កម្ពុជា-រដ្ឋសភា

អ្នក​នាំ​ពាក្យ​រដ្ឋសភា៖ សមាជិក​សភា និង​គ.ជ.ប​ថ្មី​នឹង​ត្រូវ​ប្រកាស​សុពលភាព​នៅ​ដើម​ខែ​ក្រោយ

លោក ឡេង ប៉េងឡុង អ្នក​នាំ​ពាក្យ​រដ្ឋសភា
លោក ឡេង ប៉េងឡុង អ្នក​នាំ​ពាក្យ​រដ្ឋសភា @freshnews

លោក​ឡេង ប៉េងឡុង អ្នក​នាំ​ពាក្យ​រដ្ឋសភា​ខ្មែរ បាន​បង្ហើប​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​នេះ​ថា សមាជិក​សភា​ថ្មី​ដែល​កើត​ចេញ​ពី​ការ​បែង​ចែក​អាសនៈ​អតីត​បក្ស​សង្រ្គោះ​ជាតិ និង​សមាជិក​គ.ជ.ប​ថ្មី​ចំនួន​បី​រូប​ទៀត នឹង​ត្រូវ​រដ្ឋសភា​ប្រកាស​សុពលភាព​ឲ្យ​ចូល​ធ្វើ​ការងារ​នៅ​ដើម​ខែ​ក្រោយ​នេះ។ ការ​បញ្ជាក់​នេះ គឺ​បន្ទាប់​ពី​គ.ជ.ប បាន​បញ្ចប់​ការ​បែង​ចែក​អាសនៈ​អតីត​បក្ស​សង្រ្គោះ​ជាតិ​និង​បាន​បញ្ជូន​ភ្លាម​ទៅ​កាន់​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ផ្សាយពាណិជ្ជកម្ម

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប)​បាន​បញ្ចប់​ការ​បែង​ចែក​អាសនៈ​របស់​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ត្រូវ​រំលាយ​ទៅ​ឲ្យ​គណបក្ស​មិន​ជាប់​ឆ្នោត​ទាំង​៦​គណបក្ស​រួច​ហើយ ដោយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ទទួល​បាន​៤១​អាសនៈ គណបក្ស​សញ្ជាតិ​កម្ពុជា​ទទួល​បាន ២​អាសនៈ គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ១​អាសនៈ គណបក្ស​ខ្មែរ​ឈប់​ក្រ ៥​អាសនៈ និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​បាន​៦​អាសនៈ។ ចំណែក​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វិញ មិន​ទទួល​បាន​អាសនៈ​ទេ​ដោយ​សារ​តែ​ទទួល​បាន​សំឡេង​គាំទ្រ​តិច​ពេក​កាល​ពី​បោះ​ឆ្នោត​ឆ្នាំ​២០១៣។

បន្ទាប់​ពី​បែង​ចែក​អាសនៈ​ទាំង​នេះ​រួច គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប)​ក៏​បាន​បញ្ជូន​បញ្ចី​អាសនៈ​ថ្មី​នេះ​ទៅ​កាន់​រដ្ឋសភា​ភ្លាមៗ​តែ​ម្តង ដើម្បី​ឲ្យ​អនុវត្ត​ទៅ​តាម​នីតិវិធី​បន្ត។ ប៉ុន្តែ​សម្រាប់​បញ្ជី​ថ្មី​នេះ គឺ​មិន​ទាន់​គ្រប់​ចំនួន​ទាំង​៥៥​កៅអី​នៅ​ឡើយ​ទេ ដោយ​សារ​តែ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ដែល​ទទួល​បាន​៦​អាសនៈ​ និង​គណបក្ស​ខ្មែរ​ឈប់​ក្រ ដែល​ទទួល​បាន​៥​អាសនៈ បដិសេធ​មិន​ទទួល​យក។ ដូច្នេះ គឺ​នៅ​សល់​កៅអី​ទំនេរ​ចំនួន​១១ ទៀត​ដែល​ត្រូវ​គ.ជ.ប​ធ្វើ​ការ​បែង​ចែក​ជា​លើក​ទី​ពីរ។ ទោះ​បី​មិន​ទាន់​រៀប​រយ​១០០​ភាគ​រយ ប៉ុន្តែ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ត្រូវ​តែ​បញ្ជូន​បញ្ជី​ថ្មី​នេះ​ទៅ​រដ្ឋសភា ដើម្បី​ឲ្យ​ស្រប​តាម​ពេល​កំណត់​នៃ​ការ​បែង​ចែក​អាសនៈ​ដែល​កម្រិត​ដោយ​ច្បាប់​ថ្មី​ស្តី​ការ​ជ្រើស​រើស​តំណាង​រាស្រ្ត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​សោម សូរីដា ។ លោក​សោម សូរីដា ដែល​ជា​អគ្គលេខាធិការ​រង​គ.ជ.ប បាន​អះ​អាង​ទៀត​ថា នៅ​ជំហាន​បន្ទាប់ គ.ជ.ប នឹង​ធ្វើ​ការ​បែង​ចែក​អាសនៈ​ដែល​នៅ​សល់​ចំនួន​១១​កៅអី​ទៅ​ឲ្យ​គណបក្ស​ដែល​ព្រម​ទទួល​យក។

បើ​ទោះ​បី​បញ្ជី​ឈ្មោះ​សមាជិក​សភា​បឋម​នេះ បាន​បញ្ជូន​ទៅ​ដល់​រដ្ឋសភា​ទៅ​ហើយ​ក៏​ដោយ ប៉ុន្តែ​លោក​ឡេង ប៉េងឡុង អ្នក​នាំ​ពាក្យ​រដ្ឋសភា​បាន​គូស​បញ្ជាក់​ថា សភា​កំពុង​តែ​ពិចារណា​ទទួល​យក​បញ្ជី​ឈ្មោះ​បឋម​នេះ​មក​ពិនិត្យ ឫ​ក៏​រង់​ចាំ​បញ្ជី​ចុង​ក្រោយ​ដែល​មាន​គ្រប់​កៅអី​តែ​ម្តង។ នេះ ដោយ​សារ​តែ​លោក​អះអាង​ថា គ.ជ.ប នឹង​បញ្ជូន​បញ្ជី​ឈ្មោះ​សមាជិក​សភា​ថ្មី​ទាំង​អស់​មក​កាន់​រដ្ឋសភា​មិន​ឲ្យ​ផុត​ថ្ងៃ​ទី​១​ធ្នូ ខែ​ក្រោយ​នេះ​ឡើ​យ។ បើ​តាម​លោក​ឡេង ប៉េងឡុង បន្ទាប់​ពី​នោះ រដ្ឋសភា​នឹង​រៀប​ចំ​ទទួល និង​ប្រកាស​សុពលភាព​សមាជិក​សភា​ថ្មី ហើយ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ រដ្ឋសភា​ក៏​នឹង​សម្រេច​ជ្រើស​រើស​សមាជិក​គ.ជ.ប​ថ្មី​ចំនួន​បី​នាក់ ដើម្បី​ជំនួស​សមាជិក​កូតា​បក្ស​ប្រឆាំង​ដែល​បាន​លា​លែង​ពី​តំណែង។ លោក​ឡេង ប៉េងឡុង បាន​បង្ហាញ​ឲ្យ​ដឹង​ថា សមាជិក​គ.ជ.ប​ថ្មី នឹង​ជ្រើស​រើស​ចេញ​ពី​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា តែ​មិន​មែន​គណបក្ស​ក្នុង​រដ្ឋាភិបាល​ឡើយ។

យ៉ាង​ណា​ក៏​ដោយ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន កាល​ពី​ពុធ បាន​បញ្ចេញ​យោបល់​ជា​សាធារណៈ​ជុំវិញ​សមាសភាព​ថ្មី​របស់​គ.ជ.ប​ដោយ​បញ្ជាក់​ថា តំណែង​អនុប្រធាន​នៃ​ស្ថាប័ន​នេះ គួរ​តែ​ឲ្យ​ទៅ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ហើយ​សមាជិក គួរ​តែ​ឲ្យ​ទៅ​គណបក្ស​សញ្ជាតិ​កម្ពុជា។ ចំណែក​សមាជិក​មួយ​រូប​ទៀត លោក​នាយក​រដ្ឋមន្រ្តី​ចង់​យក​ចេញ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI