អានតួអត្ថបទ
កម្ពុជា

អតីត​អ្នកកាសែត​វិទ្យុអាស៊ី​សេរី​​​២នាក់ ​​ត្រូវ​បាន​តុលាការ​ដោះលែងឲ្យ​នៅ​​ក្រៅ​ឃុំ​​​បណ្តោះអាសន្ន​

​លោក​អ៊ួន ឈិន និង លោក​យាង សុជាមេត្តា អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី
​លោក​អ៊ួន ឈិន និង លោក​យាង សុជាមេត្តា អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី @សហការី
ដោយ៖ ញឹម សុផល
1 នាទី

អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី​ពីរ​រូប​គឺ​លោក ​អ៊ួ​ន ឈិន ​និង​លោក ​យាង សុធារិន ​ត្រូវ​បាន​តុលាការ​សម្រេច​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ​នៅ​ថ្ងៃ​អង្គារ​នេះ​ហើយ​។ ​នេះ​បើតាម​មន្ត្រី​តុលាការ​ថ្លែង​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​មួយ​ចំនួន​។ ​ការ​ដោះលែង​អតីត​អ្នកកាសែត​ទាំង​ពីរ​បាន​ធ្វើ​ឡើង ​១​ថ្ងៃ​បន្ទាប់​ពី​តុលាការ​ សម្រេច​ដោះលែង​អ្នក​ស្រី ​ទេព វ​ន្នី ​សកម្មជន​ដីធ្លី​បឹង​កក់​។

ផ្សាយពាណិជ្ជកម្ម

លោក ​អ៊ួ​ន ឈិន ​និង​លោក ​យាង សុធារិន ​ហៅ ​យាង សុជា​មេត្តា ​ត្រូវ​បាន​តុលាការ​សម្រេច​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​នៅ​ថ្ងៃ​នេះ​។ ​អ្នក​ទាំងពីរ​ ត្រូវបាន​អាជ្ញាធរ​ខ័​ណ្ឌ​មានជ័យ ​ចាប់ខ្លួន​ និង​រឹបអូស​សម្ភារៈ​ប្រើប្រាស់​ទាំង​អស់ ​កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ ​២០១៧​ នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​មួយ ​ស្ថិត​នៅ​ក្បែរ​ស្ពាន​អាកាស​ស្ទឹង​មានជ័យ ​ក្រុង​ភ្នំពេញ​។ ​ការ​ឃាត់​ខ្លួន​នេះ ​ធ្វើឡើង​បន្ទាប់​ពី​ការ​រិ​យា​ល័យ​វិទ្យុ​អាស៊ី​សេរី ​នៅ​ទី​ក្រុង​ភ្នំពេញ​បាន​បង្ខំ​ចិត្ត​បិទ​ទ្វារ​ផ្អាក​ប្រតិបត្តិការ​របស់​ខ្លួន​កាល​ពី​ដើម​ខែ​កញ្ញា​ឆ្នាំ​ទៅ​។

អ្នក​ទាំង​ពីរ​ ត្រូវ​ តុលាការ ​ធ្វើការ​ចោទ​ប្រកាន់​តាម​មាត្រា​៤៤៥ ​នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា ​ពី​បទ ប្រគល់​ឲ្យ​រដ្ឋ​បរទេស ​នូវ​ព័ត៌មាន​ជា​អាទិ៍ ​ដែល​នាំ​ឲ្យ​អន្ដរាយ​ដល់​ការ​ការពារ​ជាតិ ​ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា ​កាល​ពី​អំឡុង ​ឆ្នាំ​២០១៧ ​និង​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ ​ដែល​រហូត​មក​ដល់​ពេលនេះ ​មាន​រយៈពេល​ជាង​៨​ខែ​។

ដោយ​ឡែក ​តុលាការ​ក៏​បាន​ចោទ​ប្រកាន់​ផង​ដែរ​ទៅលើ​លោក ​អ៊ួ​ន ឈិន ​មួយ​ករណី​ទៀត​ពីបទ​ផលិត​វីដេអូ​អាស​អាភាស​។ ​ក៏​ប៉ុន្តែ​មេធាវី​ការពារ​ក្តី ​ឲ្យ​អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ីសេរី ​ទាំងពីរ​គឺ​លោក ​កែវ វ៉ា​នី្ន ​តែង​បដិសេធ​ថា​កូន​ក្តី​របស់​លោក​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ​។ ​ទោះយ៉ាងណា ​កន្លង​មក ​តុលាការ ​បាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​ពី​ការ​សុំ​នៅក្រៅ​ឃុំ ​ដែល​ស្នើ​ដោយ​មេធាវី​អ្នក​ទាំង​ពីរ ​កន្លង​មក ​ខណៈ​ដែល​អង្គការ​អន្តរជាតិ​មួយ​ចំនួន​បាន​សម្តែង​នូវ​ប្រតិកម្ម​សុំ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​អតីត​អ្នក​កាសែត​ទាំងពីរ​ដោយ​ឥត​លក្ខ​ខណ្ឌ​។

ជា​ការ​កត់​សម្គាល់ ​ការ​សម្រេច​ដោះលែង​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ទាំង​ពីរ​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន ​ត្រូវ​បាន​ធ្វើ​ឡើង ​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ​បន្ទាប់​ពី​ការ​ដោះលែង​អ្នកស្រី​ទេព វ​ន្នី​។ ​អ្នក​តាមដាន​នយោបាយ​កម្ពុជា​មើលឃើញ​ថា ​កាយវិការ​នេះ​ជា​ការ​សម្រាល​ស្ថានការណ៍​នយោបាយ​មួយ ​បន្ទាប់​ពី​មាន​ការ​បោះឆ្នោត ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ដាច់១២៥​អាសនៈ​រដ្ឋសភា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ