អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

ក្រសួង​ពាណិជ្ជកម្ម​បង្ហាញ​ពី​សញ្ញា​វិជ្ជមាន​បន្ថែម​ទៀត​ប្រសិន​បារាំង​វិនិយោគ​លើ​វិស័យ​កាត់ដេរ

លោក Jean-Pierre RAFFARIN (ហ្សង់ព្យែរ រ៉ាហ្វារាំង) ប្រធានមូលនិធិ FPI និង​គណៈប្រតិភូ​កម្ពុជា នៅ​ប្រទេស​បារាំង
លោក Jean-Pierre RAFFARIN (ហ្សង់ព្យែរ រ៉ាហ្វារាំង) ប្រធានមូលនិធិ FPI និង​គណៈប្រតិភូ​កម្ពុជា នៅ​ប្រទេស​បារាំង @FB
ដោយ៖ ញឹម សុផល
១៦ នាទី

បារាំង​គ្រោង​បញ្ចូន​ក្រុមហ៊ុន និង​សហគ្រាស​ឯកជន ប្រមាណ​ជាង​៣០០ មក​កម្ពុជា​ដើម្បី​ស្វែង​រក​លទ្ធភាព​និង​សក្តានុពល​វិនិយោគ​ជា​ពិសេស​លើ​វិស័យ​វាយនភ័ណ្ឌ និង​ទេសចរណ៍។ ការ​ចាប់​អារម្មណ៍​របស់​បារាំង​ចង់​ធ្វើ​វិនិយោគ​ទ្រង់​ទ្រាយ​ធំ​នៅ​កម្ពុជា​ពេល​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ទទូច​ពី​កម្ពុជា តាម​រយៈ​ជំនួប​ផ្លូវ​ការ​មួយ​រវាង​គណៈប្រតិភូ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ជាមួយ​ប្រធាន​មូលនិធិ FPI លោក Jean-Pierre RAFFARIN (ហ្សង់​ព្យែរ រ៉ា​ហ្វា​រាំង) កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ នៅ​ប្រទេស​បារាំង។

ផ្សាយពាណិជ្ជកម្ម

លោក Jean-Pierre RAFFARIN អតីត​នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​បារាំង​និង​ជា​ប្រធាន​មូលនិធិ Fondation Prospective Innovation (FPI) បាន​អះ​អាង​នៅ​ចំពោះ​មុខ​ប្រតិភូ​កម្ពុជា​ដែល​ដឹក​នាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិថា លោក​នឹង​ប្រមែ​ប្រមូល​ក្រុមហ៊ុន និង​សហគ្រាស​ឯកជន​បារាំង​ប្រមាណ​ជាង​៣០០ ទៅ​កាន់​កម្ពុជា​ដើម្បី​សិក្សា​ពី​លទ្ធភាព​វិនិយោគ និង​ធ្វើ​ការ​វិនិយោគ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា។

លោក RAFFARIN បញ្ជាក់​ទៀត​ថា ក្រុមហ៊ុន និង​សហគ្រាស ឯកជន​ទាំង​នោះ នឹង​ទៅ​កម្ពុជា ដើម្បី​បើក​ក្រុមហ៊ុន និង​វិនិយោគ​លើ​វិស័យ​កាត់​ដេរ សម្លៀក​បំពាក់ និង​វាយនភ័ណ្ឌ វិស័យ​កសិកម្ម និង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា។ លោក​ថា ការ​វិនិយោគ​ដែល​នឹង​កើត​ឡើង​យ៉ាង​ពិត​ប្រាកដ​ខាង​មុខ​នេះ នឹង​ជួយ​ឱ្យ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​សហភាព​អឺរ៉ុប​មាន​ការ​កើន​ឡើង​បន្ថែម​ទៀត ជា​ពិសេស​ការ​បញ្ជា​ទិញ​ផលិត​ផល​សម្លៀក​បំពាក់ វាយនភ័ណ្ឌ និង​ផលិត​ផល​កសិកម្ម​របស់​កម្ពុជា​ពី​សហភាព​អឺរ៉ុប។

ទោះ​យ៉ាង​ណា កញ្ញា សឹង សុផារី អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម បាន​កត់​សម្គាល់​ថា​វា​ជា​សញ្ញា​វិជ្ជមាន​មួយ​នៅ​ពេល​ដែល​អ្នក​វិនិយោគ​បារាំង​ចាប់​អារម្មណ៍​លើ​វិស័យ​កាត់​ដេរ​នៅ​កម្ពុជា​ដោយ​កន្លង​មក​ការ​វិនិយោគ​របស់​បារាំង​ដែល​ជា​ជើង​ខ្លាំង​ខាង​ការ​ច្នៃ​ម៉ូត​ពិភព​លោក លើ​វិស័យ​វាយនភ័ណ្ឌ នៅ​មាន​ភាព​ស្រពិច​ស្រពិល​នៅ​ឡើយ។ ទោះ​យ៉ាង​ណា បារាំង​ជា​ផ្នែក​មួយ​នៃ​អឺរ៉ុប ​ក៏​ជា​ទីផ្សារ​សំខាន់​នៃ​វិស័យ​សំលៀក​បំពាក់​កម្ពុជា​ផង​ដែរ។

បច្ចុប្បន្ន​ទី​ផ្សារ​អឺរ៉ុប​បាន​ស្រូប​យក​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ពី​កម្ពុជា​ខ្ពស់​ជាង សហរដ្ឋ​អាមេរិក កាណាដា និង​ជប៉ុន ហើយ​ចំណូល​ពី​ការ​នាំ​ចេញ​លើ​វិស័យ​នេះ​កាល​ពី​ឆ្នាំ​កន្លង​ទៅ​បាន​កើន​ដល់​ប្រមាណ​ជា​៧​ពាន់​៣​រយ​លាន​ដុល្លារ។ ដូច្នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម ការ​ដាក់​ការ​វិនិយោគ​របស់​សហគ្រាស​បារាំង​លើ​វិស័យ​កាត់​ដេរ វា​ជា​ចំណុច​ល្អ​នៅ​ពេល​ដែល​កម្ពុជា​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ EBA ពី​បារាំង​និង​សហភាព​អឺរ៉ុប។ ក៏​ប៉ុន្តែ​វា​នឹង​មាន​ការ​ប្រែ​ប្រួល​ទៅ​អនាគត ប្រសិន​បើ​កម្ពុជា​ងើប​ចេញ​ពី​ប្រទេស​ក្រីក្រ ព្រម​ទាំង​ប្រែ​ក្លាយ​ជា​ប្រទេស​មិន​ជាប់​ពន្ធ។ នោះ​ការ​ប្រកួត​ប្រជែង​ក្នុង​ការ​នាំ​ចេញ​នឹង​កើត​មាន នេះ​បើ​តាម​កញ្ញា សឹង សុផារី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ