កម្ពុជា-សេដ្ឋកិច្ច

គម្រោងអាគារប៊ូឌីញ ស ថ្មី៖ ក្រសួងរៀបចំដែនដី ចុះស្រង់ស្ថិតិទិន្នន័យព័ត៌មាន និង បន្ទប់

សកម្មភាព ក្រុមការងារក្រសួងរៀបចំដែនដី ចុះស្រង់ស្ថិតិប្រជាពលរដ្ឋសហគមន៍ប៊ូឌីញ ស៕
សកម្មភាព ក្រុមការងារក្រសួងរៀបចំដែនដី ចុះស្រង់ស្ថិតិប្រជាពលរដ្ឋសហគមន៍ប៊ូឌីញ ស៕ @FB/Chea Sophara

ក្រសួង​ដែន​ដី​នគរូបនីយ​កម្ម និងសំណង់ នៅថ្ងៃទី ០៣ ខែ ធ្នូ នេះ បាន​ដឹក​នាំ ក្រុម​ចំរុះ​របស់​ក្រសួង​ ចុះត្រួតពិនិត្យ អាគារប៊ូឌិញ និង ចុះ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ ជិត ៥០០ គ្រួសារ ដែល​មាន​ទីតាំង​ស្ថិត​នៅ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ។ ការ​ចុះ​ប្រតិបត្តិការ​នេះ ដើម្បី​ស្រង់​ស្ថិតិប្រជាពលរដ្ឋ​ដែល​រស់​នៅ​ប៊ូឌិញ និង វាស់​វែង​ទំហំ​បន្ទប់ ជាក់​ស្តែង។ ប្រជាពលរដ្ឋ​សហគមន៍​ប៊ូឌីញ ​បានសាទរ​ចំពោះ​ការ​បោះ​ជំហាន​នេះ ក៏​ប៉ុន្តែ នៅ​តែ​មាន​ក្តី​បារម្ភ​ខ្លាច​ក្រែង​មាន​បញ្ហា​ដូច​នៅ​សហគមន៍​បុរី​កីឡា និង បឹង​កក់។

ផ្សាយពាណិជ្ជកម្ម

លោក ជា សុផារ៉ា រដ្ឋ​មន្រ្តី​ក្រសួង​ដែន​ដី​នគរូបនីយ​កម្ម និងសំណង់ នៅ​ថ្ងៃ​ទី ០៣ ខែ ធ្នូ នេះ បាន​ដឹក​នាំ ក្រុម​ចំរុះ​របស់​ក្រសួង ចំនួន​៧៤០​នាក់ ដោយ បែង​ចែក​ជា ១៧១​ក្រុម ចុះ​ត្រួត​ពិនិត្យ អាគារ​ប៊ូ​ឌិញ ដែល​មាន​ទីតាំង​ស្ថិត​នៅ ផ្លូវ​សុធារស សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំកា​មន រាជ​ធានី​ភ្នំពេញ ។ យ៉ាង​ណាក៏​ដោយ លទ្ធិផល​នៃ​ការ​ចុះ​ស្រង់​ទិន្នន័យ​ព័ត៌មាន​ប្រជាពលរដ្ឋ​និង​បន្ទប់អគារ​ប៊ូឌីញ​ នៅ​មួយ​ថ្ងៃ​ពេញ នេះ មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​ថា មាន​ចំនួន​គ្រួសារ​ឬ​បន្ទប់​បុន្មាន​នៅឡើយនោះទេ ក៏ប៉ុន្តែ លទ្ធផល​ជា​ផ្លូវការ​នឹង​ត្រូវ​ប្រកាស ភ្លាម​បន្ទាប់​ពី​បូក​សរុប​លទ្ធផល​រួច។ នេះ​បើតាម លោក សេង ឡូត អ្នក​នាំ​ពាក្យ​ក្រសួង​ដែន​ដី។
 

ការ​ចុះ​ប្រតិបត្តិការ​នេះ ​ដើម្បី​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ប៊ូឌិញ និង វាស់​វែង​ទំហំ​បន្ទប់ ជាក់​ស្តែង​។ឆ្លើយ​តប​នឹង​ក្តី​កង្វល់​របស់​ប្រជាពលរដ្ឋ​សហគមន៍ អគារ​ប៊ូឌីញ ស ដែល​លើក​ថា​ ខ្លាច​ក្រែង​មានជម្លោះ​រ៉ាំរ៉ៃ ដូច​សហគមន៍​បុរី​កីឡា និង បឹង​កក់​នោះ តំណាង​ទីប្រឹក្សា​ផ្នែក​ច្បាប់​នៃ​ក្រសួង បាន​អះ​អាង​ថា ក្រសួង​និង ក្រុមហ៊ុន​ជប៉ុន ដែល​វិនិយោគ​លើ​គម្រោង​នេះ នឹង​ធានា​ថា ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់កម្ម​សិទ្ធ​នឹង​ទទួល​បាន​ផ្ទះ ដូច​ការ​សន្យា​។

ប្រជាពលរដ្ឋ​សហគមន៍ ប៊ូឌីញ​ ស បាន​សាទរ​ចំពោះ ការ​ជំហាន​ដំបូង​ក្នុង​ការ​ស្រង់​ស្ថិតិ ប្រជាពលរដ្ឋ របស់​ក្រសួង​ដែនដី ដែល​អាច​ឲ្យ​ពួក​គេ មាន​ជំនឿ​ទុក​ចិត្ត​ចំពោះ​គម្រោង​វិនិយោគ​សាង​សង់​អាគារ​ប៊ូឌីញ ថ្មី ដែល​មាន​តម្លៃ​ជិត​ ៨០ លាន ដុល្លារ នេះ​។

 
សូម​បញ្ជាក់​ថា គម្រោង​អភិវឌ្ឍន៍​អគារ​ប៊ូឌីញ «ស»នេះ គឺ​ស្ថិត​នៅ​ក្នុង​ការ​សិក្សា​រវាង​ក្រសួង​រៀប​ចំ​ដែន​ដី ជាមួយ​ក្រុម​ហ៊ុន​ជប៉ុន Arakawa ដែល​គ្រោង​ចំណាយ​ថវិកា​ប្រមាណ ៧០-៨០​លានដុល្លារ ដោយ​រួមទាំង ការ​សាង​សង់​ទីតាំង​ស្នាក់​នៅ​បណ្តោះ​អាសន្ន និង​អគារ​ថ្មី​មាន​កម្ពស់ ២១ជាន់ ទីតាំង​ចំណត ៣ជាន់ កន្លែង​លក់​ដូរ ១ជាន់ និង​កន្លែង​ស្នាក់​នៅ ៥ជាន់ ដែល​បន្ទប់​ស្នាក់​នៅ​នីមួយៗ មាន​ទំហំ​ធំ​ជាង​មុន ១០%។ ចំណែក​ឯ ជាន់ទី៩​ឡើង​ទៅ នឹង​ផ្តល់​ជា​កម្មសិទ្ធិ​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​ Arakawa។

គម្រោង​អភិវឌ្ឍន៍​រយៈពេល​បួន​ឆ្នាំ នេះ ផ្តល់​ជម្រើស​ពីរ​ទៅ​ឲ្យ​ប្រជាពលរដ្ឋ ទី​មួយ គឺ​ការ​អភិវឌ្ឍន៍​នៅ​នឹងកន្លែង និង ទីពីរ ឬ​ក៏​ទទួល​យក​ជា​ប្រាក់​ជា​ថ្នូរ​នឹង​ការ​ចាក​ចេញ។​

សម្រាប់​​ប្រជាពលរដ្ឋ ដែល​រើស​យក​ការ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង ក្រសួង​រៀប​ចំ​ដែន​ដី​នគររូប​នីយកម្ម​និង​សំណង់​បាន​ជ្រើស​យក​ទីតាំង​នៅ​ក្រោយ​មន្ទីរពេទ្យ​រ៉ូយ៉ាល់​ភ្នំពេញ ជា​កន្លែង​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​របស់​ពលរដ្ឋ​កំពុង​រស់​នៅ​អាគាប៊ូឌីញ ប្រសិន​បើ​ពួក​គាត់​ព្រម​ទទួល​យក​លក្ខខណ្ឌ​អភិវឌ្ឍ​នៅ​នឹង​កន្លែង។ ទី​កន្លែង​ស្នាក់នៅ​បណ្ដោះ​អាសន្ន​នឹង​ត្រូវ​សាង​សង​ឡើង​ជា​លក្ខណៈ​លំនៅដ្ឋាន​ហើយ​ប្រព័ន្ធ​ទឹក​ភ្លើងនឹង​ទៅ​ដល់​នោះ​ស្រាប់។ សូមបញ្ជាក់​ថា មន្ទីរ​ពេទ្យ​រ៉ូយ៉ាល់​ភ្នំពេញ​ស្ថិត​នៅ ផ្លូវ​សហ​ព័ន្ធ​រុស្ស៊ី ​សង្កាត់​ទឹក​ថ្លា ​ខណ្ឌ​សែនសុខ ​។

នៅ​ចំពោះ​មុខ​ប្រជា​ពលរដ្ឋ​ លោក រដ្ឋមន្រ្តី  ជា សុផារ៉ា បាន​បង្ហាញ​ការ​ប្ដេជ្ញា​ថា លោក​នឹង​ធ្វើ​ឲ្យ​គម្រោង​ទទួល​បាន​ជោគជ័យ​មិន​ថាក្នុង​អាណត្តិ​របស់​លោក​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី​ឬ​ក៏​លោក​ត្រូវ​បាន​ផ្លាស់​ប្ដូរ​នោះ​ទេ។​ សម្រាប់​លោក​បើ​គម្រោង​មិន​ទទួល​បាន​ជោគ​ជ័យ​រូប​លោក​នឹង​មាន​វិប្បដិសារី។ ប៉ុន្តែ​យ៉ាងណាមិញ​លោក​បន្ថែម​ថា នៅ​ពេល​ដែល​ការ​សាង​សង​សម្រេច​បាន​ពាក់​កណ្ដាល​១០០​ភាគរយលោក​នឹង​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​ជាង​៥០០​គ្រួសារ​រស់​នៅ​ក្នុង​អាគារ​ប៊ូឌីញ​នេះ​តែ​ម្ដង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI