កម្ពុជា

សារមន្ទីរ​មីន ដំបូង​បង្អស់​នៅ​កម្ពុជា ត្រូវ​បាន​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​ថ្ងៃ​នេះ

សារមន្ទីរ​មីន​ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​សៀមរាប
សារមន្ទីរ​មីន​ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​សៀមរាប @facebook

សារ​មន្ទីរ​មីន​ដំបូង​បង្អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​សម្ពាធ​ដាក់​ឲ្យ​សាធារណជន​ចូល​ទស្សនា​ជា​ផ្លូវ​ការ​ហើយ​នៅ​ថ្ងៃ​នេះ។ ​សាង​សង់​លើ​ផ្ទៃ​ដី​ជាង​១២​ហិកតា​ សារ​មន្ទីរ​មីន​ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​សៀម​រាប​នេះ បាន​ទទួល​ជំនួយ​ពី​រដ្ឋា​ភិ​បាល​ជប៉ុន។ មន្ដ្រី​រដ្ឋា​ភិ​បាល​បាន​គូស​បញ្ជាក់​ថា ការ​បង្កើត​ឲ្យ​មាន​សារ​មន្ទីរ​មីន​នេះ គឺ​ដើម្បី​ដាក់​តាំង​បង្ហាញ​នូវ​ប្រវតិ្ត​សាស្រ្ត​សង្គ្រាម​ដែល​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​បញ្ជាក់​ពី​ស្នាដៃ​ដោះ​ស្រាយ​របស់​រដ្ឋា​ភិ​បាល​ ចំពោះ​សំ​ណល់​ក្រោយ​សង្គ្រាម​ផង​ដែរ​។

ផ្សាយពាណិជ្ជកម្ម

អត្ថបទដោយ៖ ប៊ុន សៅសុភនាថ

សារ​មន្ទីរ​សន្តិភាព​សកម្មភាព​មីន មាន​ទីតាំង​នៅ​ក្នុង​ទី​បញ្ជា​ការ​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ស៊ីម៉ាក់ នៅ​ភូមិ​ភាគ​ទី២ ក្នុង​ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទ​បាគង ខេត្ត​សៀមរាប។ នៅ​ក្នុង​បរិវេណ​សារ​មន្ទីរ​សរុប​១២​ហិកតា ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្ដរជាតិ អាច​ទស្សនា​​អាវុធ​ជាតិ​ផ្ទុះ​ពី​សម័យ​ដើម មាន​ដូច​ជា៖ គ្រាប់​មីន​មិន​ទាន់​ផ្ទុះ​ដែល​រក​ឃើញ​ពី​ទូទាំង​ប្រទេស ព្រម​ទាំង​រូបភាពរចនា​បង្ហាញ​ពី​គ្រាប់​បែក​ធ្លាក់​ក្នុង​អគារ។ ក៏​មាន​ផង​ដែរ ការ​តាំង​គ្រឿង​ចក្រ​កម្ទេច​មីន រថយន្ត​ដោះ​មីន អាវ​គ្រោះ ឧបករណ៍​រាវ​មីន និង គ្រឿង​បន្លាស់​ផ្សេងៗ​ទៀត​។

ទាក់​ទង​នឹង​ការ​បង្កើត​សារ​មន្ទីរ​នេះ លោក​ហេង រតនា អគ្គ​នាយក​ស៊ីម៉ាក បាន​បញ្ជាក់​ថា រដ្ឋា​ភិបាល​កម្ពុជា​បាន​រួម​ចំណែក​ប្រគល់​ផ្ទៃ​ដី​ចំនួន​១២​ហិកតា​។ ចំណែក​ថវិកា​ដទៃ​ទៀត​ បាន​មកពី​ជំនួយ​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល និង​ដៃ​គូរ​អភិវឌ្ឍន៍។ សូម​ជម្រាប​ជូន​ថា សារ​មន្ទីរ​នេះ ក៏​ទទួល​បាន​ជំនួយ​ពី​រដ្ឋា​ភិបាល​ជប៉ុន ជា​សម្ភារៈ​បច្ចេក​ទេស​បោស​សម្អាត​មីន មាន​ដូចជា​គ្រឿង​ចក្រកម្ទេច​មីន​ធុន​ធ្ងន់ រថយន្ត​គ្រប់​ប្រភេទ និង ម៉ាស៊ីន​រាវ​មីន​ជាដើម។ ជំនួយ​ពី​ជប៉ុន​ទាំង​នេះ សរុប​ជា​ទឹក​ប្រាក់​​ប្រមាណ​១២លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​​។

ជា​ការ​កត់​សម្គាល់ រដ្ឋាភិបាល​កម្ពុជា​មាន​គោល​បំណង​ចង់​ឲ្យ​សារមន្ទីរ​មីន​នេះ ក្លាយ​ជា​កន្លែងសិក្សា​ប្រវត្តិសាស្ត្រ​មួយ​របស់​យុវជន។ ជាក់ស្តែង កាល​ពី​ថ្ងៃ​ពុធទី​៥​កក្កដា លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​បាន​សរសេរ​លើ​គេហទំព័រ​ហ្វេស​បុក​ថា សារមន្ទីរ​មាន​ប្រយោជន៍​ខ្លាំង​ណាស់ សម្រាប់​យុវជន​ជំនាន់​ក្រោយ ដែល​កើត​មិន​ទាន់​សង្រ្គាម​ ដើម្បី​សិក្សា​ស្វែង​យល់​អំពី​សង្រ្គាម និង​ផល​ប៉ះ​ពាល់​នា​នា​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ដោយ​ឡែក ប្រធាន​ស៊ីម៉ាក់ លោក​ហេង រតនា ​ក៏​សង្ឃឹម​ដែរ​ថា សារ​មន្ទីរ​មីន​ដ៏​ថ្មី​ស្រឡាង​នេះ នឹង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មួយ​ចំនួន​ដែលទៅ​អង្គរវត្ត ឲ្យឆ្លៀត​​ចូល​ទស្សនា​បាន។ យ៉ាង​ណា​ក៏​ដោយ តម្លៃ​សំបុត្រ​ចូល​ទស្សនា​សារមន្ទីរ​នេះ មិន​ទាន់​ត្រូវ​បាន​បាន​កំណត់​នៅឡើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI