ធរមាន ខណៈ NGO សម្ដែង​ក្ដី​បារម្ភ

រដ្ឋសភា​អនុម័ត​ទាំង​ស្រុង​លើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ដោយ​គ្មាន​ការ​ចូល​រួម​ពី​គណបក្ស​ប្រឆាំង
រដ្ឋសភា​អនុម័ត​ទាំង​ស្រុង​លើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ដោយ​គ្មាន​ការ​ចូល​រួម​ពី​គណបក្ស​ប្រឆាំង

នៅ​ទី​បំផុត​ទៅ វិសោធនកម្ម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ ដែល​ហាម​ឃាត់​មិន​ឲ្យ​បក្ស​នយោបាយ​ពាក់ព័ន្ធ​ជាមួយ​នឹង​ទណ្ឌិត ត្រូវ​បាន​ប្រមុខ​រដ្ឋ​ស្ដី​ទី​ចុះ​ហត្ថលេខា​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​ហើយ​នៅ​ថ្ងៃ​ទី​២៨​កក្កដា​ម្សិលមិញ​។ ការ​ចូល​ជា​ធរមាន​នៃ​ច្បាប់​នេះ ធ្វើ​ឡើង​ចំ​ពេល​ដែល​សង្គម​ស៊ីវិល​ជិត​២០​ស្ថាប័ន ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ សម្ដែង​ក្ដីព្រួយ​បារម្ភ​ថា វិសោធនកម្ម​ច្បាប់ដែល​ផ្ដល់​អំណាច​ទូលំទូលាយ​ហួសហេតុ​ដល់​រដ្ឋាភិបាល​នេះ នឹង​ជះ​ឥទ្ធិពល​ដល់​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំក្រោយ​​។

ផ្សាយពាណិជ្ជកម្ម

វិសោធនកម្ម​លើក​ទី​២​នៃ​ច្បាប់ស្ដី​ពី​គណបក្ស​នយោបាយ អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ រំលោភ​បំពាន​បទ​បញ្ញត្តិ​នៃ​រដ្ឋធម្មនុញ្ញ និង​រំលោភ​សិទ្ធិ​មនុស្ស​។ នេះ​គឺ​ជា​ការ​អះអាង​របស់​សង្គម​ស៊ីវិល​យ៉ាង​ហោច​ណាស់​១៩​ស្ថាប័ន នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ ចុះ​ថ្ងៃ​ទី​២៨​កក្កដា​។ ជា​ថ្ងៃ​តែ​មួយ​ដែល​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ ត្រូវ​បាន​ប្រមុខ​រដ្ឋ​ស្ដី​ទី​ចុះ​ហត្ថលេខា​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​។

គួរ​ជម្រាប​ថា នេះ​គឺ​ជា​ការ​ធ្វើ​វិសោធនកម្ម​លើក​ទី​២​ហើយ​សម្រាប់​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ។ ហើយ​ក្រុម​សង្គម​ស៊ីវិលបាន​កត់​សម្គាល់​ឃើញ​ថា ការ​ធ្វើ​វិសោធនកម្ម​លើក​ទី​២​នេះ គំរាម​កំហែង​ធ្ងន់ធ្ងរ​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដូច​មាន​ចែង​ក្នុង​មាត្រា​១ និង​មាត្រា​៥១​នៃ​រដ្ឋធម្មនុញ្ញ​ និង​​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​។ នេះ​បើ​តាម​ក្រុម​សង្គម​ស៊ីវិល​។

បើ​ធៀប​ទៅ​នឹង​ការ​ធ្វើ​វិសោធនកម្ម​លើក​ទី​១ សង្គម​ស៊ីវិល​សរុប​១៩​ស្ថាប័ន កត់​សម្គាល់​​ថា វិសោធនកម្ម​លើក​ទី​២​នេះ បាន​ពង្រីក​អំណាច​របស់​រដ្ឋាភិបាលច្រើន​បន្ថែម​ទៀត ក្នុង​ការ​រំលាយ​គណបក្ស​ណាមួយ​យ៉ាង​មាន​ប្រសិទ្ធភាព​ ប្រសិន​បើ​រដ្ឋាភិបាលមាន​មូលដ្ឋាន​ណាមួយ​ដើម្បី​វិនិច្ឆ័យ​តាម​បែប​មិន​ច្បាស់​លាស់​និង​អត្តនោម័ត​។

សម្រាប់​ក្រុមស​ង្គម​ស៊ីវិល ច្បាប់​ស្ដី​ពី​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​នេះ គឺ​ជា​ច្បាប់ចុង​ក្រោយ​បង្អស់​ក្នុង​ចំណោម​ច្បាប់​ជា​ច្រើន​ផ្សេង​ទៀត​ដែល​មាន​លក្ខណៈ​រឹត​ត្បិត​មិន​សម​ហេតុផល​ទៅ​លើ​សិទ្ធិ​សេរីភាព​ខាង​សមាគម និង​សេរីភាព​ខាង​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ​។ ការ​ចូល​ជាធរមាន​នៃ​ច្បាប់​ និង​ការ​អនុវត្ត​ច្បាប់​នេះ ត្រូវ​បាន​សង្គម​ស៊ីវិល​ចាត់​ទុក​ថា ​ជះ​ឥទ្ធិពល​មិន​ល្អ​យូរ​អង្វែង​លើ​គណបក្ស​នយោបាយ​។ ក្រុម​សង្គម​ស៊ីវិល​ដដែល​ជឿ​ថា ការ​អនុវត្ត​វិសោធនកម្ម​ច្បាប់​ថ្មី​នេះ នឹង​បង្កើត​ឲ្យមាន​មន្ទិល​សង្ស័យ​ច្រើន អំពី​ភាព​សេរី យុត្តិធម៌ និង​ត្រឹម​ត្រូវ នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី​៦ នៅ​ឆ្នាំ​២០១៨​ខាង​មុខ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI