កម្ពុជា

ក្រសួង​ការងារ៖ចាប់​ពី​ថ្ងៃ​ទី​០១​មីនា​នឹង​ចាត់​វិធាន​ការ​ចំពោះ​ទី​ភ្នាក់​ងារ​ជ្រើស​ពលក​រដែល​មិន​ធ្វើតាម​ការ​ណែ​នាំ

@RFI/Siv Channa

ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ផ្ដើម​រឹត​បន្តឹង​និង​ព្រមាន​ចាត់​វិធាន​ការ​ចំពោះ​ទី​ភ្នាក់​​ងារ​ជ្រើស​រើស​ពល​ករ​ដែល​មិន​អនុវត្តន៍​ទៅ​តាម​សេចក្ដី​ណែ​នាំ​ចុះ​ថ្ងៃ​ទី​២០​មករា​។ សេច​ក្ដី​ណែ​នាំ​នេះ​បាន​ក្រើន​រំលឹក​ឲ្យ​ទី​ភ្នាក់​ងារ​ជ្រើស​ពល​ករ​ ទាំង​អស់​អនុវត្ត​ឲ្យ​បាន​ល្អ​ប្រសើរ​ចំពោះ​បទ​ប្បញ្ញត្តិ​លេខ​១៩០​ចុះ​ថ្ងៃ​ទី​១៧​សីហា​២០១១​ស្ដី​ពី​ការ​គ្រប់​គ្រង​ពល​ករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​បរទេស​។ ដោយ​ឡែក​សម្រាប់​សង្គម​ស៊ី​វិល​ធ្វើ​ការ​ផ្នែក​ពល​ករ​ គាំ​ទ្រ​វិធានការ​នេះ​។ ប៉ុន្តែ​បាន​រិះ​គន់​ថា​ វិធាន​ការ​របស់​ក្រសួង​នា​ពេល​កន្លង​នៅ​មិន​ទាន់​មាន​លក្ខណៈ​ធ្ងន់​ធ្ងរ​និង​គ្មាន​វិធាន​ការ​ច្បាស់​លាស់​។

ផ្សាយពាណិជ្ជកម្ម

វិធាន​ការ​របស់​ក្រសួង​ការងារ​ធ្វើ​ឡើង​ក្រោយ​ពិនិត្យ​ឃើញ​ថា​ ទី​ភ្នាក់​ងារ​ជ្រើស​រើស​ពល​ករ​មួយ​ចំនួន​បាន​អនុវត្ត​កាន់​តែ​ល្អ​ប្រសើរ​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​នៅ​ក្នុង​ការ​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​។ ប៉ុន្តែ​ផ្ទុយ​មក​វិញ​ចំពោះ​ក្រុម​ហ៊ុន​ឯក​ជន​មួយ​ចំនួន​ទៀត​នៅ​មាន​ចំណុច​ខ្វះខាត​ក្នុង​ការ​អនុវត្ត​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្ដី​ពី​ការងារ​ ដែល​ជា​ហេតុ​មួយ​ទាម​ទារ​ឲ្យ​ក្រសួង​តាម​ឃ្លាំមើល​ ដាស់​តឿន​ក្រើន​រំលឹក​ និង ធ្វើ​ការ​កែ​តម្រូវ​រាល់​បាតុ​ភាព​ខុស​ឆ្គង​ជា​បន្ត​បន្ទាប់​។

ជាង​នេះ​ទៅ​ទៀត​ ក្រសួង​ការ​ងារ​បាន​ពិនិត្យ​ឃើញ​ថា​ ទី​ភ្នាក់​ងារ​ជ្រើស​រើស​ឯក​ជន​មួយ​ចំនួន​ធំ​ក៏​នៅ​មិន​ទាន់​អនុវត្ត​បាន​ល្អ​ប្រសើរ​នៅ​ឡើយ​ ចំពោះ​បទ​ប្បញ្ញត្តិ​នៃ​អនុក្រឹត្យ​លេខ​១៩០​ចុះ​ថ្ងៃ​ទី១៧​សីហា​ឆ្នាំ​២០១១ស្ដី​ពី​ការ​គ្រប់​គ្រង​លើ​ការ​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​តាម​រយៈ​ទី​ភ្នាក់​ងារ​ជ្រើស​រើស​ឯក​ជន​។

ក្រសួង​ការងារ​ក៏​បាន​ណែនាំ​និង​រំលឹក​ទី​ភ្នាក់​ងារ​ជ្រើស​រើស​ឯក​ជន​ទាំង​អស់​ត្រូវ​អនុវត្ត​១២​ចំណុច​ដែល​មាន​ចែង​នៅ​ក្នុង​សេចក្ដី​ណែនាំ​ចុះ​ថ្ងៃ​ទី​២០​មករា​គឺ គ្រប់​ទី​ភ្នាក់​ងារ​ជ្រើស​រើស​ទាំង​អស់​ចុះ​ធ្វើ​ការ​ជ្រើស​រើស​និង​ផ្សព្វ​ផ្សាយ​រាល់​ព័ត៌​មាន​ទាក់​ទង​ដល់​ពល​ករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ត្រូវ​មាន​ឯក​សណ្ឋាន​ ស្លាក​ឈ្មោះ ស្លាក​សញ្ញា​របស់​ទី​ភ្នាក់​ងារ​ជ្រើស​រើស​ពលករ​ឯក​ជន​។ ព្រម​ទាំង​មាន​លិខិត​ឧទ្ទេស​នាម​ដែល​ចុះ​ហត្ថ​លេខា​ដោយ​ អគ្គ​នាយកដ្ឋាន​ការងារ​ និង​ ​សមាគម​ទី​ភ្នាក់​ងារ​ជ្រើស​រើស​ពលករ​កម្ពុជា​ ហើយ​ត្រូវ​មាន​កិច្ច​សហការ​ល្អ​ពី​អាជ្ញាធរ​ដែន​ដី។

លោក មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ ហៅ​កាត់​ថា សង់ត្រាល់ (Central) គាំទ្រ​វិធាន​ថ្មី​របស់​ក្រសួង​។ ប៉ុន្តែ​លោក​នៅ​ មិន​ទាន់​ហ៊ាន​វាយ​តម្លៃ​ថា ទទួល​បាន​ប្រសិទ្ធ​ភាព​កម្រិត​ណា​នោះ​ទេ ដោយ​រង់​ចាំ​មើល​ការ​អនុវត្ត។​ តែ​លោក​បាន​រិះ​គន់​ថា វិធាន​ការ​របស់​ក្រសួង​នា​ពេល​កន្លង​មក​គឺ​ជា​វិធានការ​មួយ​មិន​ទាន់​មាន​ ភាព​ច្បាស់​លាស់​សម្រាប់ដាក់ទោសទណ្ឌទៅលើក្រុមហ៊ុនដែលនាំពលករចេញ នៅឡើយទេ។

ជាក់​ស្ដែង​ក្រុមហ៊ុន​ឯកជន​មួយ​ឈ្មោះ ធី អិន ធី ដែល​ក្រសួង​មហា​ផ្ទៃ​រក​ឃើញ​ថា​ ឃុំ​ខ្លួន​មនុស្ស​ខុស​ច្បាប់ បន្លំ​ឯក​សារ និង ជ្រើស​រើស​ពលករ​មិន​គ្រប់​អាយុ​ទៅ​ធ្វើ​ការ​ជា​ដើម​ ក៏​ក្រសួង​ការងារ​នៅ​មិន​បាន​ប្រកាស​លុប​ចោល​ក្រុម​នេះ​ជា​ផ្លូវការ​ដែរ​។ នេះ​ជា​ការ​កត់​សម្គាល់​របស់​លោក​ មឿន តុលា។

ដោយ​ឡែក លោក យ៉ា ណាវុធ ប្រធាន​អង្គ​ការ​ខារ៉ាម​កម្ពុជា ពិនិត្យ​ឃើញ​ថា មាន​ក្រុម​ហ៊ុន​តិច​តួច​ណាស់​ដែល​បញ្ជូន​ពល​ករ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ ប្រទេស​តាម​រយៈ​ប្រព័ន្ធ​ស្រប​ច្បាប់​ដែល​​ទទួល​ស្គាល់​ដោយ​ក្រសួង​ការងារ។ លោក​ថា ភាគ​ច្រើន​នៃ​ពលករ​ខ្មែរ ចេញ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ជា​ពិសេស​ប្រទេស​ថៃ គឺ​ពួក​គេ​ធ្វើ​ដំណើរ​តាម​ច្រក​ចេញ​ចូល​តែ​មួយ​ដោយ​សារ​តែ​មាន​លក្ខណៈ​ងាយ​ស្រួល​និង​មាន​ការ​ចំណាយ​ធូរ​ថ្លៃ៕
 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI