កម្ពុជា-សង្គម

​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា​អំពាវ​នាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស​ហូប​សាច់​ជ្រូក​វិញ​

ជាថ្មី​ម្ដង​ទៀត សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា​បាន​អំពាវ​នាវ​ឲ្យ​ប្រជាពល​រដ្ឋ​ធ្វើ​ការ​បរិភោគ​សាច់​ជ្រូក​ឡើង​វិញ តាម​រយៈ​ការ​យល់​ដឹង​អំពី​ព័ត៌មាន​នៃ​សាច់​ជ្រូក​ច្បាស់​លាស់​។ ការ​លើក​ឡើង​របស់​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា​ដូច្នេះ គឺ​បន្ទាប់​ពី​ប្រជាពលរដ្ឋ​ខ្មែរ បាន​នាំ​គ្នា​ផ្អាក​បរិភោគ​សាច់​ជ្រូក អស់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍​មក​ហើយ ដោយ​សារ​តែ​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ 

សាច់ជ្រូកសម្រាប់បរិភោគជាទូទៅ
សាច់ជ្រូកសម្រាប់បរិភោគជាទូទៅ @Internet
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​មាន​ការ​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក តាម​ខេត្ត​ចំនួន​៥ ក្នុង​ប្រទេស​កម្ពុជា​រួច​មក ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស បាន​បង្ហាញ​ពី​ភាព​ខ្លាច​រអា​ក្នុង​ការ​បរិភោគ​សាច់​ជ្រូក បើ​ទោះ​ណា​ជា​ក្រសួង​កសិកម្ម បាន​ប្រកាស​ហើយ​ថា មេរោគ​នៃ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ មិន​ឆ្លង​មក​មនុស្ស​ទេ។

ការ​ឈប់ ឬ កាត់​បន្ថយ​បរិភោគ​សាច់​ជ្រូក បាន​កើត​មាន​ជា​ច្រើន​សប្តាហ៍​មក​ហើយ ជា​ហេតុ​ធ្វើ​ឲ្យ​ការ​លក់​សាច់​ជ្រូក នៅ​តាម​ទីផ្សារ​មាន​ការ​ថយ​ចុះ​យ៉ាង​ខ្លាំង​។ ប្រឈម​ទៅ​នឹង​បញ្ហា​នេះ លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា​បាន​ធ្វើ​ការ​អំពាវ​នាវ​ឲ្យ​ប្រជា​ពលរដ្ឋ មាន​ទំនុក​ចិត្ត លើ​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​កសិកម្ម ក៏​ដូចជា​ក្រសួង​សុខាភិបាល ដែល​បាន​បញ្ជាក់​ថា ជំងឺ​ប៉េស្ត​ជ្រូក​គឺ​មិន​អាច​ឆ្លង​ទៅ​កាន់​មនុស្ស​នោះ​ទេ​។

លោក ស្រ៊ុន ពៅ បន្ត​ទៀត​ថា គ្រប់​ជ្រូក​ដែល​នាំ​ចូល​មក គឺ​មាន​ការ​បញ្ជាក់​ពី​ពេទ្យ​សត្វ​រួច​ហើយ មុន​នឹង​ទៅ​ដល់​ទីសត្ត​ឃាត ឬ​កុង​ស៊ី​កាប់​ជ្រូក​។ ម្យ៉ាង​ទៀត សត្វ​ជ្រូក​ដែល​បាន​សម្លាប់​ដើម្បី​បំរើ​ដល់​ការ​លក់​នៅ​លើ​ទីផ្សារ គឺ​ត្រូវ​បាន​អូស​ត្រា​ពី​ជំនាញ ដើម្បី​បញ្ជាក់​ថា សាច់​ជ្រូក​នោះ​គឺ​គ្មាន​ផ្ទុក​មេរោគ ឬ​ជំងឺ​ទេ។

នៅ​ក្នុង​ពិធី​ពិនិត្យ​ការ​ដ្ឋាន​សាង​សង់​ពហុ​កីឡ​ដ្ឋាន​ជាតិ «មរតកតេជោ»នា​ថ្ងៃ​ចន្ទ​នេះ​ដែរ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក៏​បាន​ធ្វើ​ការ​អំពាវ​នាវ​ដល់​ប្រជាពល​រដ្ឋ​ទូទាំង​ប្រទេស ឲ្យ​នាំ​គ្នា​បរិភោគ​សាច់​ជ្រូក​ឡើង​វិញ​ដូច​គ្នា ខណៈ​ពេល​នេះ ជា​រដូវ​កាល​បិទ​នេសាទ ដែល​ជម្រុញ​ឲ្យ​សាច់​គោ​ឡើង​ថ្លៃ​នៅ​លើ​ទីផ្សារ​។

សូម​បញ្ជាក់​ថា មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ព្រៃ​វែង កាល​ពី​ពេលថ្មីៗ​នេះ ក៏​បាន​រៀប​ចំ​ពិធី​ទទួល​ទាន​សាច់​ជ្រូក​សាមគ្គី​មួយ​ក្រោម​ប្រធាន​បទ «បរិភោគ​សាច់​ជ្រូក ដើម្បី​ក្ដី​សង្ឃឹម​ដល់​អ្នក​ចិញ្ចឹម​ជ្រូក និង​យើង​ទាំង​អស់​គ្នា» ដែល​ពិធី​នោះ​ក៏​មាន​ការ​ចូល​រួម​ពី លោក ជា សុមេធី អភិបាល​ខេត្ត​ព្រៃវែង​ផង​ដែរ​។

ទោះ​យ៉ាង​ណា សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា សង្ឃឹម​ថា ប្រជាពលរដ្ឋ​ទាំង​អស់​អាច​ចូល​រួម​ធ្វើ​ឲ្យ​ស្ថាន​ភាព​នេះ​ប្រសើរ​ឡើង​វិញ ដោយ​ត្រូវ​ជ្រើស​រើស​សាច់​ជ្រូក ដែល​មាន​ប្រភព​ច្បាស់​លាស់ ចោល​កាក​សំណល់​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ និង​ចៀស​វាង​ការ​ចែក​ចាយ​ព័ត៌មាន ដែល​មិន​ពិត​ទៅ​កាន់​សាធារណ​ជន​។

គួរ​រំឭក​ដែរ​ថា ជំងឺ​ប៉េស្ត​ជ្រូក​បាន​ផ្ទុះ​ក្នុង​ខេត្ត​ចំនួន​៥​នៃ​ប្រទេស​កម្ពុជា ដែល​មាន​ដូច​ជា ខេត្ត​រតន​គិរី ត្បូង​ឃ្មុំ ស្វាយ​រៀង តា​កែវ និង​ខេត្ត​កណ្ដាល ហើយ​បាន​សម្លាប់​ជ្រូក​អស់​ជិត​៣ពាន់​ក្បាល​រួច​មក​ហើយ​៕

អត្ថបទដោយ៖ ងួន វឌ្ឍនៈបណ្ឌិត

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI