កម្ពុជា

រដ្ឋសភាកោះហៅរដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល បំភ្លឺ​រឿង​បាត់ប្រាក់​ជំនួយ Global Fund ឆ្នាំ​២០១៣ ដើម្បី​ទម្លាយ​ភាព​ស្ងប់ស្ងៀម

លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​កម្ពុជា។​
លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​កម្ពុជា។​ សហការី

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​សប្តាហ៍​មុន បាន​អញ្ជើញ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង មក​ឆ្លើយ​បំភ្លឺ​ផ្ទាល់មាត់​នៅ វិមាន​រដ្ឋសភា ថ្ងៃ​ព្រហស្បតិ៍ (សប្តាហ៍ណា​ក៏​បាន)។ បើតាម​លិខិត​រដ្ឋសភា ចុះ​ថ្ងៃទី០១ ធ្នូ ផ្ញើជូន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ ប្រធានរដ្ឋសភា លោក ហេង សំរិន បក្ស​សង្គ្រោះ​ជាតិ បានស្នើ​ឲ្យ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បំភ្លឺ​នូវ​សំណួរ​គោល​មួយចំនួន រាប់បញ្ចូល ការលក់​មន្ទីរពេទ្យ និង​មន្ទីរពេទ្យបង្អែក​មួយចំនួន នៅ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​មួយចំនួន ផែនការ​ធានា​បន្ត​និរន្តរភាព​នៃ​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា និង​ការបាត់​ប្រាក់​ជំនួយ​របស់ Global Fund ទិញ​មុង​ការពារ​ជំងឺគ្រុនចាញ់​ជាដើម។ មន្ត្រីជាន់ខ្ពស់​បក្ស​សង្គ្រោះ​ជាតិ បញ្ជាក់ថា ការ​ជជីក​រឿង​ពុករលួយ​របស់​មន្ត្រី​សុខាភិបាល លើ​មូលនិធិ Global Fund តាំងពី​ឆ្នាំ២០១៣ របស់ បក្ស​ប្រឆាំង គឺ​ដោយសារ​បី​ឆ្នាំ​ហើយ រដ្ឋាភិបាល​នៅតែ គ្មាន​វិធានការណ៍​ដាក់ទណ្ឌកម្ម ពិន័យ លើ​អ្នកទទួលខុសត្រូវ។

ផ្សាយពាណិជ្ជកម្ម

ជាង​បី​ឆ្នាំមុន ពោលគឺ​ថ្ងៃ១៤ ខែវិច្ឆិកា ឆ្នាំ២០១៣ មូលនិធិ​ពិភពលោក (Global Fund) បានចេញ​របាយការណ៍​ស៊ើប​អង្កេត​មួយ ដែល​បង្ហាញ​ពី អំពើ​ពុក​រលួយ​របស់ មន្ត្រី​សុខាភិបាល​កម្ពុជា ក្នុងការ​ប្រើប្រាស់​មូលនិធិ ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺគ្រុនចាញ់ ជំងឺអេដស៍​និង​ជំងឺឆ្លងផ្សេងៗទៀត។ របាយការណ៍​ជា ភាសា​អង់គ្លេស មាន​កម្រាស់ ៨៣ ទំព័រ បាន​រកឃើញថា មន្ត្រី​សុខាភិបាល​កម្ពុជា បានទទួល​ប្រាក់​សំណូក និង​អំណោយ​ជាង ៤០ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​មុង ឈ្មោះ វេស​តើ​ហ្គា​ត ហ្វ្រេ​ន​សិន (Vestergaard Frandsen) ដែលមាន​ទីតាំងនៅ ប្រទេស​ស្វី​ស និង​ក្រុមហ៊ុន​សាំ​មិ​តូ​មូ ឆឺ​មី​ខ​ល (Sumitomo Chemical) ដែលមាន​ទីតាំងនៅ​ប្រទេស​សិង្ហ​បុរី។ កាលនោះ អតីត​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ បាណក​សាស្ត្រ លោក ឌួង សុជាតិ រង​ការ​ចោទថា បានទទួល​ប្រាក់​សគុណ​ជិត ៤១ ម៉ឺន​ដុល្លារ ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​មុង ជា​ថ្នូរ​នឹង​កិច្ចសន្យា​ជាមួយ​ក្រសួងសុខាភិបាល​កម្ពុជា ឬ​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​ដំណើរការ​ដេញថ្លៃ ក្រោម​មូលនិធិ​ជំនួយ​របស់​អង្គការ​មូលនិធិ​សកល (Global Fund) ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ របេង និង​គ្រុនចាញ់។

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ធ្លាប់បាន​បកស្រាយ​ថា ក្រសួង​របស់លោក មិន​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ទេ ដោយសារតែ មូលនិធិ​ពិភពលោក មិនមែន​ស្ថិតក្រោម​ការគ្រប់គ្រង​ផ្ទា​ល់ពី ក្រសួងសុខាភិបាល​កម្ពុ​ជា។ ចំណែក ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យ៉ិនទៀង ក៏បាន​ចាត់វិធានការ​លើ សំណុំរឿង​ពុករលួយ​កឹ​ប​កេង​ប្រាក់​របស់ Global Fund នៅក្នុង​វិស័យ​សុខាភិបាល ហើយ​បញ្ជាក់ថា មន្ត្រី​ដែល​ពាក់ព័ន្ធ កំពុង​សង​ប្រាក់​ជាបណ្តើរៗទៅ​ម្ចាស់ជំនួយ​វិញ។ ប៉ុន្តែ គ្មាន​មន្ត្រី​សុខាភិបាល​ណា​ម្នាក់ ត្រូវបាន អង្គភាព​ប្រឆាំង​អំពើពុករលួយ ចោទប្រកាន់​តាមផ្លូវ​ច្បាប់​នោះទេ។ នៅ​ដើមខែ​មករា ឆ្នាំ២០១៥ មន្ត្រី មូលនិធិ​សកល បញ្ជាក់ថា ខ្លួន​បានទទួល​ចំណែក​បង់ប្រាក់​ពី មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ជំងឺអេដស៍ សើ​ស្បែក និង​កាមរោគ (NCHADS) និង​អង្គការ MEDiCAM ប៉ុន្តែ​រង់ចាំ​ការសហការ​ពី មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ (CNM)បន្ថែមទៀត។

បី​ឆ្នាំ​ក្រោយមក គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​មិន​អស់ចិត្ត បានគាស់​កកាយ​យក​រឿង​ពុករលួយ​ដ៏​ធំ​ក្នុង​វិស័យ​សុខាភិបាល​កម្ពុជា និង​មូលនិធិ​ពិភពលោក ( Global Fund )  នេះ មក​ចោទសួរ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ឡើងវិញ។ មន្ត្រីជាន់ខ្ពស់ គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆៃ បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា មកទល់នឹង​ថ្ងៃ​ពុធ​នេះ លោក​មិនទាន់បាន​ទទួលដំណឹង​ពី​ការចូល​ឆ្លើយបំភ្លឺ​របស់ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នៅឡើយ​ទេ ខណៈ​លិខិត​រដ្ឋសភា បាន​ទៅដល់​ទីស្តីការគណៈរដ្ឋមន្ត្រី​រួចរាល់​ហើយ។ លោក​បន្ថែមថា បក្ស​សង្គ្រោះ​ជាតិ មិនបាន​កំណត់​ថ្ងៃ​ចូល​បំភ្លឺ​ជាក់លាក់​ឡើយ តែ​បម្រុង​ទុក​ថ្ងៃ​ព្រហស្បតិ៍​ណា​មួយ ​​ដើម្បី​រងចាំ​ការបំភ្លឺ។ បក្ស​សង្គ្រោះ​ជាតិ មិន​សុខចិត្ត ចំពោះ​ចម្លើយ​របស់ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ដែល​ធ្លាប់​ឆ្លើយបំភ្លឺ​ម្តង​ហើយ​កាលពី​ឆ្នាំ២០១៥ថា មិនមែនជា​ការ​ទទួលខុសត្រូវ ក្រសួងសុខាភិបាល ហើយក៏​គ្មាន​ទណ្ឌកម្ម ឬ​វិធានការណ៍ទៅលើមន្ត្រី សុខាភិបាល ដែល​លួច​បំបាត់​ប្រាក់​មូលនិធិ Global Fund នៅឡើយ។

គួរ​ជម្រាប​ថា តាម​លិខិត​រដ្ឋសភា ចុះ​ថ្ងៃទី០១ ធ្នូ ឆ្នាំ២០១៦ ផ្ញើជូន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ ប្រធានរដ្ឋសភា លោក ហេង សំរិន តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ បានស្នើ​ឲ្យ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ត្រូវ​ពន្យល់​ផ្ទាល់​ម៉ាត់ ទៅកាន់​សមាជិក រដ្ឋសភា នៅ​ថ្ងៃ​ព្រហស្បតិ៍​ណាមួយ ពាក់ព័ន្ធ​នឹង ការបាត់​ប្រាក់​ជំនួយ​របស់ Global Fund ទិញ​មុង​ការពារ​ជំងឺគ្រុនចាញ់ ការគ្រប់គ្រង​មន្ទីរពេទ្យ​ឯកជន និង​រថយន្ត​សង្គ្រោះបន្ទាន់ កិច្ចការពារ​ជនរងគ្រោះ​ពី​កំហុស​គ្រូពេទ្យ និង​ការកេងប្រវ័ញ្ច ការលក់​មន្ទីរពេទ្យ និង​មន្ទីរ​ពេទ្យបង្អែក​មួយចំនួន នៅ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​មួយចំនួន ព្រមទាំង ផែនការ​ធានា​បន្ត​និរន្តរភាព​នៃ​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI