កម្ពុជាទទួលបានថវិកាជិត១២លានដុល្លារ ពីការលក់ឥណទានកាបូន
ចុះផ្សាយនៅថ្ងៃ៖
ចាប់ពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន កម្ពុជា បានលក់ឥណទានកាបូនឲ្យទៅក្រុមហ៊ុនអន្តរជាតិធំៗ ដូចជា Disney Shall និង Gucci ដែលមានទឹកប្រាក់ចំនួន១១,៦លានដុល្លារ។ ការលក់ឥណទានកាបូនរបស់កម្ពុជាដូច្នេះ គឺដោយសារប្រទេសនេះ មានឱកាសឡើងវិញក្នុងការគិតគូរពីបរិស្ថាន និងអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ ជាពិសេស នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃក្រវ៉ាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ។
រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ បានថ្លែងថា ថវិកាទាំងអស់ ដែលបានមកពីការលក់ឥណទានកាបូននេះ ត្រូវបានយកទៅប្រើប្រាស់សម្រាប់ការពារ និងអភិរក្សព្រៃឈើ និងអភិវឌ្ឍន៍ជីវភាពសហគមន៍ក្នុងតំបន់ការពារធម្មជាតិទាំង៣ ដើម្បីធ្វើជាគំរូសម្រាប់ឈានទៅទទួលបានថវិកា «ការទូទាត់ផ្អែកតាមលទ្ធផល» ពីមូលនិធិអាកាសធាតុបៃតង នៃអនុសញ្ញាក្របខណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ ដែលគ្រោងនឹង អនុវត្តចាប់ពីឆ្នាំ២០២០ ហើយដែលឆ្លើយតបទៅនឹងគោលការណ៍ហិរញ្ញប្បទាននិរន្តរភាព។
តាមលោករដ្ឋមន្ត្រី ក្រសួងបរិស្ថានកំពុងតែធ្វើការសិក្សា និងបន្តលក់កាបូននៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងបន្ថែមទៀត។
សូមបញ្ជាក់ថា កម្ពុជាគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសកំពុងអនុវត្តកម្មវិធី រេដបូក(Reducing Emission from Deforestation and Forest Degradation) ឬ (REDD+) បានល្អ ដូចជាប្រទេសម៉ាឡេស៊ី វៀតណាម ឥណ្ឌូនេស៊ី ប្រេស៊ីល អេក្វាទ័រ កូឡំប៊ី ឈីលី ម៉ិកស៊ីក និង កេនយ៉ា ដែលនឹងមានសិទ្ធិដាក់គម្រោងយកថវិកាពីមូនិធិអាកាសធាតុបៃតង។
ផ្អែកតាមកម្រិតយោងព្រៃឈើ កម្ពុជាអាចផលិតឥណទានកាបូនលើសពី ១០លានតោន ក្នុង១ឆ្នាំ សម្រាប់ទទួលបានថវិកាក្នុងក្របខណ្ឌការទូទាត់ យោងតាមលទ្ធផលពីមូលនិធិអាកាសធាតុបៃតង។
សូមរំលឹកដែរថា ប្រទេសកម្ពុជាមានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប។ ព្រៃឈើគ្របដណ្តប់ប្រមាណ៥០% នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ បច្ចុប្បន្ននេះ រដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ៤១% នៃផ្ទៃប្រទេស គឺស្មើនឹងប្រមាណ ៧,២លានហិកតា ដែលធ្វើឱ្យកម្ពុជាឈរលំដាប់ទី២ នៅអាស៊ី បន្ទាប់ពីប្រទេសប៊ូតាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ