ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កម្ពុជា​សម្រេច​គោលដៅ​អក្ខរកម្ម​តែ​មាន​ភាព​មន្ទិល​ ពី​ការ​កំណត់​និយម​ន័យ​អក្ខរជន

សំឡេង ០៤:៥៤
កម្ពុជា​សម្រេច​គោល​ដៅ​អក្ខរកម្ម​ តែ​មាន​ភាព​មន្ទិល​ ពី​ការ​កំណត់​និយម​ន័យ​អក្ខរជន
កម្ពុជា​សម្រេច​គោល​ដៅ​អក្ខរកម្ម​ តែ​មាន​ភាព​មន្ទិល​ ពី​ការ​កំណត់​និយម​ន័យ​អក្ខរជន @Yim Mary

ទិវា​អក្ខរកម្មជាតិ​ និង​អន្តរជាតិ​នឹង​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​ ៨ ខែ​កញ្ញា​នេះ។ បើ​និយាយ​ពី​ពាក្យ​អក្ខរកម្ម មាន​សំណួរ​ជា​ច្រើន​ហ៊ុំព័ទ្ធ​ប្រទេស​កម្ពុជា​ជុំវិញ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​បរិមាណ​នៃ​អ្នក​មិន​ចេះ​អក្សរ ដោយ​មាន​ការ​កំណត់ គោលដៅ ជាមួយ​នឹង​សកម្មភាព​ជាក់​ស្តែង បែប​ស្រពិច​ស្រពិល​នៅ​ឡើយ។ ជា​ការ​ពិត​អក្ខរកម្ម គឺ​ជា​កូន​សោ​សម្រាប់​បើក​ទ្វារ​ឲ្យ​រួច​ចាក​ផុត​ពី​ភាព​ល្ងង់​ខ្លៅ ក្រីក្រ និង​រស់នៅ​ក្នុង​ជីវិត​កាន់​តែ​ប្រសើរ​ជាង​មុន។

ផ្សាយពាណិជ្ជកម្ម

ខណៈ​ពេល​ដែល​សេដ្ឋកិច្ច​កម្ពុជា​កំពុង​ត្រូវ​ការ​ធនធាន​មនុស្ស​ប្រកប​ដោយ​ចំណេះដឹង ចំណេះ​ធ្វើ អក្ខរកម្ម​បាន​ក្លាយ​ជា​សមាសភាគ​មួយ ក្នុង​ចំណោម​សមាសភាគ​សំខាន់​ៗ​នៃ​បំណិន​ជីវិត ដែល​នាំ​ឲ្យ​មនុស្ស​គ្រប់​រូប​ចាំបាច់​ត្រូវ​តែ​មាន​យ៉ាងហោច​ណាស់​នូវ​ចំណេះ​អក្ខរកម្ម។ អនក្ខរភាព​ជា​សត្រូវ​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស។

កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ប្រទេស​កម្ពុជា​បាន​ធ្វើ​ការ​ប្តេជា្ញចិត្ត ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ឲ្យ​បាន​ច្រើន​បំផុត​នូវ​ផែនការ​អក្ខរភាព​ឲ្យ​បាន​ជាង​៨០​ភាគរយ នៅ​ក្នុង​ចំណោម​មនុស្ស​ពេញ​វ័យ។ ក្រសួង​អប់រំ​ជាតិ​កម្ពុជា​កាល​ពី​ឆ្នាំ​ទៅ បាន​បង្ហាញ​ពី​កំណើន​នៃ​អត្រាអក្ខរកម្ម ក៏​ប៉ុន្តែ​កម្ពុជា​ក៏​បាន​បន្សល់​ទុក​នូវ​អនក្ខរជន​ពេញ​វ័យ​អាយុ​ ១៥​ឆ្នាំ​ឡើង​សរុប​ប្រមាណ​ជាង​ ២លាន១សែន​នាក់​ផង​ដែរ ក្នុង​នោះ​ស្រី​ជាង​ ១លាន៤សែននាក់ គឺ​ស្មើ​នឹង​៦៨,៤៤ភាគរយ ដែល​តួលេខ​នេះ​ គឺ​ជា​បញ្ហា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​សម្រាប់​ការ​ធ្វើ​ឲ្យ​សម្រេច​ការ​អប់រំ​សម្រាប់​ទាំងអស់​គ្នា​នៅ​ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ។

បើទោះណា​ជា​រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួង​អប់រំ បាន​បង្ហាញ​ពី​មោទនភាព​នៃ​ការ​ប្រឹងប្រែង​ក្នុង​ការ​កាត់​បន្ថយ និង​លុប​បំបាត់​គ្រោះ​អនក្ខរភាព​នៅ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាងណា​ក៏​ដោយ ក៏​ប៉ុន្តែ​និយម​ន័យ​នៃ​ពាក្យ «អក្ខរកម្ម»នៅតែ​មាន​ស្ថិត​ក្នុង​ភាព​មន្ទិល​នៅ​ឡើយ​រវាង​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​ពាក់​ព័ន្ធ​នានា។

ជាទូទៅ​ពាក្យ​ថា អក្ខរជន ឬ​អ្នក​ចេះ​អក្សរ​ត្រូវ​បាន​រដ្ឋ​កំណត់​ចាប់​ពី​អ្នក​ ដែល​ចេះ រាប់​អក្សរ និង​ចេះ​សរសេរ​ឈ្មោះ​ខ្លួន​ឯង​ឡើង​ទៅ។ ក៏​ប៉ុន្តែ​ការ​កំណត់​នេះ ផ្ទុយ​ពី​ការ​យល់​ឃើញ​របស់​អង្គការ​សង្គម​ស៊ីវិល​នានា ដែល​ធ្វើ​ការ​ជុំវិញ​ការ​ជួយ​លើក​កម្ពស់​វិស័យ​អប់រំ​នេះ។ អង្គការ​ក្រៅ​រដ្ឋាភិបាល ក៏​ដូចជា​ការ​ឲ្យ​និយម​ន័យ​ជា​សកល​បាន​កំណត់​ថា «អក្ខរជន ឬ​អ្នក​ចេះ​អក្សរ» ​គឺ​សំដៅ​ទៅ​លើ​បុគ្គល ដែល​ចេះ​អាន ចេះ​សរសេរ ហើយ​យល់​ន័យ​ទៀត​ផង។

តាម​រយៈ​ការ​កំណត់​នេះ បង្ហាញ​ថា​ចំនួន​អនក្ខរជន​កម្ពុជា​នៅ​មាន​បរិមាណ​ច្រើន​នៅ​ឡើយ។ ជា​ការ​ពិត ផែនការ​យុទ្ធសាស្ត្រ ឯកសារ​គោល​នយោបាយ កម្ពុជា​ពិត​ជា​មាន​គ្រប់គ្រាន់។ ដោយឡែក​ផែនការ​សកម្មភាព ហាក់​ដូចជា​មិន​ទាន់​ឆ្លើយ​តប​ទេ ដោយ​បញ្ហា​នេះ​ចាំបាច់​ត្រូវ​មាន​ធនធាន​ច្បាស់​លាស់ និង​គ្រប់​គ្រាន់។ ជាក់ស្តែង​វិស័យ​អក្ខរកម្ម​នេះ​ត្រូវ​គេ​សម្គាល់​ឃើញ​ថា បាន​ពឹង​ផ្អែក​ស្ទើរ​ទាំងស្រុងទៅ​លើ​អង្គការ​ក្រៅ​រដ្ឋាភិបាល ក្នុង​នោះ​ក៏​មាន​ការ​ចូលរួម​ពី​ទីភ្នាក់ងារ​អប់រំ​របស់​អង្គការ សហប្រជាជាតិដែរ គឺ​អង្គការ UNISEF។

មាន​កត្តា​មួយ​ចំនួន ដែល​បង្ហាញ​ពី​ភាព​មិន​ច្បាស់​លាស់ និង​ចោទ​ជា​បញ្ហា​នៅ​ឡើយ​ជុំវិញ​អក្ខរកម្ម​នៅ​ប្រទេស​កម្ពុជា​ក្នុង​នោះ​គឺ ទី១. ប្រព័ន្ធ​ដំណើរការ​ដូច​ជា​ភ្លៀង​រលឹម​មិន​ដើរ។ ទី២. យន្តការ​ជម្រុញ​ការងារ​អក្ខរកម្ម​នៅ​មាន​ភាព​រកេត​រកូត មិន​មាន​ធនធាន​គ្រប់គ្រាន់ ផ្អែក​តែ​ទៅ​លើ​អ្នក​ស្ម័គ្រចិត្ត​ពេក និង​គ្មាន​យន្តការ​ត្រួត​ពិនិត្យ​ជា​ប្រចាំ។ ទី៣. ការ​បង្រៀន​ជា​ពិសេស​ដល់​មនុស្ស​ចាស់ នៅ​មិន​ទាន់​មាន​គរុកោសល្យ​ច្បាស់​លាស់ និង​ទី​៤.សមី​ខ្លួន ខ្លួន​ឯង​ដែល​ជា​អនក្ខរជន​យល់​ថា​ជា​ការ​ហួស​ពេល ឬ​ក៏​គិត​ថា​ការ​ចេះ​អក្សរ​បន្តិច​បន្តួច​មិន​មាន​ប្រយោជន៍​អ្វី​ដល់​ពួក​គាត់។

ផ្ទុយ​ទៅ​វិញ ការ​គិត​ចុង​ក្រោយ​នេះ​ពិត​ជា​អវិជ្ជមាន​ណាស់។ ការ​ពិត​វា​មិន​ដូច្នោះ​ទេ ការ​ចេះ​អាន​ គឺ​អាច​កែ​ប្រែ​ស្ថានភាព​ពី​«ខ្វាក់​មក​ភ្លឺ» ព្រម​ទាំង​មាន​ប្រយោជន៍​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​អ្នក​ដទៃ។

គេ​នៅ​ចាំ​បាន​ថា​កាល​ពី​ទសវត្ស​ឆ្នាំ​៨០ និង​៩០ ចលនា​អក្ខរកម្ម​មាន​សភាព​រស់​រវើក ដោយសារ តែ​ពេល​នោះ​ស្ថានភាព​សង្គម ដែល​ទើប​តែ​រួច​ផុត​ពី​ក្រញាំ​វាល​ពិឃាត មនុស្ស​មាន​ឆន្ទៈ​ជួយ​គ្នា​ដោយ​សុទ្ធចិត្ត។ ពោល​គឺ​ពលរដ្ឋ​ខ្មែរ​ ដែល​មិន​ចេះ​អក្សរ​មិន​សូវ​ជា​មាន​ការ​គិត​គូរ​ច្រើន​លើ​បញ្ហា​ជីវភាព​ប៉ុន្មាន​ទេ។ ក៏​ប៉ុន្តែ​ស្ថានភាព​សង្គម សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ រួម​ទាំង​កំណើន​ប្រជាសាស្ត្រ​បច្ចុប្បន្ន​មាន​លក្ខណៈ​ខុស​គ្នា​ឆ្ងាយ​ពី​លើក​មុន។

ដូច្នេះ​ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​សម្រេច​ជោគជ័យ​លើ​ករណី​អក្ខរកម្ម​នេះ គេ​គប្បី​ដំណើរ​ការ​លើ​ផែនការ​សកម្មភាព​ ដែល​រៀបចំ​ដោយ​ក្រសួង​អប់រំ ប្រកប​ដោយ​ភាព​ជាក់​លាក់ ព្រម​ទាំង​ចូលរួម​សកម្មភាព​នេះ​ទាំង​អស់​គ្នា​ដោយ ធ្វើ​ដូច​ភ្លៀង​រលឹម ត្រូវ​មាន​ធនធាន​មនុស្ស​ និង​ធនធាន​ហិរញ្ញវត្ថុ​គ្រប់​គ្រាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI