លោកមាជ សុវណ្ណារ៉ា ស្នើប្រទេសហត្ថលេខីកិច្ចព្រមព្រៀងក្រុងប៉ារីសជួយស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ម្សិលមិញ លោកមាជ សុវណ្ណារ៉ា អតីតមន្រ្តីអតីតបក្សសង្រ្គោះជាតិបានជួបផ្ទាល់ជាមួយក្រុមស្រាវជ្រាវនិងស៊ើបអង្កេតរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំអាស៊ីប៉ាស៊ីហ្វិកនៅបុរីញូវយ៉ក។ ក្នុងជំនួបនោះ លោកមាជ សុវណ្ណារ៉ា បានលើកឡើងពីស្ថានភាពលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។ លោកក៏បានលើកឡើងពីតួនាទីរបស់ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងបានស្នើឲ្យប្រទេសទាំងនេះជួយស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
នៅចំពោះមុខក្រុមស៊ើបអង្កេតរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំអាស៊ីប៉ាស៊ីហ្វិក លោកមាជ សុវណ្ណារ៉ា បានរិះគន់លើបញ្ហារំលោភសិទ្ធិមនុស្ស ការបំពានគោលការណ៍លទ្ធិប្រជាធិបតេយ្យ ការចាប់ខ្លួនអ្នកនយោបាយ សកម្មជននយោបាយ និងការរំលាយគណបក្សសង្រ្គោះជាតិដែលលោកថា ធ្វើឡើងដោយអាជ្ញាធររដ្ឋាភិបាលកម្ពុជាក្រោមហេតុផលចង់បង្កើតឲ្យមានបដិវត្តពណ៌នៅកម្ពុជា។
សម្រាប់លោក មាជ សុវណ្ណរ៉ា សកម្មភាពទាំងអស់នេះ គឺបានបំពានកាតព្វកិច្ចគោរពសិទ្ធិមនុស្ស ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលមានប្រទេសចំនួន១៨ ជាហត្ថលេខី។ ហេតុដូច្នេះហើយ លោកមាជ សុវណ្ណារ៉ា បានអំពាវនាវឲ្យប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទាំងអស់ បំពេញកាតព្វកិច្ចរបស់ពួកគេ ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀង និងជួយស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។
ប្រតិកម្មនឹងការលើកឡើងរបស់លោកមាជ សុវណ្ណារ៉ា នេះ លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានអះអាងថា វាមិនអាចទៅរួចនោះទេ ដែលប្រទេសហត្ថលេខីទាំងនោះធ្វើសកម្មភាពតាមការអំពាវនាវរបស់លោក មាជ សុវណ្ណារ៉ា។ សម្រាប់លោកផៃ ស៊ីផាន ការខិតខំរបស់លោក មាជ សុវណ្ណារ៉ា នេះ គឺគ្រាន់តែចង់បំផ្លាញកម្ពុជាតែប៉ុណ្ណោះ។ លោកបន្ថែមដែរថា បើទោះបីអ្នកណាមើលមករដ្ឋាភិបាលកម្ពុជាយ៉ាងម៉េចក៏ដោយចុះ ប៉ុន្តែរដ្ឋាភិបាលនេះ ជារដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនលើសលប់តាមរយៈការបោះឆ្នោត។
ក៏ប៉ុន្តែ រដ្ឋាភិបាលថ្មីរបស់កម្ពុជានេះ ត្រូវបានលោកមាជ សុវណ្ណារ៉ា បរិហារថា ជារដ្ឋាភិបាលមិនស្របច្បាប់ ព្រោះលោកអះអាងថា វាបានកើតចេញពីការបោះឆ្នោតមិនស្របច្បាប់។ ដូច្នេះហើយ លោកថា របបលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បច្ចុប្បន្ននេះ គឺបានរំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និង រដ្ឋធម្មនុញ្ញកម្ពុជា ដែលបានបង្កើតឲ្យមានលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ព្រមទាំងធានានូវការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរ។
ប្រឈមនឹងបញ្ហាកំពុងកើតឡើងនេះ លោកមាជ សុវណ្ណារ៉ា គូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសមិនបានបោះបង់ចោលការខិតខំរបស់ពួកគេឡើយ ហើយលោកថា មន្រ្តីអតីតគណបក្សប្រឆាំងក៏បានបន្តធ្វើការតស៊ូមតិ ដើម្បីជួយដល់ការខិតខំរបស់ពួកគេនេះ។ ប៉ុន្តែលោកសង្កត់ធ្ងន់ថា ដើម្បីធ្វើកិច្ចការនេះ អតីតគណបក្សសង្រ្គោះជាតិត្រូវការជំនួយ និងការគាំទ្រជាចាំបាច់ពីសំណាក់អន្តរជាតិ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ