កម្ពុជា-សង្គម

​លោក ហ៊ុន ម៉ាណែត​៖ ​សម​យុទ្ធ​ហនុមាន​មាស​ឆ្នាំ​២០១៩​បង្ហាញ​ថា កង​ទ័ព​នៅ​តែ​ស្មោះ​ស្ម័គ្រ​ជាមួយ​រដ្ឋា​ភិបាល​

លំហាត់​សម​យុទ្ធ​ដែល​មាន​ឈ្មោះ​ថា «ហនុ​មាន​មាស​ឆ្នាំ​២០១៩» ដែល​បាន​ប្រព្រឹត្ត​ទៅ​អស់​រយៈ​ពេល​៥ថ្ងៃ​មក​នោះ ត្រូវ​បាន​បិទ​បញ្ចប់​ហើយ​នៅ​ព្រឹក​មិញ​នេះ​។ លំហាត់​សម​យុទ្ធ​ដែល​ធ្វើ​ឡើង​នៅ​ឯខេត្ត​កំពត​នេះ មាន​ការ​ចូល​រួម​ពី​កង​ទ័ព​កម្ពុជា​ប្រមាណ​ជាង​១ពាន់​នាក់​។ លោក​ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​បាន​ចាត់​ទុក​ថា លំហាត់​សម​យុទ្ធ​ហនុមាន​មាស​ឆ្នាំ​២០១៩​នេះ បាន​បង្ហាញ​ថា កង​ទ័ព​កម្ពុជា​នៅ​តែ​ស្មោះ​ស្ម័គ្រ​ជាមួយ​រដ្ឋា​ភិបាល​កម្ពុជា​ជានិច្ច​។ 

រូបភាពពីសមយុទ្ធ «ហនុមានមាសឆ្នាំ២០១៩»
រូបភាពពីសមយុទ្ធ «ហនុមានមាសឆ្នាំ២០១៩» @សហការី
ផ្សាយពាណិជ្ជកម្ម

លំហាត់​សម​យុទ្ធ​បាញ់​គ្រាប់​ពិត ដែល​មាន​ឈ្មោះ​ថា «ហនុមាន​មាស​ឆ្នាំ​២០១៩» ដែល​បាន​រៀប​ចំ​ធ្វើ​ឡើង​នៅ​ទីលាន​បាញ់​គ្រាប់​ពិត​តេជោ​សែន ជុំគិរី ខេត្ត​កំពត បាន​បិទ​បញ្ចប់​ទៅ​ដោយ​ទទួល​បាន​ជោគ​ជ័យ​១០០​ភាគ​រយ​។ នេះ​បើ​តាម​ការ​វាយ​តម្លៃ​ពី​លោក​នាយ​ឧត្តម​សេនីយ៍​ វង្ស ពិសេន អគ្គ​មេ​បញ្ជា​ការ​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ នៅ​ព្រឹក​ថ្ងៃទី ៨ ខែឧសភា ក្នុង​ពេល​ដែល​លោក​អញ្ជើញ​ជា​អធិបតី​ភាព ក្នុង​ពិធី​បិទ​សម​យុទ្ធ «ហនុមាន​មាស​ ២០១៩» នៅ​ព្រឹក​ថ្ងៃទី ០៨ ឧសភា​នេះ​។ លំហាត់​សម​យុទ្ធ​នេះ បាន​ធ្វើ​ឡើង​អស់​រយៈ​ពេល​៥ថ្ងៃ ដោយ​ចាប់​ពី​ថ្ងៃទី ០៤ ឧសភា ដោយ​មាន​ការ​ចូល​រួម​កង​ទ័ព​ប្រមាណ​ជាង​១៥៩៥​នាក់ ក្រោម​ការ​រៀប​ចំ​ឡើង ដោយ​កង​ទ័ព​ជើង​គោក​កម្ពុជា ជាមួយ​នឹង​ការ​ប្រើប្រាស់​នូវ​អាវុធ​យុទ្ធ​ភណ្ឌ​ទំនើបៗ ដូច​ជា៖ កាំជ្រូច, ឧទ្ធម្ភាគ​ចក្រ, កាំភ្លើង​គ្រាប់​ត្បាល់, រថ​គ្រោះ, រថ​ពាស​ដែក និង​កាំភ្លើង​ការពារ​អាកាស​ជា​ដើម​។

បើ​តាម​លោក​នាយ​ឧត្តម​សេនីយ៍ ឈុំ សុជាត រដ្ឋ​លេខា​ធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លំហាត់​សម​យុទ្ធ «ហនុមាន​មាស ២០១៩» នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ពង្រឹង​សមត្ថភាព ចំណេះ​ដឹង និង​បណ្តា​ជំនាញ​ដល់​នាយ​ទាហាន នាយ​ទាហាន​រង និង​ពល​ទាហាន នៃ​កង​ទ័ព​ជើង​គោក ក្នុង​កិច្ច​ការពារ​បូរណភាព​ទឹក​ដី នា​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​។ លោក​បន្ថែម​ថា ការ​ហ្វឹក​ហ្វឺន​នេះ មិន​បាន​គំរាម​កំហែង​ដល់​នរណា​ឡើយ ផ្ទុយ​ទៅ​វិញ គឺ​ជា​ការ​ហ្វឹក​ហ្វឺន ក្នុង​គោល​ដៅ​ដើម្បី​ពង្រឹង​សមត្ថភាព​កង​ទ័ព​បន្ថែម​ទៀត​ប៉ុណ្ណោះ​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ លោក​ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក និង​ជា​អគ្គ​មេ​បញ្ជា​ការ​រង​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​បាន​ថ្លែង​ក្នុង​ពេល​បើក​លំហាត់​សម​យុទ្ធ​នេះ កាល​ពី​ថ្ងៃ​ទី០៤ ឧសភា​ថា តាម​រយៈ​លំហាត់​សម​យុទ្ធ​ហនុមាន​មាស​ឆ្នាំ​២០១៩ នេះ បាន​បង្ហាញ​ដល់​ពួក​អមិត្ត​ថា កង​ទ័ព​នៅ​តែ​ស្មោះ​ស្ម័គ្រ​ជាមួយ​រដ្ឋា​ភិបាល​កម្ពុជា ខណៈ​ដែល​ប្រធាន​ស្តីទី​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​អំពាវ​នាវ​ម្តង​ហើយ​ម្តង​ទៀត កុំឲ្យ​កង​ទ័ព​ស្តាប់​បញ្ជា​រដ្ឋា​ភិបាល​។

គួរ​ជំរាប​ជូន​ដែរ​ថា លំហាត់​សម​យុទ្ធ «ហនុមាន​មាស​ឆ្នាំ​២០១៩»នេះ បាន​ធ្វើ​ឡើង នៅ​ប៉ុន្មាន​ខែ​ក្រោយ​ពី​កង​ទ័ព​កម្ពុជា-ចិន ទើប​បាន​បញ្ចប់​លំហាត់​សមយុទ្ធ «នាគ​មាស​ឆ្នាំ​២០១៩» កាល​ពី​ខែ​មីនា​កន្លង​ទៅ​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI