កម្ពុជា

លីកាដូ៖ របប​ទាសភាព​ថ្មី​ក្នុងសម័យ​បច្ចុប្បន្នកំពុង​រីកដុះដាល​នៅក្នុង​ឧស្សាហកម្ម​ផលិត​ឥដ្ឋ​នៅ​កម្ពុជា

របបទាសភាពថ្មីក្នុងសម័យបច្ចុប្បន្ន កំពុងរីកដុះដាលនៅក្នុងឧស្សាហកម្មផលិតឥដ្ឋនៅកម្ពុជា
របបទាសភាពថ្មីក្នុងសម័យបច្ចុប្បន្ន កំពុងរីកដុះដាលនៅក្នុងឧស្សាហកម្មផលិតឥដ្ឋនៅកម្ពុជា

អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស លីកាដូ (Licadho) បាន​ចេញ​ផ្សាយ​របាយការណ៍​ថ្មី​មួយ ស្តីពី “ការ​អភិវឌ្ឍ​លើ​ទាសភាព៖ ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល និង​ពលកម្ម​កុមារ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​នៅ​កម្ពុជា”។ ជា​របាយការណ៍​ដែល​បាន​បង្ហាញ​ពី​ភ័ស្តុតាង​ជា​ច្រើន នៃ​រប​បទាសភាព​ថ្មី​ក្នុង​សម័យ​បច្ចុប្បន្ន ដែល​កំពុង​រីក​ដុះដាល​នៅ​ក្នុង​ឧស្សាហកម្ម​ផលិត​ឥដ្ឋ​នៅ​កម្ពុជា។ របាយការណ៍​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​បំណុល​របស់​កម្មករ​ទាំង​នោះ តែ​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​មិន​មាន​គម្រោង​ដូច្នេះ​ទេ។

ផ្សាយពាណិជ្ជកម្ម

 

ការ​បញ្ចាំ​ខ្លួន​ដោះបំណុល និង​ពលកម្ម​កុមារ គឺជា​ប្រភេទ​ការងារ​ខុសច្បាប់។ នោះ​បើ​យោង​តាម​ច្បាប់​របស់​កម្ពុ​ជា និង​សន្ធិសញ្ញា​អន្តរជាតិ​ជាច្រើន​ទៀត ដែល​កម្ពុជា​ជា​រដ្ឋ​ភាគី ប៉ុន្តែ​របប​ទាសភាព​ថ្មី​ក្នុងសម័យ​បច្ចុប្បន្ននេះ កំពុងតែ​រីកដុះដាល​នៅក្នុង​ឧស្សាហកម្ម​ផលិត​ឥដ្ឋ​នៅ​កម្ពុជា។ នេះ​បើ​យោងតាម​របាយការណ៍​លើក​ទី១ស្តីពី “ការអភិវឌ្ឍ​លើ​ទាសភាព៖ ការ​បញ្ចាំ​ខ្លួន​ដោះបំណុល និង​ពលកម្ម​កុមារ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​នៅ​កម្ពុជា” ដែល​ចេញផ្សាយ​ដោយ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិមនុស្ស លីកាដូ (Licadho) នៅ​ថ្ងៃទី២ធ្នូ​ឆ្នាំ២០១៦នេះ។ របាយការណ៍​ដែលមាន​កម្រាស់​ជាង២០ទំព័រ​នេះ​បាន​លើកឡើងថា ការ​បញ្ចាំ​ខ្លួន​ដោះ បំណុល គឺជា​មធ្យោបាយ​ដែល​ត្រូវបាន​ប្រើប្រាស់​ជាទូទៅ​ដោយ​ម្ចាស់​សិប្បកម្ម ដើម្បី​ទទួល បាន​នូវ​កម្លាំង​ពលកម្ម​រយៈពេល​យូរ មានតម្លៃ​ថោក និង​ចេះ​ស្តាប់បង្គាប់។

របាយការណ៍ ដែល​បាន​ធ្វើឡើង​ដោយ​ផ្អែកលើ​ការស្រាវជ្រាវ​នៅតាម​សិប្បកម្ម​ផលិត​ឥដ្ឋ ១១កន្លែង ដែល​ស្ថិតនៅ​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្ត​ត្បូងឃ្មុំ ទៅលើ​កម្មករ​ជាង៥០នាក់​បាន​បង្ហាញថា ពួកគេ​ភាគច្រើន​បាន​ជំពាក់​ប្រាក់​ម្ចាស់​សិប្បកម្ម​ផលិត​ឥដ្ឋ​ទាប​បំផុត​ក៏១០០០ដុល្លារ ទៅ៦០០០ដុល្លារ​ដែរ។ ហើយ​មូល​ហេតុដែល​នាំ​ឲ្យ​ពួកគេ​ធ្លាក់ខ្លួន​ជំពាក់​បំណុល គឺ​ផ្តើមចេញពី​បញ្ហា​មួយចំនួន​ដូចជា ការឈឺ​ស្កាត់​នៅក្នុង​គ្រួសារ ឬ​ទិន្នផល​ដំណាំ​មិនល្អ​ជាដើម។ ហើយ​ប្រាក់កម្ចី​ដំបូង​មាន​ចំនួន​តិច​ទេតែ​រយៈពេល​កាន់តែយូរៗទៅ ប្រាក់​បំណុល​កាន់តែ​កើនឡើង។ របាយការណ៍​នេះ បាន​រកឃើញ​ទៀតថា គ្រួសារ​មួយចំនួន​ត្រូវ​ធ្វើការ​ដើម្បី​សងបំណុល​គេ​អស់៣ជំនាន់​មកហើយ។ របាយការណ៍​លើក​ទី៤ ដែលមាន​កម្រាស់​ជាង២០ទំព័រ​នេះ ក៏បាន​បង្ហាញ​ពី​លក្ខខណ្ឌ​ការងារ​ដែល​ប្រកបដោយ​ភាពគ្រោះថ្នាក់​នៅក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​និង​កង្វះខាត​អនាម័យ នៃ​ការ​រស់នៅក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​ផង ដែរ ពិសេស​គឺ​ពលកម្ម​លើ​កុមារ។

យ៉ាងណាក៏ដោយ របាយការណ៍​នេះ បាន​ទទូច​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ចាត់វិធានការ​ ដើម្បី​ដោះលែង​កម្មករ​បញ្ចាំ​ខ្លួន​ដោះបំណុល​ទាំងអស់​ដោយ​ការចេញ​បទបញ្ជា​ជាបន្ទាន់ ក្នុងការ​លុបចោល​បំណុល​ដែលមាន​រវាង​ម្ចាស់​សិប្បកម្ម​ផលិត​ឥដ្ឋ និង​កម្មករ​បញ្ចាំ​ខ្លួន​ដោះបំណុល​នេះ។ របាយការណ៍​នេះ​ក៏បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​បរទេស​ដើម្បី​ធានាថា វិនិយោគ​គិ​ន​បរទេស​បានដឹង​ពី​មធ្យោបាយ​ក្នុងការ​បញ្ចាំ​ខ្លួន​ដើម្បី​ដោះបំណុល និង​ពលកម្ម​កុមារ​ក្នុង​ឧស្សាហកម្ម​សំណង់​កម្ពុជា​ផងដែរ។

កញ្ញា ណាប់ សុ​ម៉ាលី មន្ត្រីជាន់ខ្ពស់​ផ្នែក​ឃ្លាំមើល​ការរំលោភ​សិ​ទិ្ធ​ស្ត្រី និង​កុមារ​នៃ​អង្គការ លីកាដូ បាន​លើកឡើងថា បើ​មិនមាន​ការអន្តរាគមន៍​បន្ទាន់​ពី​រដ្ឋាភិបាល​ទេ របប​ទេសភាព​ថ្មី​មួយ​នៅក្នុង​សម័យ​បច្ចុប្បន្ន នឹង​រីកដុះដាល​កាន់តែខ្លាំង​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ឡឥដ្ឋ​កម្ពុជា​នេះ។ ប៉ុន្តែ​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​បាន​លើកឡើងថា រដ្ឋាភិបាល​មិនមាន​គម្រោង​សងបំណុល​ជំនួស​នោះទេ តែ​បាន​លើកទឹកចិត្ត​ឲ្យ​ថៅកែរ ឬ​ម្ចាស់​សហគ្រាស​ទាំងនោះ ពន្យា​ពេល​ក្នុងការ​ទារបំណុល។

សូមបញ្ជាក់ថា ការចេញផ្សាយ​របាយការណ៍​លើក​ទី១ស្តីពី “ការអភិវឌ្ឍ​លើ​ទាសភាព៖ ការ​បញ្ចាំ​ខ្លួន​ដោះបំណុល និង​ពលកម្ម​កុមារ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​នៅ​កម្ពុជា”នេះ គឺ​ចំ​ពេល​ដែល​​កម្ពុជា​ប្រារព្ធ​ទិវា​អន្តរជាតិ​លុបបំបាត់​អំពើ​ទាសភាព​ពិភពលោក ថ្ងៃទី២ ធ្នូ ឆ្នាំ​២០១៦​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI