លំហាត់សមយុទ្ធនាគមាស កម្ពុជា-ចិន ឆ្នាំ២០១៩ បានបើកធ្វើនៅថ្ងៃនេះ ក្នុងទ្រង់ទ្រាយធំជាងមុន
លំហាត់សមយុទ្ធនាគមាស កម្ពុជា-ចិន ឆ្នាំ២០១៩ បានចាប់ផ្តើមបើកធ្វើជាផ្លូវការហើយ នៅព្រឹកថ្ងៃទី ១៣ ដល់ថ្ងៃទី២៧មីនានេះ នៅទីលានបាញ់គ្រាប់ពិត ស្ថិតនៅស្រុកជុំគីរី ខេត្តកំពត។ លំហាត់សមយុទ្ធនេះ មានការចូលរួមពីកងទ័ពកម្ពុជា-ចិនសរុបជិត៣ពាន់នាក់ អមដោយអាវុធយុទ្ធភណ្ឌធន់ធ្ងន់ជាច្រើនទៀត។ អ្វីជាការកត់សំគាល់ លំហាត់សមយុទ្ធកម្ពុជា-ចិន នៅឆ្នាំ ២០១៩នេះ បានធ្វើឡើងក្នុងទ្រង់ទ្រាយធំជាងមុន បើធៀបនឹងលើកទី០១នៅឆ្នាំ ២០១៦ និងលើកទី០២ នៅឆ្នាំ ២០១៨។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លំហាត់សមយុទ្ធ «នាគមាសឆ្នាំ២០១៩» រវាងកងទ័ពកម្ពុជា-ចិន បានបើកធ្វើជាផ្លូវការនៅថ្ងៃនេះ ក្រោមការចូលរួមពីលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងឧត្តមសេនីយ៍ទោ ហ្វេង ហ៊្សាង (Feng Xiang) នាយរងសេនាធិការកងទ័ពជើងគោគនៃតំបន់យោធភូមិភាគខាងត្បូងរបស់កងទ័ពរំដោះប្រជាជនចិន។ ក្រៅពីនេះ នៅមានការចូលរួមពីភ្ញៀវជាតិ-អន្តរជាតិ អនុព័ន្ធយោធា អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។ លំហាត់សមយុទ្ធនៅលើទីលានបាញ់គ្រាប់ពិតនេះ មានរយៈពេល១៥ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២៧ មីនានេះ ស្ថិតនៅលើទីលានបាញ់គ្រាប់ពិត សាលាហ្វឹកហ្វឺនតេជោសែនជុំគីរី ស្ថិតនៅភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនិងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទបានថ្លែងប្រាប់ក្រុមអ្នកកាសែតនៅក្នុងខេត្តកំពតថា ការធ្វើលំហាត់សមយុទ្ធនាគមាសរវាងកងទ័ពកម្ពុជា-ចិន ឆ្នាំ២០១៩នេះ មិនមែនជាការគំរាមកំហែងដល់ប្រទេស ឬបុគ្គលណាមួយនោះឡើយ។ បើតាមលោកនាយឧត្តមសេនីយ៍ លំហាត់សមយុទ្ធយោធានេះ នឹងធ្វើឡើងជារៀងរាល់ឆ្នាំ ហើយនិងមានទ្រង់ទ្រាយធំជាបន្តបន្ទាប់ ដើម្បីពង្រឹងសមត្ថភាពដល់កងទ័ពកម្ពុជា។ លំហាត់សមយុទ្ធនេះ មានការចូលរួមពីកងទ័ពរំដោះប្រជាជនចិនចំនួន២៥២នាក់ និងកងទ័ពកម្ពុជាចំនួន២.៥៤២នាក់។ ក្នុងនោះមានកម្លាំងធ្វើលំហាត់ចំនួន៣៨២នាក់, កម្លាំងបម្រើការក្នុងលំហាត់ចំនួន៤៤៨នាក់, កម្លាំងចូលរួមក្នុងពិធីបើក-បិទ ចំនួន១.៦៨៥នាក់។ លំហាត់សមយុទ្ធនៅលើទីលានបាញ់គ្រាប់ពិតនេះ មានរយៈពេល១៥ថ្ងៃ ដោយធ្វើការហ្វឹកហាត់ក្នុងទីបញ្ជាការនិងទីលានដោយផ្តោតសំខាន់លើវិញ្ញាសាមួយចំនួន ដូចជា ការប្រឆាំងភេវរកម្ម, ការរំដោះចំណាប់ខ្មាំង, ការសង្រ្គោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិ, ការបំពេញភារកិច្ចក្រោមឆ័ត្រអង្គការសហប្រជាជាតិនិងវិស្វកម្ម អមដោយអាវុធយុទ្ធភណ្ឌ សំខាន់ៗ ដូចជា រថពាសដែក, រថក្រោះ, កាំភ្លើងធំ, កាំភ្លើងត្បាល់, ឧទ្ធម្ភាគចក្រ និងអាវុធគាំទ្រពីលើអាកាសជាដើម។
គួរជំរាបជូនថា លំហាត់សមយុទ្ធនាគមាសកម្ពុជា-ចិន លើកទី០៣ ដែលបានចាប់ផ្តើមពីឆ្នាំ២០១៦ និងឆ្នាំ២០១៨មក បានធ្វើឡើងបន្ទាប់ពីប្រទេសកម្ពុជា បានសម្រេចផ្អាកការធ្វើលំហាត់សមយុទ្ធយោធាជាមួយកងទ័ពសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ២០១៧មក។ អ្វីជាការកត់សំគាល់ លំហាត់នាគមាសឆ្នាំ២០១៩នេះ ត្រូវបានគេមើលឃើញថា មានលក្ខណៈទ្រង់ទ្រាយធំជាងមុន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ