កម្ពុជា

ក្រសួង​រ៉ែ បញ្ឈប់​ការ​នាំ​ខ្សាច់​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស ខណៈ​អ្នក​ការពារ​បរិស្ថាន ថា​គ្មាន​ប្រសិទ្ធភាព​ទេ

រូបភាពចាស់៖ ក្រសួង​​រ៉ែ បញ្ឈប់​​ការ​​នាំ​​ខ្សាច់​​ចេញ​​ទៅ​​លក់​​នៅ​​ក្រៅ​​ប្រទេស ខណៈ​​អ្នក​​ការពារ​​បរិស្ថាន ថា​​គ្មាន​​ប្រសិទ្ធភាព​​ទេ
រូបភាពចាស់៖ ក្រសួង​​រ៉ែ បញ្ឈប់​​ការ​​នាំ​​ខ្សាច់​​ចេញ​​ទៅ​​លក់​​នៅ​​ក្រៅ​​ប្រទេស ខណៈ​​អ្នក​​ការពារ​​បរិស្ថាន ថា​​គ្មាន​​ប្រសិទ្ធភាព​​ទេ

ក្រសួង​រ៉ែ​និង​ថាមពល បាន​បញ្ឈប់​ការ​នាំ​ខ្សាច់​គ្រប់​ប្រភេទ​ពី​ខេត្ត​កោះកុង ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស។ នេះ​បើ​តាម​សេចក្តី​ប្រកាស​និង​សារាចរ​របស់​រដ្ឋមន្ត្រី​ ​លោក ស៊ុយ សែម កាល​ពី​ម្សិល​មិញ។ ការ​ប្រកាស​បញ្ឈប់​នេះ គឺ​គ្មាន​កំណត់​ពេល​ថា​នឹង​បើក​ឲ្យ​នាំ​ចេញ​ខ្សាច់​វិញ ​នៅ​ពេល​ណា​ទេ។ ចំណែក​អ្នក​ការពារ​បរិស្ថាន​នៅ​ខេត្ត​កោះកុង​នោះ យល់​ថា វិធាន​ដូច្នេះ គឺ​មិន​មែន​ជា​រឿង​ថ្មី​ទេ ហើយ​លើក​នេះ​ទៀត ក៏​នៅ​តែ​គ្មាន​ប្រសិទ្ធភាព​ដែរ។

ផ្សាយពាណិជ្ជកម្ម

ចំពោះ​រាល់​អាជីវកម្ម​នាំ​ចេញ​ខ្សាច់​សំណង​គ្រប់​ប្រភេទ​និង​ខ្សាច់​ល្បាយ​ភក់ ពី​ក្នុង​ខេត្ត​កោះកុង ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ គឺ​ត្រូវ​ហាម​ឃាត់​បញ្ឈប់​ជា​ស្ថាពរ​ចាប់​ពី​ពេល​នេះ​ត​ទៅ​ ហើយ​ក៏​គ្មាន​កំណត់​ពេល​ឲ្យ​បើក​ការ​នាំ​ចេញ​វិញ​ដែរ។ ការ​បញ្ឈប់​នេះ គឺ​ត្រូវ​ក្រសួង​រ៉ែ​ពន្យល់​ថា ដើម្បី​ជៀស​វាង​ការ​បង្ក​ផល​ប៉ះ​ពាល់​ជា​អវិជ្ជមាន​ដល់​បរិស្ថាន​ ជលសាស្ត្រ និង​សង្គម​ រួម​ទាំង​ដើម្បី​ការពារ​ផល​ប្រយោជន៍​សាធារណៈ​រយៈ​ពេល​វែង។​

ក្រសួង​រ៉ែ យល់​ឃើញ​ទៀត​ថា ខ្សាច់​និង​ខ្សាច់​ល្បាយ​ភក់ គឺ​ជា​ធន​ធាន​រ៉ែ​មាន​តម្លៃ​ និង​ជា​វត្ថុធាតុ​ដើម​សំខាន់​ ចាំ​បាច់​មិន​អាច​ខ្វះ​បាន​សម្រាប់​វិស័យ​សំណង់ និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​នានា។ ដូច្នេះ​ក្រៅ​ពី​បញ្ឈប់​ការ​នាំ​ចេញ ក្នុង​ការ​អនុវត្ត​អាជីវកម្ម​នៅ​ក្នុង​ស្រុក​វិញ​ ក្រសួង​បាន​កំណត់​គោលការណ៍​សំខាន់ៗ យ៉ាង​ហោច​៤ គឺ​ដូច​ជា​ការ​ធ្វើ​អាជីវកម្ម​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ មិន​ត្រូវ​បង្ក​ផល​ប៉ះ​ពាល់​ដល់​លំនឹង​ជលសាស្ត្រ ឬ​ធ្វើ​ឲ្យ​ខូច​បរិស្ថាន​ធម្មជាតិ, មិន​ត្រូវ​បង្ក​ឲ្យ​ប៉ះ​ពាល់​ប្រែ​ប្រួល​ទម្រង់​សណ្ឋាន​រូប​សាស្ត្រ​នៃ​ផ្លូវ​ទឹក ឬ​ធ្វើ​ឲ្យ​បាក់​ច្រាំង, និង​មិន​ត្រូវ​បំពុល​គុណភាព​ទឹក​ជា​ដើម។

ថែម​ពី​នេះ ក្រសួង​បញ្ជាក់​ថា ការ​ទាញ​យក​ខ្សាច់ ពី​ស្ទឹង​ឬ​ព្រែក​ គឺ​ត្រូវ​កំណត់​ជាក់​លាក់​ពី​លក្ខខណ្ឌ​អាជីវកម្ម​ និង​ពី​ទំហំ​កម្លាំង​ម៉ាស៊ីន​បូម​ខ្សាច់​ទៀត​ផង ចាប់​ពី​កម្លាំង​៣០​សេះ​ ទៅ​ដល់​២០០​សេះ​ជា​ដើម ទៅ​តាម​ប្រភេទ​អាជីវកម្ម។ ការ​កំណត់​ដូច​នេះ សម្រាប់​អនុវត្ត​នៅ​តាម​ស្ទឹង​ស្រែ​អំបិល, ស្ទឹង​តាតៃ, ស្ទឹង​ត្រពាំង​រូង និង​ស្ទឹង​កោះ​ប៉ោ ក្នុង​ខេត្ត​កោះកុង។​

ដោយ​ឡែក ចំពោះ​យុវជន ថុន រដ្ឋា សកម្មជន​បរិស្ថាន របស់​អង្គការ​មាតា​ធម្មជាតិ បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង ​RFI ថា​ការ​បញ្ឈប់​ការ​នាំ​ចេញ​ខ្សាច់​គឺ​ជា​អ្វី​ដែល​សកម្មជន​បរិស្ថាន​បាន​ស្នើ​សុំ​និង​ទាម​ទារ​ជា​យូរ​មក​ហើយ។ ក៏​ប៉ុន្តែ វិធាន​របស់​ក្រសួង​រ៉ែ​លើក​នេះ ក៏​មិន​មែន​ជា​រឿង​ថ្មី​ដែរ។ បើ​តាម​លោក ថុន រដ្ឋា ដដែល​, ចំណាត់​ការ​របស់​ក្រសួង​ ​គឺ​មាន​តែ​ត្រឹម​លើ​ក្រដាស ប៉ុន្តែ​សកម្មភាព​ជាក់​ស្តែង គឺ​គ្មាន​ប្រសិទ្ធិភាព​ទេ។ ការ​ដែល​លោក​គិត​ថា គ្មាន​ប្រសិទ្ធិភាព​ ព្រោះ​ថា អាជ្ញាធរ​នៅ​តែ​មិន​អាច​ហាម​ប្រាម​ ​បញ្ឈប់​ជា​ដាច់​ខាត់​ចំពោះ​ក្រុមហ៊ុន​ធំៗ​ដែល​ធ្វើ​អាជីវកម្ម​នៅ​ទី​នោះ។

សកម្មជន​ចលនា​មាតា​ធម្មជាតិ​រូប​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា ទន្ទឹម​នឹង​ក្រសួង​ចេញ​លិខិត​ហាម​ដូច្នេះ មាន​ក្រុមហ៊ុន​មួយ​ ទើប​តែ​សាង​សង់រួច ​អាង​សម្អាត​ខ្សាច់​សម្រាប់​នាំ​ចេញ​ថ្មី​មួយ​ទៀត នៅ​ក្បែរ​កោះ​ស្មាច់​ ខេត្ត​កោះកុង​នោះ​ឯង។ ដូច្នេះ ចំពោះ​យុវជន​ ថុន រដ្ឋា, វិធាន​ថ្មី​របស់​ក្រសួង​ គ្រាន់​តែ​ជា​ក្រដាស​បំភ័ន​ភ្នែក​ពលរដ្ឋ​តែ​ប៉ុណ្ណោះ។

បើ​តាម​ការ​បញ្ជាក់​របស់​លោក ថុន រដ្ឋា សកម្មជន​ឈរ​ជើង​នៅ​មូលដ្ឋាន​នោះ​ស្រាប់​, វិបត្តិ​និង​ការ​ប៉ះ​ពាល់​ពី​ការ​បូម​ខ្សាច់​ បាន​កើត​ឡើង​ខ្លាំង​ជាង​១០​ឆ្នាំ​មក​ហើយ និង​បាន​ធ្វើ​ឲ្យ​បាត់​បង់​លុយ​ជាតិ ​រាប់​រយ​ម៉ឺន​ដុល្លារ ដែល​មិន​ទាន់​មាន​ការ​បក​ស្រាយ​ច្បាស់​លាស់​នៅ​ឡើយ​ទេ៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI