បន្ទាប់ពីក្រសួងការបរទេស និងនាយករដ្ឋមន្ត្រីកម្ពុជា ក្រសួងការពារជាតិចិនចេញមុខច្រានចោលវត្តមានមូលដ្ឋានកងទ័ពចិននៅកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅក្នុងពិធីប្រកាសសៀវភៅស ការពារជាតិចិននាថ្ងៃទី២៤ខែកក្កដានេះ អ្នកនាំពាក្យក្រសួងការពារជាតិចិនបានថ្លែងច្រានចោលការចោទប្រកាន់ដែលថា ចិននិងកម្ពុជាមានកិច្ចព្រមព្រៀងសម្ងាត់អនុញ្ញាតឲ្យយោធាចិនឈរជើងនៅមូលដ្ឋានកងទ័ពកម្ពុជា សមុទ្ររាម។ ប្រតិកម្មរបស់ក្រសួងការពារជាតិចិន បានធ្វើឡើងបន្ទាប់ពីការច្រានចោលព្រមៗគ្នារបស់ក្រសួងការបរទេសចិន និងប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន។
ឆ្លើយតបទៅនឹងសំណួររបស់អ្នក កាសែតបរទេស នៅក្នុងពិធីប្រកាសសៀវភៅស ការពារជាតិរបស់ខ្លួន លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិចិន បានចាត់ទុកថា ការផ្សាយរបស់កាសែតអាមេរិក The Wall Street Journal ជុំវិញកិច្ចព្រមព្រៀងសំងាត់រវាងចិន និងកម្ពុជាដែលអនុញ្ញាតឲ្យយោធាចិនឈរនៅកម្ពុជា ថាជាពាក្យចចាមអារាម និងជាព័ត៌មានមិនពិត។ តាមលោក Wuប្រទេសចិននិងកម្ពុជា មានត្រឹមកិច្ចសហប្រតិបត្តិការលើការហ្វឹកហ្វឺនជំនាញជាមួយគ្នាព្រមទាំងការផ្តល់ជំនួយ ដល់គ្នាទៅវិញទៅមកហើយកិច្ចសហប្រតិបត្តិការទ្វេភាគីនេះគឺគ្មានការកំណត់គោលដៅទៅលើប្រទេសទីបីណាមួយឡើយ។
ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការពារជាតិចិនធ្វើឡើង១ថ្ងៃបន្ទាប់ពី ក្រសួងការបរទេសចិន បានបដិសេធដូចគ្នាជុំវិញកិច្ចព្រមព្រៀង ដាក់មូលដ្ឋានយោធាចិននៅលើទឹកដីកម្ពុជា ក្នុងខេត្តព្រះសីហនុ។
កាលពីពេលថ្មីៗនេះ កាសែត The Wall Street Journal តាមរយៈសម្តីមន្ត្រីអាមេរិកម្នាក់ បានចុះផ្សាយថា កម្ពុជាបានអនុញ្ញាតឲ្យចិនប្រើប្រាស់មូលដ្ឋានយោធាសមុទ្ររាម ខេត្តព្រះសីហនុ រយៈពេល៣០ឆ្នាំ ហើយអាចបន្តសុពលភាពជាស្វ័យប្រវត្តិរៀងរាល់១០ឆ្នាំម្ដង។ កាសែតអាមេរិកមួយនេះបន្តថា មូលដ្ឋានកងទ័ពចិន នឹងមានកន្លែងស្ដុកអាវុធ ព្រមទាំងកន្លែងចតនាវាចម្បាំងផងដែរ។
កាលពីថ្ងៃចន្ទ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ក៏បានអះអាងដែរថា ការផ្សព្វផ្សាយព័ត៌មានស្តីអំពីកម្ពុជាចុះហត្ថលេខាជាសម្ងាត់ ជាមួយចិន ប្រើប្រាស់មូលដ្ឋានយោធានៅកម្ពុជា គឺជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា។ លោកនាយករដ្ឋមន្ត្រី ចោទសួរថាតើកម្ពុជាត្រូវការវត្តមានយោធាចិនលើទឹកដីរបស់ខ្លួនដើម្បីអ្វី? យើងមិនដែលបានពិភាក្សាណាមួយជាមួយមេដឹកនាំចិននោះឡើយ កុំថាឡើយដល់មានចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ល្មមឈប់ប្រើព័ត៌មានក្លែងបន្លំអំពីវត្តមានកងទ័ពចិនលើទឹកដីកម្ពុជាដើម្បីប្រឆាំងនិងយើងហើយ។ នេះបើតាមលោក ហ៊ុន សែន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ