ការពិនិត្យផែនទីពីបារាំង៖ រដ្ឋាភិបាលថាគួរតែចប់ហើយ ប៉ុន្តែបក្សប្រឆាំងថារងចាំលទ្ធផលពិនិត្យសិន
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃទី៣ កញ្ញាស្អែកនេះ ស្ថានទូតបារាំង នឹងយកផែនទីកម្ពុជាដែលបារាំងបានបោះពុម្ភ មកឱ្យកម្ពុជាខ្ចីផ្ទៀតផ្ទាត់។ ទន្ទឹមនឹងនេះរដ្ឋាភិបាលកម្ពុជា បានអះអាងថាការប្រគល់ផែនទីពីបារាំងនេះ គឺនឹងអាចបញ្ចប់ទាំងស្រុងការចោទប្រកាន់ពីគណបក្សប្រឆាំងរឿងប្រើប្រាស់ផែនទីក្លែងក្លាយ។ ប៉ុន្តែគណបក្សប្រឆាំងបានអះអាងខ្លួននៅរងចាំមើលលទ្ធផលជាមុនសិនទើបអាចប្រកាសជំហរបាន។
គណៈកម្មការចំពោះកិច្ចស្តីពីការផ្ទៀងផ្ទាត់ផែនទីនឹងបើកឱ្យមានការពិនិត្យលើផែនទីពីបារាំងនៅថ្ងៃទី៣ កញ្ញាស្អែកនេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ អ្នកជំនាញការព្រំដែននៃរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា ការផ្ទៀងផ្ទាត់ពីប្រទេសបារាំងនេះ គឺដល់ពេលបញ្ចប់ការចោទប្រកាន់ការប្រើប្រាស់ផែនទីក្លែងក្លាយមកលើរដ្ឋាភិបាលកម្ពុជាហើយ។ លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋាននៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនបន្ថែម៖ សម្លេង
ដោយឡែកលោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ធ្លាប់បានបញ្ជាក់ថា គណបក្សប្រឆាំងនៅរងចាំប្រភពផែនទីផ្សេងៗទៀតជាមុននឹងការបញ្ជាក់ពីគោលជំហររបស់គណបក្សចំពោះការប្រើប្រាស់ផែនទីរបស់រដ្ឋាភិបាល។ អ្នកនាំពាក្យគណបក្សប្រឆាំងរូបនេះ បន្ថែមថា បើទោះបីជាការពិនិត្យផែនទីត្រឹមត្រូវក៏ដោយគឺជារឿងមួយ ប៉ុន្តែរឿងសំខាន់នោះគឺ ការបោះបង្គោលព្រំដែនលើផែនដីជាក់ស្តែងប្រកបដោយភាព និងការគោរពពីប្រទេសជិតខាង។ ការពិនិត្យផែនទីនៅថ្ងៃទី៣ កញ្ញាស្អែកនេះ គឺសមាសភាពដូចការផ្ទៀងផ្ទាត់លើកទី១ដែរ។ ក្នុងនោះមានសមាសភាពមកពីគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ចំនួន៥រូបក្នុងមួយគណបក្ស ដោយឡែកសមាសភាពសមាជិករដ្ឋសភា ព្រឹទ្ធសភា ទាំងពីរគណបក្ស ក្រុមប្រឹក្សាធម្មនុញ្ញ រួមទាំងសមាជិកក្រុមស្រាវជ្រាវនៃរាជ្យបណ្ឌិតសភាកម្ពុជាជាដើមក៏នឹងចូលរួម ដូចលើកទី១ផងដែរ។
គួរកត់សំគាល់ថា នាយករដ្ឋមន្ត្រីបារាំង លោក Francois Hollande និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានសរសេរលិខិតឆ្លើយឆ្លងគ្នាស្តីពីការខ្ចីផែនទីពីបារាំងនេះ។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ប្រាប់បារាំងថា ការខ្ចីផែនទីពីបារាំងនេះគឺមិនមែនកម្ពុជាខ្វែងគំនិតគ្នាជាមួយនឹងវៀតណាមស្តីពីការប្រើប្រាស់ផែនទីនោះទេ។ ការស្នើសុំផែនទីពីប្រទេសពាក់ព័ន្ធនេះ គឺកម្ពុជា ចង់បង្ហាញពីតម្លាភាពចំពោះប្រជាជាតិកម្ពុជាទាំងមូល បញ្ចៀស និងបញ្ចប់នូវការញុះញង់ដោយបង្កើតជាតិនិយមជ្រុល រួមទាំងការកសាងសន្តិភាពនៅតាមព្រំដែន។
ដោយឡែកប្រធានាធិបតីបារាំង បានប្រកាសបារាំងរក្សាភាពមិនលម្អៀងក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា និងវៀតណាម ប៉ុន្តែបារាំងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងទំនាក់ទំនងល្អជាមួយនឹងប្រទេសជិតខាងស្របតាមការចរចា និងផ្លូវច្បាប់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ