កម្ពុជា-នយោបាយ

ក្រសួង​មហាផ្ទៃ ​នឹង​ស៊ើបអង្កេត​លើ​ប្រភព​ថវិការ​គណបក្ស​ប្រឆាំង រួមទាំង​ការ​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌​

អ្នកគាំទ្របក្សសង្រ្គោះជាតិមកពីបណ្តាខេត្តខ្លះ បានអះអាងថា មានការឃាត់ឃាំងដំណើររថយន្ត មិនឱ្យពួកគេមកជួបជុំគ្នា នៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ ក្នុងសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែកញ្ញា។
អ្នកគាំទ្របក្សសង្រ្គោះជាតិមកពីបណ្តាខេត្តខ្លះ បានអះអាងថា មានការឃាត់ឃាំងដំណើររថយន្ត មិនឱ្យពួកគេមកជួបជុំគ្នា នៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ ក្នុងសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែកញ្ញា។ @RFI

​អ្នក​នាំពាក្យ​​ក្រសួង​មហាផ្ទៃ​​បាន​​អះអាង​​នៅ​ថ្ងៃ​នេះ​​ថា ​ក្រសួង​មហាផ្ទៃ​​នឹង​​បើក​​ការ​ស៊ើប​អង្កេត​​ទៅ​លើ​​គណ​បក្ស​​សង្គ្រោះ​ជាតិ ​ទាក់ទង​​នឹង​​ប្រភព​​ថវិការ​​របស់​​គណបក្ស​​ប្រឆាំង​​មក​ពី​​ក្រៅ​ប្រទេស​។ ​បន្ថែម​​លើ​​នេះ ​ក្រសួង​​ក៏​​នឹង​​ស៊ើប​អង្កេត​​ផងដែរ ​ពី​​បទ​​ប៉ុនប៉ង​​ធ្វើ​​បដិវត្តន៍​​ពណ៌​។ ​ប៉ុន្តែ​​អ្នកនាំ​ពាក្យ​​គណបក្ស​ប្រឆាំង​​បាន​​ច្រានចោល​​ពី​​ផែន​ការ​ធ្វើ​បដិវត្ត​ន៍​ព​ណ៌ ​និង​​បាន​​ចាត់ទុក​ថា ​ចំណាត់​ការ​​របស់​ក្រសួងមហាផ្ទៃ គឺជា​ចេតនា​នយោបាយ។

ផ្សាយពាណិជ្ជកម្ម

ការប្រកាស​ពី​ការស៊ើបអង្កេត​ទៅលើ​ប្រភព​ថវិការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើ​ឡើង​បន្ទាប់ពី​សារព័ត៌មាន​ក្នុងស្រុក​ឈ្មោះ Fresh News បាន​ចុះផ្សាយ​ជា​បន្តបន្ទាប់ ពី​ទំនាក់ទំនង​របស់​ក្រុមគ្រួសារ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​ជនបរទេស ដែល​សារព័ត៌មាន​ក្នុងស្រុក​នេះ​បាន​អះអាងថា គឺជា​ចារកម្ម​បរទេស​បង្កប់​នៅ​ក្នុង​​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​របស់លោក​នាយ​ក​រដ្ឋ​មន្ត្រី ហ៊ុន សែន។ លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​អះអាងថា អាជ្ញាធរ​​កម្ពុជា​មិនអាច​ព្រងើយកន្តើយ ចំពោះ​ព័ត៌មាន​បែកធ្លាយ​នេះ​ទេ។

បើតាម​លោក ខៀវ សុភ័គ អាជ្ញាធរ​ក្រសួងមហាផ្ទៃ​នឹង​ស៊ើបអង្កេត​ទៅលើ​ប្រភព​ថវិការ​របស់​​គណបក្ស​សង្គ្រោះ​ជាតិ ថា​តើ​គណបក្ស​នេះ បានទទួល​ថវិកា​រម​ក​ពី​ណាខ្លះ ដើម្បី​ដំណើរ​គណបក្ស​នេះ។ តើ​ពួកគេ​មាន​ទទួល​ថវិការ​ពី​ជនបរទេស ពី​អង្គការ​ក្រៅ​រដ្ឋាភិ​បាល​​ប​រទេស ឬ​ពី​រដ្ឋាភិបាល​បរទេស​ណា​មួយ​ឬទេ? ហើយ​ប្រសិនបើ ការស៊ើបអង្កេត​រក​ឃើញ​​ថា គណបក្ស​សង្គ្រោះ​ជាតិ​មាន​កំហុស​មែន នោះ​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ នឹងត្រូវ​ប្រឈមមុខ​នឹង​ការរំលាយចោល​តែម្តង។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ខៀវ សុភ័គ ដោយយោង​ទៅលើ ច្បាប់​ស្តីពី​គណបក្សនយោបាយ​ដែល​ត្រូវបានធ្វើ​វិសោធ​ន​កម្ម​ចំនួន​ពីរលើក​រួចមក។

ប៉ុន្តែ​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក យឹម សុវណ្ណ បាន​ច្រាន​ចោល​ចំពោះ​ការចោទប្រកាន់​នេះ និង​បាន​ចាត់ទុកថា នេះ​គឺជា​ការ​លាប​ពណ៌​មក​លើ​​គណបក្សប្រឆាំង​ក្នុង​ចេតនា​នយោបាយ។ គណបក្សប្រឆាំង បាន​អនុវត្ត​ត្រឹមត្រូវ​តាម​ច្បាប់ ​និង​ដោយ​សន្តិវិធី។ បើតាម​លោក យឹម សុវណ្ណ ប្រភព​ថវិកា​របស់​គ​ណ​បក្ស​សង្គ្រោះ​​ជាតិ គឺ​ភាគច្រើន​បានមក​តែ​ពី​សមាជិក និង​អ្នកគាំទ្រ​ទាំង​នៅក្នុង​ស្រុក និង​ប្រជាពលរដ្ឋ​​ខ្មែរ​នៅក្រៅ​ប្រទេស​តែប៉ុណ្ណោះ។ លោក យឹម សុវណ្ណ ក៏បាន​បដិសេធថា គណបក្ស​​សង្គ្រោះ​ជាតិ មិនមាន​ជាប់​ពាក់ព័ន្ធ​នឹង​ជំនួយ​ពី​បរទេស​នោះទេ។

គួរ​ជំរាបជូន​ថា ការប្រកាស​ពី​ការស៊ើបអង្កេត​ទៅលើ​លំហូ​ថវិការ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​នេះ គឺ​ស្រប​ពេលដែល​ក្រសួងមហាផ្ទៃ​ដដែល​នេះ ក៏បាន​ប្រកាស​ពី​ការស៊ើបអង្កេត​ទៅលើ​បណ្តាញ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ពីបទ​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌ ហើយ​ជា​អ្វីដែល​អ្នកវិភាគ​មួយរូប​ចាត់ទុកថា គឺជា​ចំណាត់ការ​ដើម្បី​បោសសំអាត​ឧបសគ្គ​រាំងផ្លូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឆ្ពោះទៅរក​ជ័យជម្នះ​នៅក្នុង​ការបោះឆ្នោតជាតិ​ឆ្នាំក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI