ជំនាញភាសាវិទ្យា នរវិទ្យា និង ប្រវត្តិសាស្រ្ត នឹងត្រូវបើកបង្រៀនបន្ថែមទៀតនៅក្នុងពេលឆាប់ៗនេះ!
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ជំនាញផ្នែកភាសាវិទ្យា នរវិទ្យា និងប្រវត្តិសាស្ត្រ កម្រិតឧត្តមសិក្សា នឹងត្រូវបើកបង្រៀននិងស្រាវជ្រាវ បន្ថែមទៀត នៅក្នុងពេលឆាប់ៗខាងមុខនេះ! ការបើកកម្មវិធីបណ្តុះបណ្តាលនិងសិក្សាស្រាវជ្រាវនេះ គឺស្ថិតក្រោមគម្រោងជំនួយរបស់សហគមន៍អឺរ៉ុប សហការជាមួយក្រសួងអប់រំកម្ពុជា។ ការបើកបង្រៀននិងស្រាវជ្រាវ ទៅលើផ្នែកភាសានិងមនុស្សសាស្ត្រ គឺស្របពេលដែលកម្ពុជា កំពុងខ្វះធនធានមនុស្ស ដែលចេះដឹងច្បាស់លាស់ចំពោះជំនាញទាំងអស់នេះ។
ជំនាញផ្នែកភាសា នរវិទ្យា និង ប្រវត្តិសាស្ត្រវិទ្យា នេះ គឺនឹងមានការស្រាវជ្រាវនិងបង្រៀនបន្ថែមទៀត នៅគ្រឹះស្ថានឧត្តមសិក្សាចំនួន៣ គឺនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ, សកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងនៅវិទ្យាស្ថានជាតិអប់រំកម្ពុជា។
នៅក្នុងឱកាសពិធីចុះអនុស្សារណៈ ភាពជាដៃគូក្នុងក្របខណ្ឌគម្រោងសហគមន៍អឺរ៉ុប កាលពីសប្តាហ៍មុន នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ, លោក សាមីឌី ស៊ីវឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ បានលើកឡើងថា គម្រោងពង្រឹងការស្រាវជ្រាវ លើវិស័យភាសាវិទ្យា នរវិទ្យា និងប្រវត្តិសាស្រ្ត គឺស្របពេលដែលនិស្សិតភាគច្រើន ពុំសូវចាប់អារម្មណ៍រៀនជំនាញទាំងនេះ ហើយ ស្រុកខ្មែរ ក៏ខ្វះខាតអ្នកជំនាញផ្នែកទាំងអស់នេះដែរ ក្នុងការបណ្តុះបណ្តាល បន្តដល់និស្សិតជំនាន់ក្រោយ។
ចំណែកបណ្ឌិត ថាច់ ដេត អ្នកសម្របសម្រួលគម្រោង INALCO វិទ្យាស្ថានជាតិភាសានិងអារ្យធម៌ នៅរដ្ឋាធានីប៉ារីស៍ បានឱ្យដឹង ក្នុងឱកាសពិធីចុះអនុស្សារណៈ នោះដែរថា គម្រោងនេះកំពុងដំណើរការ រួមមាន ទាំងការរៀបចំគម្រោង និងរចនាសម្ព័ន្ធនៃការស្រាវជ្រាវ ដែលផ្តោតសំខាន់លើវិស័យបីនេះ។ ការស្រាវជ្រាវនេះ អាចនឹងឈានដល់ការបង្កើត ស្ថាប័នអន្តរសកលវិទ្យាល័យនៅក្នុងកម្ពុជា បន្ទាប់ពីរកឃើញធនធាន និងតម្រូវការរបស់កម្ពុជា។
បើតាមលោក ថាច់ ដេត ដដែល កម្ពុជាគឺជាប្រទេសដែលកំពុងអភិវឌ្ឍន៍! ដូច្នេះ តម្រូវការធនធានមនុស្សដែលមានជំនាញច្បាស់លាស់ គឺជាការចំាបាច់សម្រាប់ការអភិវឌ្ឍប្រទេសឲ្យ រីកចម្រើនដូចបណ្តាប្រទេសអភិវឌ្ឍន៍មួយចំនួននៅលើលោក។
គួរបញ្ជាក់ថា គម្រោងសិក្សាស្រាវជ្រាវនិងបណ្តុះបណ្តាលនេះ គឺស្ថិតក្នុងក្រោមជំនួយរបស់សហគមន៍អឺរ៉ុប ដែលគ្រោងនឹងចំណាយលុយប្រមាណជាង១លានអឺរ៉ូ និងដែលមានរយៈពេលបីឆ្នាំ ចាប់ពីឆ្នាំនេះ ដល់ចុងឆ្នាំ២០១៩៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ