កម្ពុជា

កម្ពុជា និង​វៀតណាម កំពុង​រងចាំ​ចម្លើយ​ពី​បារាំង​លើ​បញ្ហា​ផែនទី

រូបភាព​ផែនទី​ដែល​ត្រូវ​បាន​ប្រគល់​ដោយ​អង្គការ​សហប្រជាជាតិ ​កាល​ពី​ពេល​ថ្មី​ៗ​នេះ។​
រូបភាព​ផែនទី​ដែល​ត្រូវ​បាន​ប្រគល់​ដោយ​អង្គការ​សហប្រជាជាតិ ​កាល​ពី​ពេល​ថ្មី​ៗ​នេះ។​ RFI/ Siv Channa

កម្ពុជា និង​វៀតណាម បាន​បញ្ជូន​លិខិត​សំណើ​ជា​ផ្លូវការ​របស់​ខ្លួន​ទៅ​ប្រធានាធិបតី​បារាំង​ហើយ​កាលពី​ថ្ងៃទី​៨​ធ្នូ​សប្តាហ៍​មុន។ ជា​លិខិត​ ដែល​ស្នើ​ឱ្យ​បារាំង​ផ្តល់​អ្នក​បច្ចេកទេស​របស់​ខ្លួន​ដើម្បី​ផ្ទេរ​ខ្នាត​ផែនទី ១លើ​១០០​ពាន់ មក១លើ​៥០​ពាន់​ ដើម្បី​បញ្ចប់​ភាព​ប្រទាញ​ប្រទង់​គ្នា​រវាង​កម្ពុជា​និង​វៀតណាម​នៅ​ព្រំដែន។

ផ្សាយពាណិជ្ជកម្ម

ខ្លឹមសារ​នៃ​លិខិត​រួមគ្នា​របស់​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម គឺ​ការ​ស្នើ​សុំ​អ្នក​ជំនាញ​ផែនទី​វិទ្យា​របស់​បារាំង​ ដើម្បី​សហការ​ជាមួយ​គណៈកម្មការ​ព្រំដែន​ចម្រុះ​រវាង​ប្រទេស​ទាំងពីរ​ក្នុង​ការ​ផ្ទេរ​ផែនទី​ខ្នាត​១លើ១០០ពាន់ ទៅ១លើ៥០ពាន់។ លិខិត​ផ្លូវ​ការ​នេះ​បាន​ទៅ​ដល់​ខុទ្ទកាល័យ​ប្រធានាធិបតី​បារាំង​ កាល​ពី​ថ្ងៃ​ទី​ ៨ធ្នូ​សប្តាហ៍​មុន។ នេះ​គឺ​ជា​ការ​បញ្ជាក់​ពី​លោក​ជុំ សន្ទរី អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុ​ជា។

ទន្ទឹម​នឹង​នេះ កម្ពុជា និង​វៀតណាម​គឺ​កំពុង​រងចាំ​ចម្លើយ​ពី​រដ្ឋាភិបាល​បារាំង​ ដែល​ជា​អតីត​ម្ចាស់​អាណានិគម​នៅ​ឥណ្ឌូចិន។ យ៉ាងណា​ក៏​ដោយ រដ្ឋាភិបាល​ក្រុង​ភ្នំពេញ បាន​បង្ហាញ​ក្តី​សង្ឃឹម​ ដែល​បារាំង​នឹង​ផ្តល់​អ្នក​ជំនាញ​របស់​ខ្លួន​មក​ជួយ​ប្រទេស​ទាំង​ពីរ។ កម្ពុជា និង​វៀតណាម​ ដែល​មាន​ព្រំដែន​ជាប់​គ្នា​ប្រមាណ ១ពាន់២រយ​គីឡូម៉ែត្រ មាន​ការ​ប្រទាញ​ប្រទង់​ជា​ច្រើន​កន្លែង​ដូចជា​តំបន់​ព្រំដែន​ខេត្ត​កណ្តាល ខេត្ត​កំពង់​ចាម ខេត្ត​មណ្ឌល​គី​រី និង​ខេត្ត​រតនៈគីរី​ជាដើម។

ទន្ទឹម​នឹង​នោះ​វៀតណាម​បាន​បន្ត​ផ្គើន​រដ្ឋាភិបាល​កម្ពុជា ដោយ​បន្ត​សាងសង់​សំណង់​អគារ​រឹង​ម៉ាំ​នៅ​តំបន់ស​ ដែល​មិន​ទាន់​បែងចែក​ដាច់​ស្រាច់​រវាង​ប្រទេស​ទាំងពីរ បើទោះបី​ជា​កម្ពុជា​បាន​ដាក់​កំណត់​ទូត​តវ៉ា​ច្រើន​លើក​ច្រើនសារ​ក៏​ដោយ។ ដើម្បី​ដោះស្រាយ​ភាព​ប្រទាញ​ប្រទង់​នៅ​ចំណុច​ព្រំដែន​នេះ ប្រមុខ​រដ្ឋាភិបាល​ភាគី​កម្ពុជា និង​វៀតណាម​កាល​ពី​ថ្ងៃទី​២៣ វិច្ឆិកា ខែ​មុន បាន​ព្រម​ព្រៀង​គ្នា​ស្នើ​ដាក់​លិខិត​ស្នើសុំ​បារាំង​ ដើម្បី​ផ្តល់​អ្នកជំនាញ​ក្នុង​ការ​ផ្ទេរ​ផែនទី​ប្រភេទ​បោន មក​ផែនទី​អ៊ុយ​តេ​អ៊ឹម។

លោក​បណ្ឌិត សុខ ទូច ដែលជា​អ្នកសិក្សា​បញ្ហា​ព្រំដែន​កម្ពុជា​ និង​វៀតណាម បាន​លើក​ឡើង​ថា ប្រសិនបើ​បារាំង​ព្រម​ជួយ​មែន​នោះ បញ្ហា​ស្មុគស្មាញ​នៅ​ព្រំដែន​ ដែល​ប្រទាញ​ប្រទង់​គ្នា​អស់​រយៈ​ជាច្រើន​ឆ្នាំ​នឹងត្រូវ​បិទ​បញ្ចប់។ លោក​បណ្ឌិត​ធ្លាប់​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា តំបន់​ខ្លះ​​វៀតណាម​បាន​ឈ្លានពាន​ចូលដល់​ពី៣០ម៉ែត្រ ១០០ម៉ែត្រ​ក៏មានដែរ។ យ៉ាងណា​ក៏​ដោយ​រហូត​មក​ដល់​ពេល​នេះ​ភាគី​កម្ពុជា និង​វៀតណាម​នៅ​មិនទាន់បាន​ចម្លើយ​ណាមួយ​ពី​រដ្ឋាភិបាល​បារាំង​នៅឡើយ​ទេ។

អ្នកសិក្សា​ព្រំដែន​កម្ពុជា ធ្លាប់បាន​បញ្ជាក់ថា ការស្នើសុំ​អ្នកជំនាញ​បារាំង​នេះ គឺជា​ជម្រើស​ល្អ​បំផុត​ព្រោះថា កន្លងមក​ការចរចា​រវាង​កម្ពុជា និង​វៀតណាម​បាន​ឈានដល់​ភាព​តាង​តឹង​ដែល​គ្មាន​ដំណោះស្រាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI