អានតួអត្ថបទ
កម្ពុជា

ស្តង់ដា​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​ត្រូវ​បាន​ប្រកាស​ឱ្យ​ត្រៀម​អនុវត្ត​នៅ​កម្ពុជា

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​
លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ @Ministry of Tourism
ដោយ៖ ឯម មាឃ
១៥ នាទី

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បាន​ប្រកាស​ឱ្យ​អ្នក​ពាក់ព័ន្ធ​នៅ​កម្ពុជា ត្រៀម​អនុវត្ត​ស្តង់​ដា​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន។ លោក​រដ្ឋមន្ត្រី​បាន​ឱ្យ​ដឹង​ថា ស្តង់ដា​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​នេះ​«ជា​គំនិត​ផ្តួច​ផ្តើម​របស់​កម្ពុជា» ក្នុង​ការ​រៀប​ចំ ហើយ​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​បណ្តា​រដ្ឋមន្ត្រី​ទេសចរណ៍​ក្នុង​សមាគម​អាស៊ាន កាល​ពី​ខែ​មករា ឆ្នាំ​២០១៥។

ផ្សាយពាណិជ្ជកម្ម

កំណើន​ទេសចរ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូចជា​នៅ​ក្នុង​ពិភព​លោក ការ​ប្រែប្រួល​អាកាស​ធាតុ​ដែល​ជា​បញ្ហា​ប្រឈម​ចម្បង​មួយ​នៃ​បញ្ហា​សាកល​ជា​ច្រើន ព្រម​ទាំង​ការ​កើន​ឡើង​នៃ​ប្រជាជន​នៅ​ក្នុង​ទីក្រុង និង​តំបន់​ជុំវិញ​ទីក្រុង សុទ្ធសឹង​ជា​មូល​ហេតុ​ចាំបាច់​សម្រាប់​ការ​អភិវឌ្ឍ​បៃតង​ និង​ភាព​ស្អាត​ក្នុង​ទីក្រុង ដោយ​ឈរ​លើ​គោល​ការណ៍​និរន្តរភាព។ នេះ​បើ​យោង​តាម​លោក ថោង ខុន ដែល​បាន​ថ្លែង​ក្នុង​ពេល​ផ្សព្វផ្សាយ​អំពី​ការ​ត្រៀម​អនុវត្ត​ស្តង់ដា​ទីក្រុង​ស្អាត​អាស៊ាន និង​ចលនា​ប្រឡង​ប្រណាំង​រង្វាន់​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​សម្រាប់​ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ ទេសចរណ៍ ឆ្នាំ​២០១៦ លើក​ទី​២ នា​ព្រឹក​ថ្ងៃ​ចន្ទ​ នៅ​រាជធានី​ភ្នំពេញ។

រដ្ឋមន្ត្រី​ទេសចរណ៍​កម្ពុជា​ក៏​បាន​បញ្ជាក់​ដែរ​ថា ការ​ត្រៀម​ឆ្ពោះ​ទៅ​ការ​អនុវត្ត​ស្តង់ដា​ទីក្រុង​ស្អាត​អាស៊ាន​នេះ គឺ​ឆ្លើយ​តប​ទៅ​នឹង​គោល​ដៅ​ទី​១១​ក្នុង​របៀវ​វារៈ​នៃ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​ក្រោយ​ឆ្នាំ​២០១៥។ គោលដៅ​នេះ​ផ្តោត​លើ​កិច្ច​ប្រឹងប្រែង​រួម​គ្នា ក្នុង​ការ​ធ្វើ​ឱ្យ​ទីក្រុង​កាន់​តែ​មាន​និរន្តរភាព ដោយ​ឈរ​លើ​មូលដ្ឋាន​សំខាន់​ៗ​ចំនួន​៤ ដែល​ត្រូវ​ដើរ​ទន្ទឹម​គ្នា ពោល​គឺ​ការ​ធានា​បែងចែក​ផល​ដោយ​សមធម៌ ការ​ធានា​សុវត្ថិភាព ការ​ធានា​ភាព​ធន់​នឹង​វិបត្តិ​នានា​ និង​ការ​ធានា​ឱ្យ​បាន​និរន្តរភាព​ដែល​កើត​ចេញ​ពី​ការ​អភិវឌ្ឍ​ទីក្រុង។

ស្តង់ដា​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​ត្រូវ​បាន​លោក ថោង ខុន អះអាង​ថា​«ជា​គំនិត​ផ្តួច​ផ្តើម​របស់​កម្ពុជា» ហើយ​ត្រូវ​បាន​អនុម័ត​ដាក់​ឱ្យ​ប្រើប្រាស់​ដោយ​រដ្ឋមន្ត្រី​ទេសចរណ៍​ក្នុង​សមាគម​អាស៊ាន កាល​ពី​ខែ​មករា ឆ្នាំ​២០១៥​នេះ។ ក្នុង​ការ​អនុវត្ត​ស្តង់ដា​នេះ ប្រទេស​ជា​សមាជិក​អាស៊ាន​ត្រូវ​បន្ត​អភិវឌ្ឍ​ទីក្រុង​ទេសចរណ៍​ទាំង​អស់​ជា​ទីក្រុង​ស្អាត ជា​ទីក្រុង​បៃតង ជា​ទីក្រុង​មាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព និង​ជា​ទីក្រុង​ទេសចរណ៍​ប្រកប​ដោយ​ការ​ទាក់ទាញ និង​ប្រកួត​ប្រជែង​ខ្ពស់។

កន្លង​ទៅ កម្ពុជា​បាន​ដាក់​ចេញ​ឱ្យ​អនុវត្ត​រួច​ហើយ​នូវ​យុទ្ធនាការ ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវាល្អ បដិសណ្ឋារកិច្ច​ល្អ និង​បាន​បង្កើត​ឱ្យ​មាន​ការ​ប្រឡង​ប្រណាំង​ទីក្រុង​ស្អាត តាំង​ពី​ឆ្នាំ​២០១២​មក។ តាម​ការ​សិក្សា​ស្រាវជ្រាវ មាន​៣៤​ភាគរយ​នៃ​ភ្ញៀវ​ទេសចរណ៍ ហ៊ាន​បង់​ថ្លៃ​ក្នុង​កម្រិត​ខ្ពស់​ជាង​ធម្មតា ដើម្បី​ស្នាក់​នៅ​តាម​សណ្ឋាគារ​ដែល​គិត​គូរ​ដល់​បរិស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ