ទស្សនៈព្រឹត្តិការណ៍ខ្មែរ

វិញ្ញា​សារ​​ថ្មី ដើម្បី​​លុប​បំបាត់​​ការ​យល់​ច្រឡំ​​ថា ​គ្រឹះ​ស្ថាន​​ធនាគារ និង​​ហិរញ្ញ​វត្ថុជា​​របស់​​រដ្ឋ

សំឡេង ០៦:១៣
លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីខ្មែរ។
លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីខ្មែរ។ @Facebook

រាជរដ្ឋាភិបាល​កម្ពុជា ទើបតែ​សង្កេតឃើញថា ពលរដ្ឋ​មូលដ្ឋាន​ភាគច្រើន​យល់ថា មន្ត្រី​-​បុគ្គ​លិក​​របស់​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ គឺជា មន្ត្រី-បុគ្គលិក​រដ្ឋ។ ការភាន់ច្រឡំ​នេះ បាន​ក្លាយជា​ក្តីបារម្ភ​មួយ ដែល​រាជរដ្ឋាភិបាល​យល់ថា អាច​បណ្តាល​ឲ្យ​មាន​ហានិភ័យ​ជា​ប្រព័ន្ធ​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជនផ្សេងៗទៀត ខណៈ​មានការ​ឃោសនា​ភូតភរ​បំភាន់​ក្នុងន័យ​នយោបាយ​កើត​មាននៅ​មូលដ្ឋាន។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​បើក​យុទ្ធនាការ​ទូទាំងប្រទេស រយៈពេល ១ឆ្នាំ ដើម្បី​ផល​ការពារ​ប្រយោជន៍​របស់​ពលរដ្ឋ និង​មិន​ឲ្យ​រាជរដ្ឋាភិបាល​ទទួលថ្មបាក់ តាមរយៈ​ការផ្សព្វផ្សាយ និង​ចាត់វិធានការ​អប់រំ​ពល​រដ្ឋ​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​នៅ​កម្ពុជា ជា​របស់​ឯកជន មិនមែនជា​របស់​រដ្ឋ។ ចំណាត់ការ​នេះ គ្រាន់តែ​ជា ចំណុច​ផ្តើម​ប៉ុណ្ណោះ តែ​ប្រសិទ្ធភាព ឬ​វិបាក​យ៉ាងណា គេ​មិនត្រូវ​មើលរំលង មូលហេតុ និង​ដំណោះស្រាយ ដែល​ឆ្លើយតប​តម្រូវការ​ពិតប្រាកដ​របស់​ពលរដ្ឋ​ឡើយ។

ផ្សាយពាណិជ្ជកម្ម

បើ​គ្មានអ្វី​ប្រែប្រួល​ទេ សារ​អប់​រំជា​អក្សរ សំលេង រូបភាព ឬ​វីដេអូ នឹងត្រូវ​ផ្សព្វ​ផ្សាយ ពេញ​មួយឆ្នាំ នៅ​គ្រប់​ស្ថានីយ៍​វិទ្យុ ទូរទស្សន៍ កាសែត និង​គេហទំព័រ ដើម្បី​​ឲ្យ ប្រជាពលរដ្ឋ​ខ្មែរ ដឹង​ច្បាស់​ថា គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ គឺជា គ្រឹះស្ថាន​ហិរញ្ញវត្ថុ​របស់​ឯកជន​មួយរយ​ភាគរយ ហើយ​មិនមែនជា​របស់​រដ្ឋ​ឡើយ។ វិធានការ​បន្ទាន់​នេះ ត្រូវបាន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ឲ្យ​ក្រសួង​ក្រោម​ឱវាទ ផ្តើម​អនុវត្ត ចាប់ពី​ថ្ងៃទី២២ កុម្ភៈ ដើម្បី លុបបំបាត់​ការ​យល់ច្រលំ​ថា ការខ្ចីប្រាក់​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ មិនមែនជា​ការខ្ចីប្រាក់​ពី​រដ្ឋ​នោះ​ទេ ហើយ​ត្រូវតែ​សង​ត្រឡប់មកវិញ។

 

ការធ្វើ​កិច្ចការ​ថ្មី​នេះ គឺជា​ការដាក់​ប្រេងរំអិល​បន្ថែម​ទៅលើ សេចក្តីសម្រេច​រួម​ក្នុង សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃទី១៧ កុម្ភៈ ដែល​កាលនោះ ប្រមុខ​រាជរដ្ឋាភិបាល បានដាក់​បញ្ជា​ឲ្យ អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ចាប់ពី​ថ្នាក់ភូមិ ដល់​រាជធានី​ខេត្ត នគរបាល និង​កងរាជអាវុធហត្ថ ត្រូវ​ដកខ្លួន​ជាបន្ទាន់ ពី​ការ​ចូល​រួម​ធ្វើ​សកម្មភាព​ណាមួយ​ជាមួយ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឯកជន ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​យល់ច្រឡំ។ លោកនាយ​រដ្ឋមន្ត្រី ក៏បាន​បញ្ជា ឲ្យ​ក្រសួងពាណិជ្ជកម្ម ត្រូវ​ធ្វើការ​ជាបន្ទាន់​ជាមួយ ធនាគារ​អេស៊ីលីដា ផ្លាស់ប្តូរ​និមិត្តសញ្ញា​ពាណិជ្ជកម្ម​របស់ខ្លួន យ៉ាងយូរបំផុត ៣សប្តាហ៍ ចៀសវាង​ការយល់ច្រឡំ​របស់​ពល​រដ្ឋ។

យ៉ាងហោចណាស់​មាន ធនាគារ​អេស៊ីលីដា និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ត្រូវបាន​រដ្ឋាភិបាល​ប​ញ្ជា​ឲ្យ ផ្លាស់ប្តូរ ផ្លាកសញ្ញា​ឡូ​ហ្គូ​របស់ខ្លួន​យ៉ាង​ទាន់ហន់ ដើម្បី​លុបបំបាត់​ការយល់ច្រលំ​ថា គ្រឹះស្ថាន​ឯកជន​ពីរ​នេះ គឺជា របស់​រដ្ឋ។ រាជរដ្ឋាភិបាល​យល់ថា ធនាគារ​អេស៊ីលីដា ដែលមាន​សាខា ២៥៩កន្លែង​នៅក្នុង​ប្រទេស និង​មាន​ការិយាល័យ ៤៧ នៅក្រៅ​ប្រទេស បាន​ប្រើប្រាស់ រូប​ហង្ស ស្រដៀង​នឹង និមិត្តសញ្ញា​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ ចំណែក គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ដែលមាន​ការិយាល័យ​ស​រុ​ប ១៨១ នៅ​ទូទាំងប្រទេស​កម្ពុជា បាន​ប្រើប្រាស់ អក្សរ រ អាច​ច្រ​លំនឹង ធនាគារជាតិ​នៃ​កម្ពុជា។ ចំណាត់ការ​នេះ បាន​នាំ​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផ្សេងទៀត ភិតភ័យ​ក្នុងការ​រង់ចាំ​វេន ទទួល​លិខិតផ្លូវការ​ជាក់លាក់​ពី រាជរដ្ឋាភិបាល បញ្ជា​ឲ្យ​ផ្លាស់ប្តូរ​ផ្លាកសញ្ញា​ពាណិជ្ជកម្ម​របស់ខ្លួន​ជា​បន្តបន្ទាប់។ ព្រោះ​ក្រសួង​ពាណិជ្ជ​កម្ម​​កម្ពុជា ថ្ងៃទី២២ កុម្ភៈ បាន​ណែនាំ​ដល់ គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ទាំងអស់ ដែល​បាន​ប្រើប្រាស់ ម៉ាក​ពាណិជ្ជកម្ម​របស់ខ្លួន មាន​លក្ខណៈ​ស្រដៀង ធ្វើ​ឲ្យ​ភាន់ច្រឡំ​ទៅនឹង និមិត្តសញ្ញា របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឬ​ធនាគារ​ជាតិ​នៃ​កម្ពុជា ត្រូវធ្វើ​ការកែតម្រូវ ម៉ាក​ពាណិជ្ជកម្ម​នោះ ឲ្យ​បាន​មុន​ថ្ងៃទី១០ ខែមីនា ២០១៧។

តើ​នេះ​ជា ដំណោះស្រាយ​ដ៏​មាន​ប្រសិទ្ធភាព ដើម្បី​ការពារ​ផលប្រយោជន៍​ពិត​ប្រាកដ​របស់​ពលរ​ដ្ឋ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន ហើយ​ឬ​នៅ ? ដើម្បី​ឆ្លើយ​តប​​នឹង​សំណួរ​នេះ គេ​ត្រូវ​យល់ដឹង​ជាមុនសិន​ថា អ្វី​ជា​មូលហេតុ​នៃ​បញ្ហា​នេះ ? មាន​មូលហេតុ​មួយចំនួន ដែល​លើកឡើង​ដោយ រាជរដ្ឋាភិបាល​កម្ពុជា។  

មូលហេតុ​ទីមួយ ៖ ពលរដ្ឋ​ភាន់ច្រឡំ​ថា គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ជា​របស់​រដ្ឋ ដោយសារ មន្ត្រី ថ្នាក់មូលដ្ឋាន របស់​រដ្ឋ​ខ្លួនឯង។ ដូចជា ករណី​នៅ​ខេត្ត​កណ្តាល អ្នកភូមិ​ជាច្រើន​ដែល​រៀនសូត្រ​បាន​តិចតួច យល់ថា ធនាគារ​អេស៊ី​លីដា ជា​របស់​រដ្ឋ ដោយសារ មេភូមិ មេឃុំ ដែល​ពលរដ្ឋ ស្គាល់​ថា តំណាង​ឲ្យ​រដ្ឋ គឺជា​អ្នក​អន្តរាគមន៍ ឬ​ភ្នាក់ងារ​ហិរញ្ញវត្ថុ សម្របសម្រួល​ឲ្យ​មានការ​ខ្ចីបុល។

មូលហេតុ​ទី​ពីរ ៖ ទម្លាប់​ហៅ ឈ្មោះ ខ្លីៗ ជំនួស​ឲ្យ​ឈ្មោះ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​វែង​ពេក ឬ​ឈ្មោះ​បរទេស នាំ​ឲ្យ​យល់ច្រឡំ។ គឺ ពលរដ្ឋ​មាន​ទម្លាប់​និយាយថា ខ្ចី​លុយ​​អង្គការ ខ្ចីលុយ​រដ្ឋ ជំនួស​ឲ្យ​ការហៅ​ឈ្មោះ ពេញ​របស់ ធនាគារ​ឥណ​ទាន ទើប​ជាហេតុ​នាំ​ឲ្យ​មានការ​យល់ច្រឡំ។

មូលហេតុ​ទី​បី ៖ ទម្លាប់​ទទួលស្គាល់ និង​អនុញ្ញាតិ​ឲ្យ​ប្រើប្រាស់​សិន នូវ ឡូ​ហ្គូ​ពាណិជ្ជកម្ម របស់ អាជ្ញាធរ​រដ្ឋ ដែល​បង្ក​ឲ្យ​មាន​វិបាក​បច្ចុប្បន្ន។ គឺ រដ្ឋ​បាន ទទួល​ស្គាល់ និមិត្តសញ្ញា ពាណិជ្ជកម្ម​របស់ គ្រឹះស្ថាន​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន រួចមកហើយ​តាំងពី​ដំបូង តែ​បែរជា បដិសេធន៍​នៅ​រាប់សិប​ឆ្នាំក្រោយ​ទៅវិញ។

មូលហេតុ​ទី​បួន ៖ មានការ​ឃោស​នយោបាយ​ភូតភរ របស់​បក្សនយោបាយ​នៅ​មូលដ្ឋាន ដែល​ធានាថា “បើ​ខ្លួន​ឈ្នះឆ្នោត នឹង​លុបចោល​បំណុល​ធនាគារ​ទាំងអស់។  

ហេតុផល​ទាំងនេះ ទើប​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ផ្តើម​ដោះស្រាយ​វិបត្តិ ដោយ​ការបើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ពេញ​មួយឆ្នាំ ដើម្បី​បញ្ចប់​ការយល់ច្រលំ​របស់​ពល​រដ្ឋ។  

ការផ្ញើ​សារ ការដាក់​សំឡេង​រោទិ៍​ក្នុង​ទូរស័ព្ទដៃ និង​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​ប្រាប់​ពលរដ្ឋ​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​នៅ​កម្ពុជា ជា​របស់​ឯក​ជន​មិនមែនជា​របស់​រដ្ឋ​នោះទេ សូម​បងប្អូន​ប្រជាពលរដ្ឋ​កុំ​យល់ច្រឡំ  អាចជា​វិធីសាស្ត្រ​ល្អ​មែន តែ​គេ​មិនត្រូវ​ភេ្ល​ច​ទេ​ថា ពលរដ្ឋ​ដែល​យល់ច្រឡំ​ភាគច្រើន រស់នៅ​ជនបទ​ដាច់ស្រយាល មិនសូវ​ចេះអក្សរ និង​គ្មាន​ឧបករណ៍​ទទួល​សារ​គ្រប់គ្រាន់​ទេ។ បន្ថែម​លើ​ការដាក់​ស្លា​កថា «គ្រឹះស្ថាន​ឯកជន» នៅលើ​យីហោ​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ របស់ខ្លួន ការពង្រឹង​បុគ្គលិក​គ្រឹះស្ថាន ដើម្បី​អប់រំ ផ្តល់ព័ត៌មាន​ដល់ អតិថិជន របស់​ពួកគេ ក៏​នឹងមាន​ប្រសិទ្ធិ​ភាពល្អ​ស្រួល​វាស់វែង​ផងដែរ។  

ជាការ​ពិតណាស់ វិធានការណ៍​នេះ នឹង​សាង​ផលវិបាក​មិន​ចំនួន យ៉ាង​ប្រាកដ ព្រោះ​មាន​ផលប៉ះពាល់​តិចតួច​នៅឡើយ ជាមួយនឹង​ពាក្យ​ដែល​ពលរដ្ឋ យល់ថា ខ្លួន​ជំពាក់​លុយ​រដ្ឋ ខណៈដែល​ពលរដ្ឋ​ជាច្រើន យល់ច្បាស់​ថា ពួកគាត់​ជំពាក់​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ ឯកជន។ ចូរ​កុំភ្លេចថា ស្ថានភាព​នៃ​ការយល់​ខុស​របស់​ពលរដ្ឋ មិនមែន​សុទ្ធតែ​ដូចគ្នា​ទាំងអស់​នោះទេ។ ម្យ៉ាងទៀត ប្រសិនបើ​ស្ថាន​ភាព​​នេះ​នៅតែ​បន្ត កិច្ច​ខិត​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​លើក​នេះ នឹងត្រូវ​បាន​គេ​មើលឃើញថា គ្មាន​ភាពប្រាកដប្រជា។ មិន​ខុសពី ខឹង​គោ ទៅ​វាយ​រទេះ នោះទេ ចំពោះ ការសម្រេច​ឲ្យ គ្រឹះស្ថាន​ឯកជន ផ្លាស់ប្តូរ​និមិត្តសញ្ញា ដែល​ដំណើរការ​អាជីវកម្ម មិនតិចជាង ដប់ឆ្នាំ របស់ ធនាគារ​អេស៊ីលីដា និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុប្រាសាក់​ បាន​បង្ក​ឲ្យ​មានការ​ខាតបង់​ផ្នែក​សេដ្ឋកិច្ច ប្រមាណ​​ជាង ៤លាន​កន្លះ។ រឹតតែ​ធ្ងន់ធ្ងរ​ជាង​នេះ វិធានការណ៍​នេះ អាច​បង្ក​ឲ្យ​បាត់​ទំនុកចិត្ត​ពី​សំណាក់​វិនិយោគិន​បរទេស ដែល​កំពុង​ពិចារណា​ចង់​មក​វិនិយោគ​នៅ​កម្ពុជា។  

ប្រសិនបើ ចាំបាច់​ត្រូវ​ផ្លាស់ប្តូរ​ផ្លាកសញ្ញា​ពាណិជ្ជកម្ម អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ បាន​លើកឡើងថា ចំណាត់ការ​បច្ចុប្បន្ននេះ​ជាការ​ផ្លាស់ប្តូរ​លឿន​ពេក ដែល គួរ​មានការ​សិក្សា​ស្ទង់​មតិ​លម្អិត​ជាមុនសិន តើ​អតិថិជន ពិត​ជាមាន​ការភាន់ច្រលំ តាមរយះ​ឡូ​ហ្គូ មែន ឬ​យ៉ាងណា ? (ដែល​នឹង​ចំណាយ​ប្រា​ក់ទាប​ជាង ការបង់​ខាត ជាង ៤លាន​កន្លះ) មុននឹង​ដាក់ចេញ​បទបញ្ជាផ្សេងៗជាក់លាក់ ចៀសវាង​ការប៉ះពាល់​អារម្មណ៍ អ្នក​វិនិយោគិន។ សម្រាប់​រយះពេល​ត្រៀម​ដើម្បី​ផ្លាស់ប្តូរ​និមិត្តសញ្ញា​ពាណិជ្ជកម្ម អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ ផ្តល់យោបល់​ថា គួរ​ទុកពេល​ឲ្យ​បាន​សមស្រប​ចន្លោះ​ពី ៦ខែ ទៅ ១ឆ្នាំ សម្រាប់​គ្រឹះស្ថាន​អាច​សិក្សា​ពី ឥរិយា​បថ​​អតិថិជន និង​លក្ខខណ្ឌសំខាន់ៗមួយចំនួនទៀត ដើម្បី​ធ្វើ ឡូ​ហ្គូ​ឲ្យ​មាន​គុណ​ភាព។  

ម្យ៉ាងទៀត ការគិតគូរ​ពី ផលប្រយោជន៍​ពលរដ្ឋ​ពិតប្រាកដ គួរតែ ឆ្លើយតប​តាម​រយះ​ការស្នើ ឬ​អន្តរាគមន៍​ឲ្យ ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ បញ្ចុះ​អត្រា​ការប្រាក់ តាម​រយះ​ការកាត់បន្ថយ​ពន្ធ​រដ្ឋ​ជាដើម ខណៈ​អត្រា​ការប្រាក់​សព្វថ្ងៃ​នៅ​ខ្ពស់​នៅ​ឡើយ​។ រាជរដ្ឋាភិបាល ក៏​គួរតែ​សិក្សា​ស៊ីជម្រៅ លើ​ស្ថានភាព​បំណុល​របស់​ពលរដ្ឋ ដើម្បី​ស្វែងរក​ដំណោះស្រាយ​សមស្រប និង​អប់រំ​ពី​ការរៀបចំ​ផែន​ការណ៍​​អាជីវកម្ម​ជូន​ពលរដ្ឋ​ដែល​មានបំណង​ខ្ចីបុល​វិញ​ទើប​ជាការ​ល្អប្រសើរ​ជាង​នេះ។  

ដូច្នេះ អំណឹះតទៅ រាជរដ្ឋាភិបាល ដែល​កំពុង​ដឹកនាំ​ប្រទេស ក៏ដូចជា គណបក្ស​ដែល​សង្ឃឹមថា នឹង​អាច​ឡើង​ដឹកនាំ​ប្រទេស​នៅ​ថ្ងៃ​អនាគត ពិតជា មិនអាច​មើល​រំលង ឥរិយាបថ របស់​ពលរដ្ឋ និង​វិនិយោគិន ឆ្លើយតប​ចំពោះ យុទ្ធនាការ "មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែនជា​របស់​រដ្ឋ" នេះ។ សូម​កុំភ្លេច​ថា ការយកចិត្ត​ពលរដ្ឋ​កៀក​ពេល​បោះឆ្នោត គឺជា​ជំហាន​ដ៏​សំខាន់​មួយ ដែល​មិនគួរ​សាង​ក្តី​ក្តៅក្រហាយ​ម្ចាស់ឆ្នោត​ឡើយ បើទោះបីជា​តិច ឬ​ច្រើនក្តី៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI