ក្រសួងការពារជាតិមានមោទនភាពនឹងលទ្ធផលការងារ៩ខែរបស់ខ្លួន ខណៈសង្គមស៊ីវិលថានៅខ្វះចន្លោះ
ក្រសួងការពារជាតិកម្ពុជា បានអះអាងថា ស្ថាប័នការពារជាតិមួយនេះ បានទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗនៅតាមព្រំដែន បានចំនួន ៤២៣៣លើក។ ការប្រកាសនេះ ធ្វើឡើងខណៈ ដែលក្រសួងការពារជាតិ បានរៀបចំកិច្ចប្រជុំមួយកាលពីម្សិលមិញ ដើម្បីបូកសរុបលទ្ធផលការងារ រយៈពេល ៩ខែ ឆ្នាំ២០១៨ នេះ និងការអនុវត្តការងារបន្តក្នុងត្រីមាសទី៤នាចុងឆ្នាំនេះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្នុងចំណោមបទល្មើស ដែលកងទ័ពបានទប់ស្កាត់និងបង្ក្រាបបាន ចំនួន ៤២៣៣លើកនេះ ត្រូវបានចែកជាបទល្មើសនៅតាមព្រំដែនកម្ពុជា-ថៃ ចំនួន២០៥៤លើក ព្រំដែនកម្ពុជា-វៀតណាម ចំនួន ១០០៨លើក និងព្រំដែនកម្ពុជា-ឡាវ ចំនួន១១៧១លើក។ ក្នុងចំណោមបទល្មើស ដែលកងទ័ពធ្វើការទប់ស្កាត់និងបង្ក្រាបទាំងនេះ ភាគច្រើនជាបទល្មើសរត់ពន្ធគ្រឿងញៀនឆ្លងដែន បទល្មើសកាប់ឈើខុសច្បាប់ និងការរត់ពន្ធពលករឆ្លងដែនខុសច្បាប់។
យោងតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក កងទ័ពបានអនុវត្តភារកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី បន្តពង្រឹងប្រៀបការពារជាតិលើគ្រប់វិស័យនៅតាមតំបន់ព្រំដែន រួមមានការធ្វើល្បាតជាប្រចាំដើម្បីត្រួតពិនិត្យ គ្រប់គ្រងសភាពការណ៍ និងភូមិសាស្ត្រទទួលខុសត្រូវ ចូលរួមទប់ស្កាត់បទល្មើសផ្សេងៗ និងសកម្មភាពឆ្លងដែនខុសច្បាប់ ព្រមទាំងបានបន្តកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង និងដោះស្រាយបញ្ហាផ្សេងៗ ដែលកើតមាន ដោយសន្តិវិធី ហើយប្រែក្លាយតំបន់ព្រំដែន ជាព្រំដែនដែលប្រកបដោយសុខសន្តិភាព អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ។
ដោយឡែក អ្នកតាមដានសង្គមនានាបានទទួលស្គាល់ថា នេះគ្រាន់តែជាការប្រឹងប្រែងមួយជ្រុងប៉ុណ្ណោះ នៅក្នុងការងាររបស់កងទ័ពតាមព្រំដែន។ លោក សន ជ័យ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា មើលឃើញថា លទ្ធផលដែលកងទ័ពទទួលបានរយៈពេល៩ខែនេះ មិនទាន់បានឆ្លុះបញ្ចាំងនូវប្រសិទ្ធភាពការងារនៅឡើយទេ ដោយសារ តែនៅមានកំណើននៃការប្រើប្រាស់គ្រឿងញៀននៅទូទាំងប្រទេស ការដឹកឈើខុសច្បាប់ពីក្រុមមនុស្សដែលប្រើស្លាកលេខ ខ.ម ជាដើម។
ក៏ប៉ុន្តែ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានចាត់ទុកថា សកម្មភាពការងាររយៈពេល៩ខែ ឆ្នាំ២០១៨ របស់កងទ័ព គឺជាលទ្ធផលនៃកំណែទម្រង់ររបស់កងយោធពលខេមរភូមិន្ទរយៈពេល៥ឆ្នាំ និងការអនុវត្តតាមកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ និងទី៤ របស់រដ្ឋាភិបាល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ