ដូចសព្វមួយដងប្រទេសកម្ពុជាធ្វើបុណ្យមាឃបូជាឆ្នាំនេះជាផ្លូវការនៅភ្នំព្រះរាជទ្រព្យ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ពិធីបុណ្យមាឃបូជា ដែលជាពិធីបុណ្យដ៏ធំមួយនៅក្នុងព្រះពុទ្ធសាសនា ត្រូវបានរៀបចំធ្វើនៅព្រឹកថ្ងៃអង្គារនេះ នៅភ្នំព្រះរាជទ្រព្យ ឬភ្នំឧត្តុង្គ ក្នុងខេត្តកណ្តាល។ សម្តេចសង្ឃរាជទាំងពីរគណៈ និងមន្ត្រីសង្ឃជាន់ខ្ពស់នៃប្រទេសកម្ពុជា បានដឹកនាំធ្វើពិធីនេះ ដោយមានការចូលរួមពី ប្រធានរដ្ឋសភាលោក ហេង សំរិន សមាជិករដ្ឋសភា ព្រឹទ្ធសភា សមាជិករដ្ឋាភិបាល និងពុទ្ធសាសនិកជាច្រើនផងដែរ។
ដោយមានការចូលរួមពីសំណាក់ អង្គទូតនានាប្រចាំប្រទេសកម្ពុជា ដែលកាន់ព្រះពុទ្ធសាសនា រួមមានស្ថានទូតថៃ ឡាវ ជប៉ុន ជាដើមនោះ ពិធីបុណ្យមាឃបូជា ដែលត្រូវនឹងថ្ងៃ១៥កើត ពេញបូណ៌មី ខែមាឃ ត្រូវបានរៀបចំយ៉ាងអធិកអធម នៅឯព្រះសក្យមុនីចេតិយ កំពូលភ្នំព្រះរាជទ្រព្យ ឬភ្នំឧត្តុង្គ។
បុណ្យមាឃបូជានៅឆ្នាំនេះ មានពិធីរាប់បាត្រព្រះសង្ឃចំនួន៨០អង្គ ក្នុងគោលបំណងឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរស ដែលបានបូជាជីវិតក្នុងបុព្វហេតុការពារមាតុភូមិកម្ពុជា។ ក្រៅពីប្រារព្ធពិធីផ្លូវការធំជាងគេនៅភ្នំព្រះរាជទ្រព្យ គ្រប់អារ៉ាមនៅទូទាំងប្រទេសក៏បានប្រារព្ធពិធីនេះដំណាលគ្នាដែរ។
តាមក្រសួងធម្មការ និងសាសនា ពិធីបុណ្យមាឃបូជា គឺជាបុណ្យរំលឹកដល់ថ្ងៃដែល ព្រះពុទ្ធជាម្ចាស់ ទ្រង់ធ្វើចតុរង្គសន្និបាត ដោយមាន ព្រះអរហន្តាខីណាស្រប ដែលជាឯហិភិក្ខុ ចំនួន១២៥០អង្គ សំដែងនូវឱវាទបាតិមោក្ខ និងទ្រង់ប្រកាសដាក់ព្រះជន្មាយុសង្ខាររបស់ព្រះអង្គ បញ្ជាក់ថាចាប់ពីថ្ងៃនេះទៅ៣ខែទៀត តថាគតនឹងចូលបរិនិព្វានហើយ។
នៅថ្ងៃនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសរសេរតាមរយៈហ្វេសប៊ុកផ្លូវការរបស់លោកដែរថា ពិធីបុណ្យមាឃបូជា ជាពិធីបុណ្យដ៏មានសារៈសំខាន់ គឺគេប្រារព្ធធ្វើឡើងដើម្បីរំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត “ព្រះពុទ្ធសាសនា” ឡើងនៅឆ្នាំ ៥៨៨ មុនគ្រិស្តសករាជ នាថៃ្ងទី ១៥កើត ខែ មាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គដែលមានចំនួន៩ខែគត់។
លោក ហ៊ុន សែន បញ្ជាក់ថា ព្រះពុទ្ធសាសនា មិនត្រឹមតែបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ បានរួមរស់ជាមួយគ្នាដោយសុខសាន្តខាងផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារអត្តសញ្ញាណជាតិទៀតផង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ