កម្ពុជា

លីកាដូ៖ ការ​ប្រើ​ប្រាស់​កម្លាំង​កុមារ​កំពុង​រីក​រាល​ដាល​នៅ​ក្នុង​ឧស្សាហកម្ម​ឡ​ឥដ្ឋ

លីកាដូ៖ ការ​ប្រើ​ប្រាស់​កម្លាំង​កុមារ​កំពុង​រីករាល​ដាល​នៅ​ក្នុង​ឧស្សាហកម្ម​ឡ​ឥដ្ឋ
លីកាដូ៖ ការ​ប្រើ​ប្រាស់​កម្លាំង​កុមារ​កំពុង​រីករាល​ដាល​នៅ​ក្នុង​ឧស្សាហកម្ម​ឡ​ឥដ្ឋ @ LICADHO
ដោយ៖ អេង គីមហុង
១៦ នាទី

នៅ​ថ្ងៃ​ទី​១២​មិថុនា​នេះ គឺ​ជា​ទិវា​ពិភព​លោក​ប្រឆាំង​ពលកម្ម​កុមារ។ តែ​ដោយ​ឡែក​ចំពោះ​បញ្ហា​កុមារ​នៅ​កម្ពុជា ការ​ប្រើ​ប្រាស់​កម្លាំង​ពួក​គេ​កំពុង​រីក​រាល​ដាល​នៅ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​មួយ​ចំនួន។ ហើយ​កុមារ​ទាំង​នោះ​ងាយ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់។ នេះ​គឺ​ជា​ការ​មើល​ឃើញ​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ។ ប្រឈម​បញ្ហា​នេះ​លីដូ​ស្នើ​ដល់​រដ្ឋាភិបាល​ចូល​រួម​ដោះ​ស្រាយ។

ផ្សាយពាណិជ្ជកម្ម

កម្មករ​ឡ​ឥដ្ឋ ពិសេស​កុមារ​បាន​បញ្ចាំ​ខ្លួន​ដោះ​បំណុល​នៅ​តាម​សិប្បកម្ម​ផលិត​ឥដ្ឋ​នានា​នៅ​ទូទាំង​ប្រទេស។ ការ​បញ្ចាំ​ខ្លួន​នេះ ធ្វើ​ឲ្យ​គ្រួសារ​ពួក​គេ​ក្លាយ​ជា​កម្មករ​ជា​ច្រើន​ជំនាន់​ហើយ​ប្រឈម​នឹង​ការ​ជិះ​ជាន់​ឥត​ឈប់​ឈរ។ នេះ​បើ​ផ្អែក​តាម​របាយការណ៍​របស់​លីកាដូ​ចេញ​ផ្សាយ​កាល​ពី​ចុង​ឆ្នាំ​២០១៦ តែ​ត្រូវ​បាន​រម្លឹក​ឡើង​វិញ​ចំ​ថ្ងៃ​ទី​១២​មិថុនា​ទិវា​ពិភព​លោក​ប្រឆាំង​ពលកម្ម​កុមារ។

លីកាដូ​កត់​សម្គាល់​ថា ការ​បញ្ចាំ​ខ្លួន​របស់​កុមារ អ្នក​ដែល​ទទួល​បាន​ប្រយោជន៍​គឺ​ម្ចាស់​សិប្បកម្ម​ព្រោះ​ចំណេញ​លើ​ថ្លៃ​ពលកម្ម​ទាប។ ​ពួក​គេ​អូស​ទាញ​កុមារ និង​មនុស្ស​ពេញ​វ័យ​តាម​រយៈ​មធ្យោបាយ ​ ការ​ផ្តល់​ប្រាក់​កម្ចី​ និង​ការ​ផ្តល់​កន្លែង​ស្នាក់​នៅ​ដល់​គ្រួសារ​ទី​ទាល់​ក្រ​។​ ហើយ​បាន​ធានា​ផ្ដល់​ប្រាក់​កម្ចី​ដោយ​ការ​សន្យា​ចំពោះ​កម្មករ​ថា​ ពួក​គេ​ត្រូវ​ធ្វើ​ការ​ក្នុង​សិប្បកម្ម​រហូត​ដល់​ប្រាក់​កម្ចី​នោះ​ត្រូវ​បាន​ទូទាត់​សង​គ្រប់​ចំនួន​វិញ។

តែ​ផ្ទុយ​ទៅ​វិញ ប្រាក់​កម្ចី​ដំបូង​មាន​ចំនួន​តិច​ទេ​គឺ​ត្រឹម​តែ​២០០​ទៅ​៣០០​ដុល្លារ​តែ​ប៉ុណ្ណោះ។​ ប៉ុន្តែ​រយៈ​ពេល​កាន់​តែ​យូរៗ​ទៅ ​ប្រាក់​បំណុល​កាន់​តែ​កើន​ឡើង​ រហូត​ដល់​១០០០​ដុល្លារ​ ទៅ​៦០០០​ដុល្លារ​ ជា​ចំនួន​ទឹក​ប្រាក់​មួយ​ដែល​អ្នក​ទាំង​នោះ​មិន​អាច​មាន​លទ្ធភាព​សង​អស់​ឡើយ​។ នេះ​បើ​តាម​លីកាដូ។

ប្រឈម​បញ្ហា​នេះ​លីកាដូ ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចាត់​វិធានការ​ជា​បន្ទាន់ ដើម្បី​ដោះ​លែង​កម្មករ បញ្ចាំ​ខ្លួន ដោះ​បំណុល​ទាំង​អស់ ដោយ​ការ​ចេញ​បទ​បញ្ជា ជា​បន្ទាន់​ក្នុង​ការ​លុប​ចោល​បំណុល ដែល​មាន​រវាង​ម្ចាស់ សិប្បកម្ម​ផលិត​ឥដ្ឋ និង​កម្មករ​បញ្ចាំ​ខ្លួន ។

សូម​បញ្ជាក់​ថា របាយការណ៍​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ការ​សិក្សា​ស្រាវជ្រាវ​លើ​តំបន់​ផលិត​ឥដ្ឋ​សំខាន់ៗ​នៅ​កម្ពុជា​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​រាជធានី​ភ្នំពេញ​ ។ ​ទីតាំង​ចំនួន​១១​កន្លែង​ត្រូវ​បាន​រក​ឃើញ​ថា​ មាន​សិប្បកម្ម​ផលិត​ឥដ្ឋ​ជាង​១០០​ និង​មាន​កម្មករ​រាប់​ពាន់​នាក់។

ដោយ​ឡែក លោក ស្រី ជូ ប៊ុនអេង អនុប្រធាន​អចិន្ត្រៃយ៍​របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ បាន​គូស​បញ្ជាក់​ត្រឡប់​ទៅ​វិញ​ថា ពលកម្ម​កុមារ​នៅ​តាម​ឧស្សាហកម្ម​ឡ​ឥដ្ឋ​គឺ​មាន​ភាព​ធូរ​ស្រាល។ ធូរ​ស្រាល​ដោយ​សារ​ថា នៅ​ពេល​ដែល​ឃើញ​រូប​នៃ​ការ​ជិះ​ជាន់​ពលកម្ម​កុមារ​កម្លាំង​ជំនាញ​ចុះ​ទៅ​ទប់​ស្កាត់​ភ្លាមៗ។

លោក​ស្រី បន្ថែម​ថា យើង​មិន​អាច​ទប់​ស្កាត់​មិន​ឲ្យ​កុមារ​រួម​ចំណែក​ជួយ​ដោះ​ស្រាយ​បញ្ហា​ជីវភាព​ជាមួយ​ឪពុក​ម្តាយ​បាន​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ត្រូវ​ការពារ​កុមារ​នោះ​តាម​រយៈ​សិទ្ធិ​ជា​មូលដ្ឋាន​គឺ​ផ្ដល់​ការ​សិក្សា និង​ការ​ការពារ​ជា​ដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI