កម្ពុជា

ក្រសួង​ពាណិជ្ជ​កម្ម​ដាក់ចេញ​នូវដំណោះ​ស្រាយ​រយៈ​ពេល​ខ្លី​ ទៅលើ​បញ្ហា​កសិផល​ពោត​ធ្លាក់​ថ្លៃ​

ក្រសួង​ពាណិជ្ជកម្ម​ដាក់​ចេញ​នូវ​ដំណោះ​ស្រាយ​រយៈ​ពេល​ខ្លី ទៅ​លើ​បញ្ហា​កសិផល​ពោត​ធ្លាក់​ថ្លៃ
ក្រសួង​ពាណិជ្ជកម្ម​ដាក់​ចេញ​នូវ​ដំណោះ​ស្រាយ​រយៈ​ពេល​ខ្លី ទៅ​លើ​បញ្ហា​កសិផល​ពោត​ធ្លាក់​ថ្លៃ

បញ្ហា​កសិផល​ពោត​ធ្លាក់​ថ្លៃ​ឆ្នាំ​នេះ​ នឹង​ត្រូវ​បានដោះ​ស្រាយ​ ដោយ​ប្រើ​ប្រាស់​ថវិការ​បន្ថែម​រហូត​ដល់​៥០​លាន​ដុល្លា​ ក្នុង​នោះ​មាន​២៧លាន​ដុល្លា​ ដែលជាទឹក​ប្រាក់​សល់ពីការដោះ​ស្រាយ​បញ្ហា​ស្រូវ​ កាលពី​ឆ្នាំ​មុន​។ បន្ថែម​ពីនេះ​ ក្រសួង​ពាណិជ្ជ​កម្ម​បាន​សម្រេច​ប្រើ​យុទ្ធ​សាស្ដ្រ​មួយ​ចំនួន​ ដើម្បី​ដោះស្រាយ​បញ្ហា​ពោត​ក្នុង​ឆ្នាំ​២០១៧​។​ នេះបើតាម​សេចក្ដី​ជូនដំណឹង​របស់​ខ្លួន​ ស្ដី​ពី​បញ្ហា​កសិផលពោត​ កាលពី​ថ្ងៃ​ទី​១៨កក្ក​ដា​ ឆ្នាំ​២០១៧ ម្សិល​មិញនេះ​។

ផ្សាយពាណិជ្ជកម្ម

អត្ថបទដោយ៖ ទី កញ្ញា និង ហេង ពុធីរៈ

លោក​កៅ​ ថាច​ អគ្គ​នាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ បាន​លើក​ឡើង​ថា​ សម្រាប់​ការដោះ​ស្រាយ​បញ្ហា​ថវិការកសិផលពោត​ឆ្នាំ​នេះ​ គោលការណ៍​របស់​ធនាគារ​ នឹង​ផ្ដល់​កម្ចី​សម្រាប់​ទុន​បង្វិល​ ឥណទាន​វិនិយោគ​ ដល់​ម្ចាស់​សៃឡូ​ ក្នុង​ការ​ប្រាក់​ទាប​ជាង​មុន​ ពោល​គឺ​ចន្លោះ​ពី ​៥%​ទៅ​៧%​ ។ គួរ​បញ្ជាក់​ថា​ បច្ចុប្បន្ន​ ធនាគារ​អភិវឌ្ឍន៍​ជនបទ​ មាន​ទឹកប្រាក់​ក្នុង​ដៃ​ចំនួន​ ២៧លាន​ដុល្លា​ ខណៈ​ដែល​រដ្ឋា​ភិបាល​គ្រោង​នឹង​បង្កើន​ថវិការ​បន្ថែម​ដល់​ប្រមាណ​៥០​លាន​ដុល្លា​។

ទន្ទឹម​នឹងនេះ​ ក្រសួង​ពាណិជ្ជ​កម្ម​ នឹង​អនុវត្ត​លើវិធានការ​រយៈ​ពេល​ខ្លី​ សហការជាមួយ​ម្ចាស់​សៃឡូ​ ដែល​ត្រូវ​ការ​ខ្ចី​ប្រាក់​ ដើម្បី​ទិញ​កសិផល​ពោត​ ធ្វើ​ឡសម្ងួត​ និង​ពង្រីក​ឃ្លាំង​ស្ដុក​ពោត​បន្ថែម​។ ក្រសួង​បានបន្ថែម​ថា​ ខ្លួន​នឹងចងក្រង​របាយ​ការណ៍​ ដើម្បី​ស្នើ​សុំទៅ​រដ្ឋា​ភិបាល​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ ឲ្យ​កាត់​បន្ថយ​លើការចំណាយ​ក្រៅ​ផ្លូវ​ការនានា​ឲ្យ​បាន​ពេញលេញ​។ ហើយ​ក្រសួង​បាន​បញ្ជា​ឲ្យ​ ភ្នាក់​ងារគយ​ និងកាំកុង​ត្រូល​ ឈប់យកកម្រៃ​លើការនាំចេញ​កសិផលពោត​ ចាប់ពីពេល​នេះតទៅ​។

បញ្ហា​កសិផល​ពោតបាន​ធ្លាក់​ថ្លៃ​ពី៤៤០រៀល​ មកត្រឹម​៣៦០រៀល​ ព្រោះតែ​អាកាសធាតុ​មិនអំណោយ​ផល​ ដោយមាន​ភ្លៀង​ធ្លាក់​ច្រើន​ដែល​ធ្វើ​ឲ្យ​កសិករ​មានការលំបាក​ក្នុង​ការ​សម្ងួត​កសិផល​ពោត​។ ក្រៅ​ពីនេះ​ កត្តា​មួយ​ចំនួន​ទៀត​ ដែល​ធ្វើ​ឲ្យ​ពោត​ធ្លាក់​ថ្លៃ​ដែរ​ មានដូចជា​ ការចំណាយ​លើ​ប្រាក់ក្រៅផ្លូវការ​ទៅដល់​មន្ត្រី​ពាក់ព័ន្ធ​តាម​ច្រក​ព្រំ​ដែន​ កង្វះ​ខាត​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​ការ​ស្ដុក​ពោត​ និងបរិមាណ​ផលិត​លើសពី​តម្រូវការ​ទីផ្សារ​។

គួរ​បញ្ជាក់​ថា​ ខណៈពេល​ដែល​តម្រូវ​ការទី​ផ្សារ​កសិផលពោត​នៅមាន​កម្រិត​ ចំនួន​កសិផល​ពោត​ឆ្នាំ​២០១៧​ មានការកើន​ឡើង​ខ្លាំង​ដល់ទៅ​១លានតោន​ បើ​ធៀបទៅនឹង​ឆ្នាំ​២០១៦​មាន​ចំនួន​ត្រឹម​តែ​១០តោន​ប៉ុណ្ណោះ​ ដែល​គិតជាទឹក​ប្រាក់​ប្រមាណ​១៤លាន​ដុល្លា​។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI