លីកាដូទទូចឲ្យចាត់វិធានការឲ្យបានឆាប់រហ័ស ក្រោយពីទារកម្នាក់ដែលរស់នៅជាមួយម្ដាយក្នុងពន្ធនាគារបានស្លាប់
ចុះផ្សាយនៅថ្ងៃ៖
អង្គការការពារសិទ្ធិមនុស្សលីកាដូ នៅថ្ងៃទី ១៨ ខែកុម្ភៈនេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយទទូចឲ្យអាជ្ញាធររដ្ឋាភិបាលកម្ពុជាពន្លឿនការបើកសវនាការលើស្ត្រីដែលត្រូវបានឃុំខ្លួនក្នុងពន្ធនាគារបណ្ដោះអាសន្ន ដើម្បីរង់ចាំបើកសវនាការ។ សំណូមពរនេះ បានធ្វើឡើង ក្រោយពីមានទារកម្នាក់អាយុ៥ខែ ដែលរស់នៅជាមួយម្តាយនៅក្នុងពន្ធនាគារព្រៃសរ ដើម្បីរងចាំការកាត់ទោសបានស្លាប់កាលពីខែមុន។ សម្រាប់លីកាដូ មរណភាពរបស់ទារកនេះ បានបង្ហាញពីតម្រូវការចាំបាច់សម្រាប់អាជ្ញាធរក្នុងការផ្ដល់អាទិភាព សិទ្ធិនៅក្រៅឃុំបណ្ដោះអាសន្ន សម្រាប់ស្ត្រី ដែលមានកូនតូចនៅជាមួយ។
ទារកម្នាក់អាយុ៥ខែ ដែលរស់នៅជាមួយម្ដាយនៅក្នុងមណ្ឌលអប់រំកែប្រែទី២ ឬ ពន្ធនាគារព្រៃសរ បានស្លាប់បាត់បង់ជីវិត កាលពីថ្ងៃអាទិត្យ ទី២៦ ខែមករា កន្លងទៅ នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ។ ទារកដែលមានឈ្មោះតំណាងទេវីរូបនេះ បានស្លាប់ដោយសារតែជំងឺរលាកសួត និងកង្វះអាហាររូបត្ថម្ភ។ ប៉ុន្តែមុនមានជំងឺរលាកសួតនេះ ទារកដែលមានអាយុទើបតែ៥ខែនេះ មានរបួសបាក់ឆ្អឹងភ្លៅជាទំងន់ ដែលបើតាមសេចក្តីថ្លែងការណ៍របស់លីកាដូ មិនដឹងថា មានឧបតិហេតុអ្វីកើតឡើងចំពោះទារិកានេះឡើយ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូ។
សេចក្តីថ្លែងការណ៍ចុះថ្ងៃទី ១៨ កុម្ភៈ បានរំលឹកថា ស្រ្តីដែលជាម្ដាយរបស់ទារករងគ្រោះនេះ ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារព្រៃសរជាបណ្ដោះអាសន្ន កាលពីពាក់កណ្ដាលឆ្នាំ២០១៩ ដើម្បីរង់ចាំសវនាការ បន្ទាប់ពីស្ត្រីរូបនេះ បានរងការចោទប្រកាន់ពីអាជ្ញាធរថា បានកាន់កាប់កញ្ចប់ថ្នាំញៀនប្រភេទមេតាហ្វេតាមីន ដែលមានតម្លៃត្រឹមតែមួយម៉ឺនរៀល ឬ ២.៥ដុល្លារ។ អ្នកស្រីមិនត្រូវបានផ្ដល់មេធាវីការពារក្ដីទេ ហើយក៏មិនបានដឹងពីសិទ្ធិ ក្នុងការស្នើសុំនៅក្រៅឃុំផងដែរ។ នេះបើតាមសេចក្តីថ្លែងការណ៍ដដែល។ យ៉ាងណាក៏ដោយ តាមរយៈករណីខាងលើនេះ អង្គការសិទ្ធិមនុស្សលីកាដូ បានអំពាវនាវដោយទទូចឲ្យអាជ្ញាធរ និងភាគីពាក់ព័ន្ធ ចាត់វិធានការស៊ើបអង្កេតករណីស្លាប់ទារកនេះ ព្រមទាំងពន្លឿនការបើកសវនាការលើស្ត្រីដែលត្រូវបានឃុំខ្លួនក្នុងពន្ធនាគារបណ្ដោះអាសន្នឲ្យបានឆាប់រហ័ស ដើម្បីធានាថា ករណីបែបនេះ នឹងមិនកើតមានឡើងម្ដងទៀតឡើយ។
បើតាមលីកាដូ បច្ចុប្បន្ននេះ មានកុមារចំនួន១០៣នាក់ និងស្រ្តីមានផ្ទៃពោះចំនួន៤៣នាក់ កំពុងជាប់ឃុំក្នុងពន្ធនាគារចំនួន១៨ ដែលអង្គការលីកាដូបានធ្វើការឃ្លាំមើល ហើយតួលេខនេះកើនឡើងស្ទើរតែ២ដង គិតចាប់តាំងពីថ្ងៃទី ០១ ខែមករា ឆ្នាំ២០១៧មក។ ថ្ងៃទី ០១ ខែមករា ឆ្នាំ២០១៧ គឺជាពេលដែលមាន “យុទ្ធនាការបង្ក្រាបគ្រឿងញៀន” នៅទូទាំងប្រទេស។
គួរជំរាបជូនដែរថា ទាក់ទងនឹងស្ត្រីដែលមានផ្ទៃពោះ និងស្ត្រីដែលមានកូនតូចនៅក្នុងពន្ធនាគារនេះ ក៏ត្រូវបានប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន កាលពីខែកុម្ភៈ ឆ្នាំ២០១៥ បានអំពាវនាវឲ្យមានការបង្កើតគណៈកម្មាធិការមួយ ដើម្បីផ្ដល់ការលើកលែងទោសដល់ស្រ្តីមានផ្ទៃពោះ និងស្រ្តីជាប់ពន្ធនាគារដែលមានកូនតូចនៅជាមួយដែរ។ បន្ថែមលើនេះ កាលពីថ្ងៃទី ១៧ កុម្ភៈ នេះ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវជាថ្មីម្ដងទៀត ឲ្យភាគីពាក់ព័ន្ធចាត់វិធានការរឿងនេះជាបន្ទាន់។ បើតាមលោកនាយករដ្ឋមន្ត្រី ប្រសិនបើសាលសវនាការមិនគ្រប់ តុលាការអាចជួលសណ្ឋាគារដើម្បីបើកសវនាការជំនុំជម្រះក្ដីផង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ