កម្ពុជា

មន្ត្រី​ក្រសួង​មហាផ្ទៃៈ ការ​ជួញ​ដូរ​សរីរាង្គ​និង​ការ​ពរ​ពោះ​ជំនួស​ជន​ល្មើស​កំពុង​ព្យាយាម​ដូរ​ទម្រង់​ផ្សេង

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ។
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ។

របាយការណ៍​ស្តី​ពី​ការ​ជួញ​ដូរ​មនុស្ស​រយៈ​ពេល​៦​ខែ​ដើម​ឆ្នាំ​២០១៧​បង្ហាញ​ថា រូបភាព​ជួញ​ដូរ​ថ្មីៗ​ដូច​ជា​ការ​ជួញ​ដូរ​សរីរាង្គ និង​ជួញ​ដូរ​តាម​រយៈ​អន្តរការី​ពរ​ពោះ​ជំនួស បាន​នឹង​កំពុង​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នៅ​ក្នុង​កិច្ច​ប្រជុំ​ឯ​ក្រសួង​មហាផ្ទៃ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ មន្ត្រី​ក្រសួង​មហាផ្ទៃ​ឲ្យ​ដឹង​ថា រូបភាព​ទាំង​នេះ នៅ​មិន​ទាន់​មាន​ការ​វិវត្តន៍​ទៅ​ដល់​ចំណុច​ចុង​ក្រោយ​នៃ​ការ​ជួញ​ដូរ​ប្រភេទ​ថ្មី​ច្រើន​នៅ​ឡើយ​ទេ ដោយ​សមត្ថកិច្ច​ធ្វើ​ការ​ទប់​ស្កាត់​ទាន់​ពេល។

ផ្សាយពាណិជ្ជកម្ម

លោក​ស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ ​មនុស្ស បាន​ឲ្យ​ដឹង​ថា រយៈ​ពេល​៦​ខែ ដើម​ឆ្នាំ​២០១៧​នេះ មាន​លេច​ចេញ​ជា​ថ្មី​នូវ​អំពើ​ជួញដូរ​មនុស្ស ​ករណី​ជួញដូរ​ក្រលៀន និង​អំពើជា​អន្តរការី នៃ​ការ​ពពោះ​ជំនួស ដែល​កន្លងមក​កម្ពុជា​អត់​ដែលមាន​ករណីដូច្នេះទេ។

ជុំវិញ​ករណី​ជួញ​ដូរ​ដែល​បាន​លេច​ជា​រូប​រាង​ថ្មី​នេះ​លោក​ស្រី ជូ ប៊ុនអេង បាន​អះអាង​ថា សមត្ថកិច្ច​កម្ពុជា​បាន​រក​ឃើញ​ករណី​សង្ស័យ ការ​ជួញ​ដូរ​សរីរាង្គ និង​ការ​ជួញ​ដូរ​ទារក ក៏​ប៉ុន្តែ​មិន​ទាន់​ចេញ​ជា​រូបរាង​នៃ​ការ​ជួញ​ដូរ​នៅ​ឡើយ​ទេ ដោយ​សមត្ថកិច្ច​ធ្វើ​ការ​ទប់​ស្កាត់​បាន​ជា​មុន ដោយ​មិន​ឲ្យ​ជន​ល្មើស​សម្រេច​បាន​នូវ​ការ​ជួញ​ដូរ​គោល​ដៅ​ចុង​ក្រោយ។

ទោះ​យ៉ាង​ណា ករណី​ជួញ​ដូរ​សរីរាង្គ​នេះ ត្រូវ​បាន​សមត្ថកិច្ច​បង្ហាញ​ថា បាន​កើត​មាន​ចំនួន​១​ករណី​ប៉ុណ្ណោះ ដោយ​មាន​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​ត្រឹម​តែ​បទ​ជួញ​ដូរ​មនុស្ស ខណៈ​ដែល​បទ​ល្មើស​នេះ​នៅ​មិន​ទាន់​មាន​ការ​វះ​កាត់​សរីរាង្គ​នៅ​ឡើយ។ ជាមួយ​គ្នា​នេះ អំពើ​នៃ​អន្តរការី​នៃ​ការ​ពរ​ពោះ​ជំនួស​ក៏​ត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​១​ករណី​ដែរ​កាល​ពី​ចុង​ឆ្នាំ​២០១៦ និង​មាន​ការ​ផ្តន្ទា​ទោស​ជន​ល្មើស​នៅ​ដើម​ឆ្នាំ​២០១៧។ តាម​មន្ត្រី​ក្រសួង​មហាផ្ទៃ ករណី​ពរ​ពោះ​ជំនួស​នេះ កន្លង​មក​មាន​ប្រមាណ​ជាង​១០​ករណី ក៏​ប៉ុន្តែ​ករណី​មួយ​ចំនួន​ត្រូវ​ជន​ល្មើស​ធ្វើ​ការ​ផ្លាស់​ប្តូរ​ទំរង់​ប្រព្រឹត្តិ។ លោក​ស្រី ជូ ប៊ុនអេង បញ្ជាក់​ថា​សមត្ថកិច្ច​ប៉ូលីស​កំពុង​តែ​តាម​ដាន​បញ្ហា​នេះ​យ៉ាង​ដិត​ដល់។

ក្រៅ​ពី​នេះ បញ្ហា​ពលករ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ក៏​ត្រូវ​បាន​លើក​ឡើង​ផង​ដែរ ដោយ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា​បាន​ទទួល​ពលករ​ខ្មែរ​ ដែល​អាជ្ញាធរ​ថៃ​បញ្ជូន​ ត្រឡប់​មក​វិញ​តាម​ច្រក​ព្រំដែន​គោក​និង អាកាស ចំនួន ១៣៩៦​លើក ​សរុប​មនុស្ស​ចំនួន ៩១ ៤១២​នាក់ រួម​មាន​ស្រី្ត​ ៣៤ ៦០៧​នាក់ និង​កុមារ​ចំនួន ៤ ៤៣៤​នាក់​។ ក្នុង​ចំណោម​ពលករ​ខ្មែរ​ដែល​ថៃ​បញ្ជូន​ត្រឡប់​មក​ប្រទេស​វិញ​នេះ គឺ​មាន​ពលរដ្ឋ​ខ្មែរ ចំនួន​ជាង​៤​ពាន់​នាក់ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ឃាត់​ខ្លួន ពី​បទ​ឆ្លង​ដែន​ខុស​ច្បាប់ ពោល​គឺ​ឃាត់​ខ្លួន​លើស​ពី​មួយ​ខែ​ មុន​នឹង​បញ្ជូន​មក​កម្ពុជា​។ លើស​ពី​នេះ ​សមត្ថកិច្ច​ថៃ​ក៏​បាន​បញ្ជូន​សព​ពលរដ្ឋ​ ខ្មែរ​ដែល​ជួប​ប្រទះ​គ្រោះ​ថ្នាក់​នៅ​ប្រទេស​ថៃ​ចំនួន ​១១០​នាក់ ដែល​ក្នុងនោះ​មាន​ស្រី្ត​១៧​នាក់​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI