៦ខែឆ្នាំ២០១៩ ក្រសួងយុត្តិធម៌បានផ្ដល់សេវាប្រឹក្សាផ្លូវច្បាប់ក្រៅប្រព័ន្ធតុលាការបានប្រមាណ ៣០០០ករណី
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងឲ្យដឹងថា តាមរយៈកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ក្រសួងយុត្តិធម៌បានបង្កើតប្រព័ន្ធដោះស្រាយនៅក្រៅប្រព័ន្ធតុលាការជាច្រើនមណ្ឌលនៅតាមបណ្តាខេត្តក្រុង ហើយបានដោះស្រាយវិវាទរាប់ពាន់ករណី។ ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដូច្នេះ គឺធ្វើឡើងខណៈលោកចូលទៅឆ្លើយបំភ្លឺ នៅក្នុងរដ្ឋសភានាព្រឹកថ្ងៃព្រហស្បតិ៍នេះ តាមការអញ្ជើញរបស់គណៈកម្មការទី៦នៃរដ្ឋសភា ពាក់ព័ន្ធនឹងការរៀបចំវិស័យយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា។
ចុះផ្សាយនៅថ្ងៃ៖
នៅពីមុខអ្នកតំណាងរាស្ត្រ ដែលមកពីគណបក្សប្រជាជនកម្ពុជា លោកអង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានលើកឡើងជាច្រើនស្តីពីកំណែទម្រង់ប្រព័ន្ធតុលាការនៅក្នុងអាណត្តិរដ្ឋាភិបាលទី៦នេះ ដោយលោកបានបង្ហាញថា ក្រសួងយុត្តិធម៌ បានបង្កើតប្រព័ន្ទដោះស្រាយក្រៅប្រព័ន្ធតុលាការ គឺមណ្ឌលសេវាកម្មយុត្តិធម៌ចំនួន៦៦មណ្ឌល នៅតាមមូលដ្ឋាន ក្នុងនោះមានខេត្ត ក្រុង ចំនួន១០។ ការបង្កើតមណ្ឌលសេវាកម្មយុត្តិធម៌នេះ គឺដើម្បីកាត់បន្ថយការប្ដឹងទៅតុលាការ ចំពោះវិវាទរដ្ឋប្បវេណី និងករណីតូចតាច បទលហុនឹងកាត់បន្ថយការចំណាយថវិកានឹងកាត់ បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ។ នេះបើតាមលោក អង្គ វង្ស វឌ្ឍានា។
លោកថា នៅសល់ខេត្តចំនួន ១៥ផ្សេងទៀត ដែលពុំទាន់មានមណ្ឌលសេវាកម្មយុត្តិធម៌ គឺក្រសួងយុត្តិធម៌ កំពុងតែសហការជាមួយនឹងដៃគូ ដើម្បីត្រៀមរៀបចំបង្កើតមណ្ឌលនេះឡើង ដើម្បីជួយសម្រួល ដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋ ឲ្យបាននៅទូទាំងប្រទេស។
តាមលោក អង្គ វង្សវឌ្ឍនា រយៈពេល៦ខែឆ្នាំ២០១៩នេះ ក្រសួងយុត្តិធម៌បានផ្ដល់សេវាប្រឹក្សាផ្លូវច្បាប់ក្រៅប្រព័ន្ធតុលាការ និងបានដោះស្រាយវិវាទបានជាង ២០០០ករណី និងផ្ដល់សេវាប្រឹក្សាផ្លូវច្បាប់បានជាង ១០០០ករណី។ ករណីទាំងនោះរួមមាន បញ្ហាទំនាស់ដីធ្លី ការប៉ះពាល់ជីវភាពអ្នកជិតខាង ទំនាស់បំពានកិច្ចសន្យាបរិហារកេរ្តិ៍ ការជេរប្រមាថ ឬការបង្កការខូចខាតសម្បត្តិទ្រព្យសម្បត្តិតិចតួច ជាដើម។
លោករដ្ឋមន្ត្រី បញ្ជាក់ថា គឺជាការផ្ដល់ប្រឹក្សាយុត្តិធម៌ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព នៅថ្នាក់មូលដ្ឋាន និងបានចូលរួមកាត់បន្ថយការដាក់ពាក្យបណ្ដឹងទៅតុលាការ និងការកកស្ទះសំណុំរឿងនៅតាមសាលាក្តី រាជធានី ខេត្ត ផងដែរ។
សូមបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កាលពីពេលថ្មីៗនេះ បានក្រើនរំលឹកដល់ចៅក្រម និងអ្នកពាក់ព័ន្ធឲ្យប្រញាប់ប្រញាល់ដោះស្រាយសំណុំរឿងឲ្យបានល្អប្រសើរ ព្រោះថានៅក្នុងក្របខណ្ឌទូទាំងប្រទេស ក្នុងប្រព័ន្ធយុត្តិធម៌ គឺកំពុងមានការកកស្ទះសំណុំរឿង និងជាបញ្ហាចោទ ទាំងសំណុំរឿងរដ្ឋប្បវេណី និងសំណុំរឿងព្រហ្មទណ្ឌ ហើយសំណុំរឿងខ្លះក៏បានអូសបន្លាយដល់ជាង១០ឆ្នាំទៅហើយ ហើយក៏មិនទាន់ដោះស្រាយចប់នៅឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ