បណ្ឌិត Michael Vickery ប្រវត្តិវិទូ ស្តីពីកម្ពុជា ទទួលមរណភាព នៅខេត្តបាត់ដំបង
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អ្នកប្រវត្តិសាស្ត្រនៃអាស៊ីអគ្នេយ៍ដ៏ល្បីល្បាញម្នាក់ លោកបណ្ឌិត Michael Vickery បានទទួលមរណភាព នៅក្នុងខេត្តបាត់ដំបង ក្នុងជន្មានយុ៨៦ឆ្នាំ ដោយសាររោគាពាធ។ សពរបស់លោកត្រូវតម្កល់ទុក នៅផ្ទះលេខ១៦២- ផ្លូវG08 ភូមិវត្តក្តុលតាកុយ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង រហូតដល់ថ្ងៃទី៣កក្កដា។ ឆ្លៀតឱកាសនេះ វិទ្យុបារាំងសូមរម្លឹកពីប្រវត្តិនិងស្នាដៃខ្លះៗរបស់បណ្ឌិត Michael Vickery ស្តីពីកម្ពុជា។
លោក Michael Vickery ជាអ្នកជំនាញប្រវត្តិសាស្ត្រនៃអាស៊ីអគ្នេយ៍ ហើយក៏ជានរវិទូ ប្រវត្តិវិទូស្តីពីកម្ពុជាផងដែរ។ លោកចេះនិងប្រើប្រាស់ភាសាភាសាខ្មែរបានច្បាស់លាស់ ហើយបានសិក្សាស្រាវជ្រាវពីសីលាចារឹកខ្មែរបូរាណទៀតផង។
មានសញ្ញាបត្រផ្នែកសិល្បៈនិងទស្សនវិទ្យា បណ្ឌិត Michael Theodore Vickery ជាជនជាតិអាមេរិក និងដែលបានចូលមកសិក្សាស្រាវជ្រាវនៅស្រុកខ្មែរ ក្នុងអំលុងទសវត្ស១៩៦០ ហើយក្រោយមកបានចាប់ចិត្តស្រឡាញ់ប្រទសនេះ និងរៀបការជាមួយនារីខ្មែរម្នាក់។
ដោយមានជំនក់ចិត្តនឹងការសិក្សាពីតំបន់អាស៊ីអគ្នេយ៍ លោកបានស្រាវជ្រាវនិងសរសេរអត្ថបទជាច្រើនស្តីពី ពីកម្ពុជា ថៃ ឡាវ វៀតណាម និងម៉ាឡេស៊ី ជាដើម។ ផ្អែកលើកការស្រាវជ្រាវពីប្រទេសទាំងនេះ លោកបានដើរបង្រៀន និងផ្តល់បាឋកថា នៅសកលវិទ្យាល័យធំៗជាច្រើនលើពីពិភពលោក។ នៅភ្នំពេញ បណ្ឌិតរូបនេះ ធ្លាប់បានបង្រៀនមុខវិជ្ជាប្រវត្តិសាស្ត្រខ្មែរ នៅសកលវិទ្យាល័យភូមិន្ទនិងវិចិត្រសិល្បៈ រយៈពេលប្រមាណ៤ឆ្នាំ។
ស្នាដៃសំខាន់ៗរបស់លោក គឺមានដូចជា សៀវភៅ កម្ពុជាចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៨២ បោះពុម្ពផ្សាយ នៅចុងទសវត្ស១៩៩០។ សៀភៅមួយក្បាលទៀត គឺដាក់ចំណងជើងថាកម្ពុជា នយោបាយ សេដ្ឋកិច្ច និងសង្គម ដែលចេញផ្សាយនៅទីក្រុងដុងដ្រ៍ ១៩៨៦។ បណ្ឌិត Michael Vickery បានសរសេរស្នាដៃសំខាន់មួយទៀត គឺសិក្សាស្រដៀងគ្នានេះដែរ តែនិយាយពី នយោបាយ សេដ្ឋកិច្ច និងសង្គម របស់ខ្មែរ នៅមុនសម័យអង្គរ គឺអំលុងសតវត្សទី៧ និងទី៨ ចេញផ្សាយនៅក្រុងតូក្យូ ប្រទេសជប៉ុន។
វណ្ណកម្មជាសៀវភៅ ចុងក្រោយរបស់លោក គឺនិយាយពីការស្ទង់មតិក្នុងនយោបាយកម្ពុជាសម័យទំនើប ចេញផ្សាយនៅភ្នំពេញ កាលពី១០ឆ្នាំមុន។ នោះគឺជាកម្រងអត្ថបទខ្លីៗ ជាភាសាអង់គ្លេស ដែលលោកវិភាគគិតពិចារណាពីនយោបាយស្រុកខ្មែរ ក្នុងនាមជាអ្នកសរសេរបទវិភាគ និងបទវិចារណកថា សម្រាប់ចេញផ្សាយនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ជាង១៥ឆ្នាំ ចាប់ពីតាំងពីកាសែតមួយនេះ ទើបតែបង្កើតឡើងមកម្ល៉េះ។
នៅក្នុងការសិក្សាពីប្រវត្តិសាស្ត្រ បណ្ឌិត Michael Vickery ក៏បានផ្តោតការសិក្សាស៊ីជម្រៅមួយផ្នែកផងដែរ ទៅលើលទ្ធិកម្មុយនិស្តនៅកម្ពុជា ហើយរូបលោក ក៏បានចូលរួមដំណើរការស្វែងរកយុត្តិធម៌នៅសាសាក្តីខ្មែរក្រហមទៀតផង ក្នុងនាមជាអ្នកជំនាញ និងជាអ្នកវិភាគឯកសារប្រវត្តិសាស្ត្រ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ