អានតួអត្ថបទ
កម្ពុជា

សមាគម​​អ្នក​និពន្ធ​​ខ្មែរ​៖​វិស័យ​​អក្សរ​សិ​ល្ប៍បាន​​ធ្លាក់​​ឥទ្ធិពល​​យ៉ាង​ខ្លាំង​​នៅ​ក្នុង​​សតវត្ស​​ទី​២១​​នេះ​

​សៀវភៅ​​​នៅ​ក្នុង​បណ្ណាគារ​​មួយ​ក្នុង​ក្រុង​ភ្នំពេញ​
​សៀវភៅ​​​នៅ​ក្នុង​បណ្ណាគារ​​មួយ​ក្នុង​ក្រុង​ភ្នំពេញ​ RFI-សុគន្ធា
ដោយ៖ វណ្ណ សុគន្ធា
១៥ នាទី

នៅ​ថ្ងៃអាទិត្យ​នេះ សមាគម​អ្នកនិពន្ធ​ខ្មែរ​បានរៀបចំ​មហាសន្និបាត​អាណត្តិ​ទី១០របស់ខ្លួន​ពេញ​មួយថ្ងៃ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ។ នៅក្នុង​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​រយៈពេល៩ឆ្នាំ​និង​ទិសដៅ​បន្ត​របស់​គណៈកម្មាធិកា​រ​កណ្តាល​របស់ខ្លួន​ដែល​បង្ហាញ​នៅថ្ងៃនេះ សមាគម​អ្នកនិពន្ធ​ខ្មែរ​បានកត់សម្គាល់​ឃើញ​ថា នៅក្នុង​សតវត្ស​ទី២១នេះ វិស័យ​អក្សរ​សិ​ល្ប៍បាន​ធ្លាក់ចុះ​ឥទ្ធិពល​របស់ខ្លួន​យ៉ាងខ្លាំង។

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​របាយការណ៍រ​បស់​ខ្លួន សមាគម​អ្នកនិពន្ធ​ខ្មែរ​បានលើកឡើង​ដូច្នេះ​ថា សតវត្ស​ទី២១នេះ គឺជា​សតវត្ស​នៃ​បច្ចេកទេស​វិទ្យាសាស្ត្រ។ ដូច្នេះ​ទំនើបកម្ម​សង្គម​ដែល​កើតឡើង​ដោយសារតែ​ភាព​រីកចម្រើន​វិស័យ​ព័ត៌មានវិទ្យា បានធ្វើ​ឲ្យ​សិល្បៈ​ដែលជា​ទម្រង់​មួយ​នៃ​វប្បធម៌​ហើយ​ដែលជា​មធ្យោបាយ​ទាញអារម្មណ៍​មហាជន​យ៉ាងសំខាន់​ក្នុងការ​អាច​នាំទៅរក​ផ្លូវ​ល្អ​ឫ​អាក្រក់​នោះ បាន​ធ្លាក់​ចុះថមថយ​ឥទ្ធិពល​របស់ខ្លួន​យ៉ាងខ្លាំង និង​ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើន​ទៀតផង​ដែរ។ និយាយ​ជាក់ស្តែង​ទៅ គឺ​វិស័យ​អក្សរ​សិ​ល្ប៍តែម្តង។

សមាគម​អ្នកនិពន្ធ​ខ្មែរ​បាន​កត់សម្គាល់ថា កាលពីមុន​ស្នាដៃ​អក្ស​សិ​ល្ប៍ ជាពិសេស​អក្ស​សិ​ល្ប៍ក្នុង​ក្រុមធំៗ បាន​ដើរតួនាទី​យ៉ាងសកម្ម​នៅក្នុង​សង្គម ក៏ប៉ុន្តែ​បច្ចុប្បន្ន​នៅសល់តែ​ស្នាដៃ​អក្សរ​សិ​ល្ប៍​ផ្នែក​ប្រលោមលោក​ប៉ុណ្ណោះ​ដែលមាន​អ្នកនិពន្ធ​តិចតួច​បាន​និពន្ធ​ឡើង និង​មាន​អ្នក​និយម​អាន​សៀវភៅ​ប្រលោមលោក​កាន់តែ​តិចទៅ។ ចំណែកឯ​ទីផ្សារ​ភាពយន្ត គឺ​ស្ទើរតែ​គ្មាន​សោះតែ​ម្តង និង​មាន​ក្នុង​បរិមាណ​តិចតួច​ការ​តែង​និពន្ធ​រឿង​សម្រាប់​យកទៅ​សម្តែង​ល្ងោ​ន​វិទ្យុ និង​ទូរទស្សន៍។

ក្រៅពីនេះ សមាគម​អ្នកនិពន្ធ​ខ្មែរ​ក៏​មិន​ភ្លេច​លើកឡើង​ផងដែរ​អំពី​ទំនុកច្រៀង។ ទំនុកច្រៀង​ដែលជា​ផ្នែក​មួយ​នៃ​ស្នាដៃ​អក្សរ​សិ​ល្ប៍។ បើតាម​សមាគម​អ្នកនិពន្ធ​ខ្មែរ ដោយសារតែ​ការរីកចម្រើន​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន និង​មានការ​លួ​ចម្លង​យ៉ាង​ភ្លូកទឹកភ្លូកដី​នូវ​ទំនុកច្រៀង និង​បទ​ភ្លេងបរទេស​យ៉ាង​បំពាន​លើ​ច្បាប់​កម្មសិទ្ធិ​បញ្ហា​នោះ វា​ធ្វើ​ឲ្យ​ស្ថានភាព​វិជ្ជាជីវៈ​របស់​អ្នកនិពន្ធ​ធ្លាក់ចុះ និង​ធ្វើ​ឲ្យ​អ្នកនិពន្ធ​មិនអាច​បំពេញ​តួនាទី​ភារកិច្ច​ជា​អ្នក​អក្សរ​សិ​ល្បិ៍​បាន​ពិតប្រាកដ។

ជាការ​កត់សម្គាល់ ជាមួយនឹង​ការលើកឡើង​ដូចនេះ សមាគម​អ្នកនិពន្ធ​ខ្មែរ​មិនបាន​ផ្តល់នូវ​វិធានការ​ការពារ និង​ទប់ស្កាត់​ចំពោះ​បញ្ហា​អសកម្ម​ទាំងអស់​នេះឡើយ។ សូមបញ្ជាក់ថា សមាគម​អ្នកនិពន្ធ​ខ្មែរ គឺជា​សមាគម​មួយ​តំណាង​ឲ្យ​កវីនិពន្ធ អ្នកនិពន្ធ ដែល​បាន​បំពេញ​សិទ្ធិ​ជា​សមាជិកសមាគម​អ្នកនិពន្ធ​ខ្មែរ។ ទិសដៅសំខាន់ៗរបស់​សមាគម​នេះ មាន មាន​ជាអាទិ៍ ប្រមូលផ្តុំ​អ្នកនិពន្ធ​បង្កើត​ឲ្យ​មាន​ចំណងមិត្តភាព និង​ឧបត្ថម្ភគ្នា​ទៅវិញទៅមក ។ ម្យ៉ាងវិញទៀត ជួយ​ធ្វើ​ឲ្យ​សមាជិក​មានចំណេះដឹង និង​បំពេញ​វិជ្ជាជីវៈ​ខ្លួន​ឲ្យ​បាន​កាន់តែ​ខ្ពស់​ឡើង និង​ធ្វើ​ឲ្យ​មាន​ទំនាក់ទំនង​ល្អជា​មួយ​អ្នកនិពន្ធ​បរទេស​ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ