លោក ម៉ម សូណង់ដូ លាលែងពីប្រធានវិទ្យុសំបុកឃ្មុំ ក្រោយតុលាការកោះហៅជាសាក្សី ក្នុងសំណុំរឿង លោក កឹម សុខា
ចុះផ្សាយនៅថ្ងៃ៖
អតីតប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ បានប្រកាសលាលែងពីតំណែងប្រធានវិទ្យុសំបុកឃ្មុំ ខណៈតុលាការចេញដីកាកោះហៅជាបន្តបន្ទាប់ឲ្យចូលខ្លួនក្នុងនាមជាសាក្សី ក្នុងសំណុំរឿងលោក កឹម សុខា។ ប៉ុន្តែតាមលិខិតចុះថ្ងៃទី ១ ខែមករា ឆ្នាំ២០១៨ លោក ម៉ម សូណង់ដូ បញ្ជាក់ថា ការលាលែងពីប្រធានវិទ្យុសំបុកឃ្មុំ និងលាលែងចេញពីឆាកនយោបាយនេះ គឺដើម្បីផ្ទេរវេនជូនអ្នកនយោបាយវ័យក្មេង បន្តកាតព្វកិច្ចស្នេហាជាតិជំនួសលោកតទៅទៀត។
នៅក្នុងលិខិតប្រកាសលាលែងចេញពីឆាកនយោបាយ និងលាលែងពីប្រធានវិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ ដែលបច្ចុប្បន្ន កំពុងស្ថិតនៅទីក្រុងប៉ារីស ប្រទេសបារាំង បានប្រកាសថា លោកស្រី ឌិន ផាណារ៉ា ដែលជាប្រធានស្តីទី នៃវិទ្យុនេះ នឹងក្លាយជាប្រធានវិទ្យុ បន្ទាប់ពីលោកលាលែងពីតំណែង។
លោក ម៉ម សូណង់ដូ បានរៀបរាប់ថា រយៈពេល ២២ ឆ្នាំ ដែលលោក បានប្រឡូកនយោបាយ លោកមានមោទនភាព ដោយបានចូលរួមបម្រើសង្គម តាមរយៈការងារមនុស្សធម៌ ការលះបង់កម្លាំងកាយចិត្ត ការប្រឈមមុខជាមួយនឹងអ្នកកាន់អំណាច ក្នុងការងារយុត្តិធម៌សង្គម សិទ្ធិសេរីភាព និងដើម្បីការពារអ្នករងគ្រោះ។ ទោះជាលាលែងពីតួនាទីជាប្រធានបក្ស និងប្រធានវិទ្យុក្តី ប៉ុន្តែលោក ម៉ម សូណង់ដូ អះអាងថា នឹងនៅតែរក្សាការងារសកម្មភាពមួយ គឺកិច្ចការមនុស្សធម៌ ដោយមិនប្រកាន់និន្នាការនយោបាយ។
ជាការកត់សម្គាល់ ការប្រកាសលាលែងចេញពីតំណែង ធ្វើឡើងបន្ទាប់ពី លោកគី ឫទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅលើកទីបី លោក ម៉ម សូណង់ដូ អតីតប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ឲ្យចូលមកកាន់តុលាការនៅព្រឹកថ្ងៃទី១១ ខែមករា ខាងមុខនេះ ដើម្បីឲ្យមកបំភ្លឺក្នុងនាមជាសាក្សីនៅក្នុងសំណុំរឿងលោក កឹម សុខា ដែលរដ្ឋាភិបាល ចោទថា ក្បត់ជាតិ។ យ៉ាងណាក៏ដោយ លោកម៉ម សូណង់ដូ បានប្រកាសថា លោក នឹងមិនចូលបំភ្លឺនៅតុលាការឡើយ ក្រោមហេតុផល លោក កំពុងពិនិត្យសុខភាព នៅប្រទេសបារាំង។ ម្យ៉ាងវិញទៀត អតីតប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លើកឡើងថា លោក មិនធ្លាប់បានទទួលដីកាកោះហៅពីមុនមកនោះទេ។
សូមរំឮកជូនថា កាលពីឆ្នាំ ២០១២ លោក ម៉ម សូណង់ដូ ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ ពីបទញុះញង់បង្កឲ្យមានការបះបោរមួយ នៅក្នុងទំនាស់ដីធ្លីមួយកើតឡើងនៅខេត្តក្រចេះ។ តែត្រូវបានដោះលែងវិញ នៅខែមីនា ឆ្នាំ ២០១៣ ខណៈមានការដាក់សម្ពាធពីអង្គការសង្គមស៊ីវិលអន្តរជាតិខាងការពារសិទ្ធិមនុស្ស ។
ក្រោយមកនៅឆ្នាំ២០១៣ លោក ម៉ម សូណង់ដូ ក៏បានបង្កើតបក្សដាក់ឈ្មោះ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដើម្បីប្រកួតប្រជែងការបោះឆ្នោតឆ្នាំ២០១៨ ប៉ុន្ដែលោក ក៏លាលែងពីតំណែងវិញ ដោយសារតែ គណបក្សនេះ មិនបានឈ្នះគ្រងតំណែងមេឃុំ ឬចៅសង្កាត់ ប៉ុន្តែ ឈ្នះបានមួយអសនៈគត់ ជាតំណែងជំទប់ទី២ នៅក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ កន្លងទៅ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ