កម្ពុជា

ក្រសួង​អប់រំ​ និង​ក្រសួង​ការងារ​ ត្រៀម​យុទ្ធសាស្ត្រ​ចំនួន​៣​ចំណុច​ដើម្បី​គាំទ្រ​ផែនការ​ឧស្សាហកម្ម​របស់​រដ្ឋាភិបាល

រោងចក្រ​ស៊ីម៉ង់​ត៍​ចក្រី​ទី​ង​នៅ​ខេត្ត​កំពត​
រោងចក្រ​ស៊ីម៉ង់​ត៍​ចក្រី​ទី​ង​នៅ​ខេត្ត​កំពត​ RFI-sophal

ក្រោយ​សម្រេច​បង្កើត​ក្រុម​ការងារ​អន្តរ​ក្រសួង​ស្តីពី​ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​នៅ​តាម​សាលារៀន​ ក្រសួង​អប់រំ​ និង​ក្រសួង​ការងារ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ​បាន​ដាក់​ចេញ​គោល​នយោបាយ​ចំនួន​៣​ ចំណុច។ ជា​ចំណុច​ដើម្បី​សម្រេច​ផែនការ​គាំទ្រ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ស្តី​ពី​ឧស្សាហកម្ម​សម្រាប់​ឆ្នាំ​២០១៥-២០២៥។

ផ្សាយពាណិជ្ជកម្ម

ក្រសួង​អប់រំ​ និង​ក្រសួង​ការងារ​ បាន​ដាក់​ចេញ​ចំនួន​៣​ចំណុច​ដើម្បី​សម្រេច​ការ​គាំទ្រ​យុទ្ធសាស្ត្រ​ឧស្សាហកម្ម​របស់​រដ្ឋាភិបាល​រយៈ​ពេល​១០ឆ្នាំ។ ចំនុច​ទាំង​បី​នោះ​ គឺ​ការ​ត្រៀម​ប្រជុំ​សម្រួល​កម្រិត​នយោបាយ​រវាង​ក្រសួង​ទាំង​ពីរ។  ចំណុច​ទី​២ ​គឺ​យុទ្ធនាការ​ផ្សព្វផ្សាយ​ដល់​វិទ្យាល័យ​នៅ​ទូទាំង​ប្រទេស។ ជា​ការ​ផ្សព្វផ្សាយ​ពី​តម្រូវ​ការ​នៃ​ទីផ្សារ​ដល់​សិស្សានុសិស្ស​ និង​ការ​ជ្រើសរើស​ជំនាញ​ឱ្យ​បាន​ត្រឹមត្រូវ។ និង​ទី៣ គឺ​កិច្ច​សហប្រតិបត្តិការ​រវាង​ដៃ​គូរ​ពាក់ព័ន្ធ​ដើម្បី​ឱ្យ​ការ​បណ្តុះ​បណ្តាល​ទៅ​តាម​តម្រូវ​ការ​ទីផ្សារ។ ទីផ្សារ​ការងារ​ក្នុង​សង្គម​កម្ពុជា​ដែល​ត្រូវ​ការ​មនុស្ស​ជំនាញ​បច្ចេកទេស​ច្រើន​ជាង​ផ្នែក​ធុរៈកិច្ច។ លោក​ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​បាន​បញ្ជាក់​ថា​ គ្រោង​របស់​ក្រសួង​ទាំងពីរ​នឹង​ធ្វើ​យុទ្ធនាការ​នេះ​នៅ​តាម​វិទ្យាល័យ​ទូទាំង​ប្រទេស ទៅ​លើ​មុខ​ជំនាញ​អេឡិចត្រូនិច​ និង​បច្ចេកទេស​គ្រប់​ប្រភេទ​ជា​ដើម។

សូម​បញ្ជាក់​ថា​ក្រសួង​ទាំងពីរ​កាល​ពី​ថ្ងៃ​ទី​១១ មិថុនា បាន​សម្រេច​បង្កើត​ក្រុម​ការងារ​ដែល​មាន​រដ្ឋមន្ត្រី​ក្រសួង​ទាំងពីរ​ជា​សហប្រធាន។ កិច្ច​ការងារ​ក្រុម​ទាំងពីរ​នឹង​គាំទ្រ​ដំណើរ​ការ​វិវឌ្ឍ​ឧស្សាហកម្ម​កម្ពុជា។ ជំរុញ​ធនធាន​មនុស្ស​សម្រាប់​ឧស្សាហកម្ម​គ្រប់​វិស័យ​ដែល​មាន​ស្រាប់ និង​នៅ​ថ្ងៃ​អនាគត។ ក្រៅ​ពី​នោះ​យន្តការ​របស់​ក្រសួង​ទាំងពីរ​ក៏​គ្រោង​នឹង​ជ្រើសរើស​សិស្សានុសិស្ស​គ្មាន​សញ្ញាបត្រ​មធ្យម​សិក្សា ​ឱ្យ​ចូល​រៀន​បរិញ្ញាបត្ររង​ និង​សញ្ញាបត្រ​ជាន់​ខ្ពស់​បច្ចេក​ទេស​ទៀត​ផង។

លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​បញ្ជាក់​ថា​ ទីផ្សារ​ការងារ​របស់​កម្ពុជា​បច្ចុប្បន្ន​គឺ​ត្រូវ​ការ​ជំនាញ​កម្រិត​ខ្ពស់​ដើម្បី​បម្រើ​ដល់​វិស័យ​ឧស្សាហកម្ម​នា​ពេល​បច្ចុប្បន្ន​ និង​ទៅ​អនាគត។ លោក​ស្រី​ចន្ទី​ អ្នក​ប្រឹក្សា​សេដ្ឋកិច្ច​ បាន​អបអរ​សាទរ​ចំពោះ​ផែនការ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​នេះ​ព្រោះ​ថា​កម្ពុជា​នៅ​ខ្វះខាត​កម្លាំង​ពលកម្ម​វិជ្ជាជីវៈ​ជា​ច្រើន។ លោក​ស្រី​ចន្ទី​បន្ថែម​ថា​ ការ​បណ្តុះ​បណ្តាល​យុវជន​ធនធាន​មនុស្ស​តាំង​ពី​ថ្នាក់​វិទ្យាល័យ​មក​នឹង​នាំ​ឱ្យ​កម្លាំង​ពលកម្ម​របស់​កម្ពុជា​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​បម្រើ​ការងារ​ដែល​កំពុង​ប្រកួត​ប្រជែង។ ទន្ទឹម​នឹង​នេះ អ្នក​វិភាគ​សេដ្ឋកិច្ច​កម្ពុជា បាន​កត់​សំគាល់​ថា​ អ្វី​ដែល​ជា​ក្តី​ព្រួយ​បារម្ភ​សម្រាប់​ផែនការ​បណ្តុះ​បណ្តាល​នេះ​ គឺ​កង្វះ​គ្រូ​បង្គោល។ សូម​កត់​សំគាល់​ថា​ ការ​បង្កើត​ក្រុម​ការងារ​អន្តរ​ក្រសួង​ទាំងពីរ​នេះ​ គឺ​ជា​ចំណុច​គាំទ្រ​សំខាន់​លើ​គោល​នយោបាយ​ឧស្សាហកម្ម​របស់​រដ្ឋាភិបាល​ឆ្នាំ​២០១៥-២០២៥ ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI