កម្ពុជា

សមាគម​មីក្រូ​ហិរញ្ញវត្ថុ​រំលឹក​ដល់​សមាជិក​របស់​ខ្លួន​ឲ្យ​គោរព​គោលការណ៍​ផ្តល់​ប្រាក់​កំចី

លោក សន ជ័យ ជា​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​
លោក សន ជ័យ ជា​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​

សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា ដែល​តំណាង​ឲ្យ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុ​និង​ប្រតិបត្តិ​ករ​ឥណទាន​ជន​បទ​ចំនួន​៨៦ នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា បាន​ធ្វើ​ការ​ណែនាំ​ទៅ​សមាជិក​របស់​ខ្លួន ឲ្យ​ប្រកាន់​យក​គោលការណ៍​ច្បាស់​លាស់​មួយ​ចំនួន ក្នុង​ការ​ផ្តល់​ប្រាក់​កំចី​ទៅ​កាន់​អតិថិជន។ ការ​លើក​ឡើង​ដូច្នេះ​គឺ​ដើម្បី​ចូល​រួម​អនុវត្ត​តាម​ច្បាប់ បទ​ប្បញ្ញត្តិ​នានា ដែល​ដាក់​ចេញ​ដោយ​រដ្ឋាភិបាល​នា​ពេល​កន្លង​មក។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​ខ្លួន សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា បាន​លើក​ឡើង​ថា​ស្ថាប័ន​ឲ្យ​ខ្ចី​ប្រាក់​ឯកជន​នេះ មាន​បំណង​លើក​កំពស់​ការ​អនុវត្ត​ក្រម​ស្តីពី​ការ​ផ្តល់​ឥណទាន​ប្រកប​ដោយ​សមធម៌ ក្នុង​គោល​បំណង​បំពេញ​បន្ថែម​នូវ​ប្រតិបត្តិការ​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​របស់​គ្រឹះស្ថាន​ដែល​ជា​សមាជិក។

សមាគម​ក៏​បាន​លើក​ឡើង​ដែរ​ថា គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទាំង​អស់ មិន​អាច​ទទួល​យក​នូវ​អត្តសញ្ញាណបណ្ណ សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់​នៅ សម្រាប់​ជា​វត្ថុ​ធានា​ក្នុង​ការ​ផ្តល់ ឥណទាន​នោះ​ឡើយ។ លើស​ពី​នេះ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​គឺ​ជា​គ្រឹះស្ថាន​ឯកជន​សុទ្ធ​សាធ និង ធ្វើ​ប្រតិបត្តិការ​សំដៅ​ទទួល​បាន​ប្រាក់​ចំណេញ ហើយ​អតិថិជន​ដែល​ទទួល​ប្រាក់​កម្ចី​ត្រូវ​មាន​កាតព្វកិច្ច​សង​ត្រឡប់​តាម​កិច្ច​សន្យា​កំណត់។

អ្វី​ដែល​ជា​ការ​បញ្ជាក់​កាន់​តែ​ច្បាស់​ជាង​នេះ​ទៅ​ទៀត​នោះគឺ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​គឺ​ជា​ស្ថាប័ន​ពាណិជ្ជកម្ម​និង​មិន​មែន​ជា​អង្គភាព​នយោបាយ​នោះ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សេចក្តី​ជូន​ដំណឹង។ លើស​ពី​នេះ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ឲ្យ​ដឹង​ថា​បុគ្គលិក​នៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ មិន​អាច​ប្រើ​ប្រាស់​ស្លាក​សញ្ញា​នានា​របស់​គ្រឹះស្ថាន ឬ​ផ្នែក​ណា​មួយ​នៃ​ប្រតិបត្តិ​ការ​ផ្តល់​សេវា​ជា​មូលដ្ឋាន​ក្នុង​ការ​ចូល​រួម​សកម្មភាព​ឬ​ការ​ឃោសនា​នយោបាយ​ឡើយ ព្រម​ទាំង​ពិន័យ​ធ្ងន់​ធ្ងរ​ដល់​បុគ្គលិក​ដែល​ប្រព្រឹត្ត​ល្មើស​នឹង​គោលការណ៍​នេះ ប្រសិន​បើ​រក​ឃើញ។

ជាមួយ​គ្នា​នេះ លោក សន ជ័យ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា បាន​មើល​ឃើញ​ថា វា​គ្រាន់​តែ​ជា​ការ​រំលឹក នូវ​អ្វី​ដែល​មាន​រួច​ស្រេច​ទៅ​ហើយ​នៅ​ក្នុង​គោលការណ៍​ក្រម​សីលធម៌​មីក្រូ​ហិរញ្ញវត្ថុ ណែនាំ​ដោយ​រដ្ឋាភិបាល​កាល​ពី​ពេល​កន្លង​ទៅ។ លោក​ថា​អ្វី​ដែល​សំខាន់​គឺ​ការ​អនុវត្ត​ឲ្យ​បាន​ម៉ឺង​ម៉ាត់​នូវ​គោលការណ៍​ទាំង​នេះ។

ជា​ការ​កត់​សម្គាល់ ដោយ​សារ​មាន​ការ​ប្រកួត​ប្រជែង​គ្នា​យ៉ាង​ស្វិត​ស្វាញ ការ​ផ្តល់​ឥណទាន​ពី​សំណាក់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មួយ​ចំនួន​មិន​តម្រូវ​ឲ្យ​មាន​ឯកសារ​រឹង​មាំ ពី​អតិថិជន​អ្វី​ឡើយ​ពោល​គឺ​ការ​ខ្ចី​ប្រាក់​មួយ​ចំនួន​អាច​ធ្វើ​ទៅ​បាន​គឺ​គ្រាន់​តែ​មាន​អត្តសញ្ញាណបណ្ណ ឬ​ក៏​សៀវភៅ​គ្រួសារ​ប៉ុណ្ណោះ។ មួយ​វិញ​ទៀត ការ​ដែល​មីក្រូ​ហិរញ្ញវត្ថុ​មួយ​ចំនួន ដក​យក​ឯកសារ​ទាំង​អស់​នេះ វា​អាច​ជះ​ឥទ្ធិពល​រំខាន​ទៅ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​លិខិត​រដ្ឋបាល​នានា ដូច​ជា​ធ្វើ​លិខិត​ឆ្លង​ដែន ឬ​ក៏​បំរើ​ទៅ​ដល់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជា​ដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI