ព្រះ​សង្ឃ​ចូល​រួម​ឃោសនា​បោះ​ឆ្នោត​ខុស​ដែរ​ឬ​ទេ?

សំឡេង ០៣:៥២
រូុបភាព​តំណាង​៖ ព្រះ​​សង្ឃ​​ចូល​​រួម​​ឃោសនា​​បោះ​​ឆ្នោត​​ខុស​​ដែរ​​ឬ​​ទេ?
រូុបភាព​តំណាង​៖ ព្រះ​​សង្ឃ​​ចូល​​រួម​​ឃោសនា​​បោះ​​ឆ្នោត​​ខុស​​ដែរ​​ឬ​​ទេ? @Facebook

យុទ្ធនាការ​​​ឃោសនា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​កម្ពុជា បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី​៧​ហើយ គិត​ត្រឹម​ថ្ងៃ​សុក្រ​នេះ​។ ក្នុង​អំឡុង​ពេល​នេះ សាធារណជន​ទូទៅ​បាន​សម្ដែង​ក្ដី​ងឿង​ឆ្ងល់ ​នៅ​ពេល​សង្កេត​ឃើញថា មាន​ព្រះ​សង្ឃ ចូល​រួម​នៅ​ក្នុង​ក្បួន​ឃោសនា​បោះ​ឆ្នោត​នោះ​ដែរ​។ ក្រៅ​ពី​សម្ដែង​ចម្ងល់ មតិ​ទូទៅ​ចោទ​សួរ​ថា​តើ​ការ​ចូល​រួម​របស់​ព្រះ​សង្ឃ នៅ​ក្នុង​ការ​ឃោសនា​បោះ​ឆ្នោត​ដូច្នេះ ខុស​ដែរ​ឬ​ទេ?

ផ្សាយពាណិជ្ជកម្ម

ព្រះ​សង្ឃ គឺ​ជា​បព្វជិត ជា​ក្រុម​បុគ្គល​ដែល​បួស​ចូល​កាន់​ភេទ​ជា​សមណៈ នៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​។ ជា​ទូទៅ ភេទ​ជា​សង្ឃ​​នេះ គឺ​ខុស​ពី​គ្រហស្ថ​ធម្មតា​។ ខុស​ព្រោះ​សម្រាប់​ព្រះ​សង្ឃ​គឺ​ជា​អ្នក​ទទួល​យក​ការ​ប្រៀន​ប្រដៅ​របស់​ព្រះ​ពុទ្ធ ហើយ​យក​ទៅ​ប្រតិបត្តិ​តាមឲ្យ​បាន​តឹងរ៉ឹង និង​​ប្រសើរ​ថ្លៃ​ថ្លា​ជាង​គ្រហស្ថ​។ គឺដោយ​សារ​តែ​ភាព​មិន​ធម្មតា​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​មតិ​ទូទៅ​ចោទ​សួរ​ពី​ភាព​ត្រឹម​ត្រូវ និង​ស្រប​ច្បាប់​នៃ​ការ​ចូល​រួម​របស់​ព្រះ​សង្ឃ​នៅ​ក្នុង​ការងារ​នយោបាយ ពិសេស​គឺ​ការ​ចូល​រួម​ឃោសនា​បោះ​ឆ្នោត​តែ​ម្ដង​។

នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ថ្មី​ៗ​នេះ គេ​កត់​សម្គាល់​ឃើញ​ថា មាន​ព្រះ​សង្ឃ​ចូល​រួម​នៅ​ក្នុង​ក្បួន​ឃោសនា ដោយ​មាន​កាន់​ស្លាក​សញ្ញា​គណបក្ស ពាក់​មួក និង​ស្រែក​ជ័យឃោស​ជាមួយ​សកម្មជន​គណបក្ស​ផ្សេង​ទៀត​។

សម្រាប់​ពុទ្ធសាសនិក​ជន​ប្រកាន់​តឹង​មួយ​ចំនួន ព្រះ​សង្ឃ​មិន​គួរ​ចូល​រួម​ឃោសនា​បោះ​ឆ្នោត​ដូច្នេះ​ទេ​។ មិន​គួរ ព្រោះ​សម្រាប់​ពួក​គេ​ ព្រះ​សង្ឃ ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ដែល​គួរ​តែ​ជា​បុគ្គល​ដែល​អព្យាក្រឹត មិន​លម្អៀង​ ឬ​ប្រកាន់​បក្ខ​ពួក​។ ម្យ៉ាង ការ​ចូល​រួម​នៅ​ក្នុង​វិស័យ​នយោបាយ​របស់​ព្រះសង្ឃ ជួយ​ឃោសនា​ឲ្យ​គណបក្ស​ណាមួយ អាច​ជះ​ឥទ្ធិពលអវិជ្ជមាន ​​ ប៉ះពាល់​ដល់​សាសនា និង​បង្កើត​ជា​ការ​បែក​បាក់​នៅ​ក្នុង​ចំណោម​ពុទ្ធបរិស័ទ និង​ព្រះ​សង្ឃ​ដូច​គ្នា​​​​។ ឬ​បើ​ពុំ​ដូច្នោះ ជំនឿ​របស់​ពុទ្ធបរិស័ទលើ​ព្រះពុទ្ធ​សាសនា អាច​នឹង​ថម​ថយ ដោយ​ពួក​គេ​យល់​ថា ព្រះ​សង្ឃ បម្រើ​នយោបាយ ច្រើន​ជាង​បម្រើ​សាសនា​​។

ប៉ុន្តែ​​បើ​គេ​ក្រឡេក​មើល​​ក្នុង​ទិដ្ឋភាព​ច្បាប់ ទាំង​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល និង​ច្បាប់​បោះ​ឆ្នោត​ផង មិន​បាន​ហាម​ឃាត់​មិន​ឲ្យ​ព្រះ​សង្ឃ​ចូល​រួម​ឃោសនា​បោះ​ឆ្នោត​ទេ​។ បើ​តាម​រដ្ឋធម្មនុញ្ញ ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប ក្នុង​នោះ​មាន​ទាំង​ព្រះ​សង្ឃ​ផង មាន​សិទ្ធិ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ​។ ចំណែក​នៅ​ក្នុង​ច្បាប់​បោះ​ឆ្នោត​វិញ​ ការ​ហាម​ឃាត់​មិន​ឲ្យ​ចូល​រួម​ឃោសនា​បោះ​ឆ្នោត មាន​តែ​សម្រាប់​ជន​បរទេស មន្ដ្រី​អង្គការ​សង្គម​ស៊ីវិល ក៏​ដូច​ជា​មន្ដ្រី​រាជការ​ស៊ីវិល អាជ្ញាធរ​ដែនដី មន្ដ្រី​តុលាការ និង​ប៉ូលីស​ទាហាន​ដែល​កំពុង​បំពេញ​ភារកិច្ច​ប៉ុណ្ណោះ។

ការ​ចូល​រួម​ឃោសនា​បោះ​ឆ្នោត​របស់​ព្រះ​សង្ឃ មែន​ទែន​ទៅ គឺ​ជា​ប្រធានបទ​នៃ​ការ​ជជែក​ពិភាក្សា​ដ៏​ក្ដៅ​គគុក​ជា​ច្រើន​អាណត្តិ​មក​ហើយ​។ ថ្វី​ដ្បិត​តែ​ការ​​ចូល​រួម​ឃោសនា​បោះ​ឆ្នោត​របស់​ព្រះ​សង្ឃ​មិន​ខុស​ច្បាប់​ក៏​ដោយ ក៏​មតិ​ទូទៅ ពិសេស​ក្នុង​ចំណោម​ព្រះ​សង្ឃ​គ្នា​ឯង​តែ​ម្ដង ​នៅ​តែ​វែក​ញែក​មិន​អស់​មិន​ហើយ អំពី​ភាព​សម​គួរ​នៃ​ទង្វើ​នេះ​។

កន្លង​មក សម្ដេច​សង្ឃ​ទាំង​ពីរ​គណៈ បាន​ស្នើ​ឲ្យ​ព្រឹទ្ធសភា រដ្ឋសភា និង​រដ្ឋាភិបាល បង្កើត​ច្បាប់​ដើម្បី​ដាក់​ព្រះ​សង្ឃ​ជា​បុគ្គល​អព្យាក្រឹត ដោយ​មិន​អនុញ្ញាត​ឲ្យ​ព្រះ​សង្ឃ​ចូល​ប្រឡូក​ក្នុង​សកម្មភាព​នយោបាយ ឬ​ឃោសនា​គាំទ្រ​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ​។ នៅ​ក្នុង​មហាសន្និបាត​សង្ឃ​នា​ពេល​កន្លង​ទៅ សម្ដេច​សង្ឃ បួរ គ្រី បាន​បញ្ជាក់​ថា អព្យាក្រឹត​ភាព​របស់​ព្រះ​សង្ឃ សំខាន់​ណាស់ ដើម្បី​​ឲ្យ​ព្រះ​សង្ឃ​ខ្មែរ​គ្រប់​អង្គបំពេញ​កាតព្វកិច្ច​ជា​ស្រែ​បុណ្យ​ដ៏​ប្រសើរ ដើម្បី​ញ៉ាំង​សទ្ធា​ជ្រះ​ថ្លា​នៃ​ព្រះពុទ្ធ​សាសនា ដែល​ជា​សាសនា​របស់​រដ្ឋ​។

ដូច្នេះ សរុប​មក​វិញ នៅ​ក្នុង​ចំណោទ​អំពីភាព​ត្រឹម​ត្រូវ​និង​ស្រប​ច្បាប់​នៃ​​ការ​ចូល​រួម​របស់​ព្រះ​សង្ឃ​នៅ​ក្នុង​ការ​ឃោសនា​បោះ​ឆ្នោត គេ​មាន​ចម្លើយ​ពីរ​។ តាម​ផ្លូវ​ច្បាប់ និង​សម្រាប់​អ្នក​ប្រជាធិបតេយ្យ​និយម ព្រះ​សង្ឃ​គឺ​ជា​បុគ្គល​ដែល​មាន​សិទ្ធិ​គ្រប់​គ្រាន់​ដូច​ពលរដ្ឋ​ខ្មែរ​ដទៃ​ទៀត​ដែរ ហើយ​​អាច​ចូល​រួម​ឃោសនា​បោះ​ឆ្នោត​ជាមួយ​គណបក្ស​នយោបាយ​ដែល​ខ្លួន​ស្រឡាញ់​ពេញ​ចិត្ត​។ ប៉ុន្តែ​សម្រាប់​ពុទ្ធ​បរិស័ទ​ប្រកាន់​តឹង ការ​ចូល​រួម​​​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត មិន​មែន​ជា​សកម្មភាព​ដែលព្រះ​សង្ឃ គួរ​ប្រតិបត្តិ​​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI