អានតួអត្ថបទ
កម្ពុជា

ព្រះសង្ឃ​​វត្ត​​សាមគ្គី​រង្សី ​ប្រតិកម្ម​​នឹង​​អ្នក​នាំពាក្យ​​សាលា​​រាជធានី​ភ្នំពេញ​

លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ។
ដោយ៖ លី ម៉េងហួរ
១៥ នាទី

ព្រះសង្ឃ​គង់នៅ​វត្ត​សាមគ្គី​រង្សី ដែលជា​វត្ត​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ស្ថិតនៅ​សង្កាត់​ស្ទឹងមានជ័យ ក្នុង​រាជធានី​ភ្នំពេញ បានចេញ​ប្រតិកម្ម តប​នឹង​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោកឡុង ឌី​ម៉​ង់។ លោកឡុង ឌី​ម៉​ង់ ដែល​បាន​លើកឡើងថា វត្ត​សា​មគ្គ​រង្សី មិន​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ អ្នកធ្វើ​បាតុកម្ម រស់នៅក្នុង​វត្ត​អារាម និង​មាន​ព្រះសង្ឃ​នៅក្នុង​វត្ត​នោះ ចូលរួម​ក្នុង​បាតុកម្ម ឬ​កូដកម្មផ្សេង។ ប៉ុន្តែ​តាម​ព្រះសង្ឃ​វត្ត​សាមគ្គី​រង្សី ការលើកឡើង​របស់​អ្នកនាំពាក្យ​នេះ មិនអាច​ទទួលយកបាន​ទេ។

ផ្សាយពាណិជ្ជកម្ម

ប្រតិកម្ម​របស់​ព្រះសង្ឃ​វត្ត​សាមគ្គី​រង្សី បានធ្វើ​ឡើង តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃទី២កុម្ភៈ។ ព្រះសង្ឃ មិន​ជំទាស់​នឹង​អាជ្ញាធរ ដែល​ចង់​បង្កើត​គណៈកម្មការ ដើម្បី​ត្រួតពិនិត្យ​រដ្ឋបាល នៅ​វត្ត​សាមគ្គី​រង្សី ព្រោះ​ជា​តួនាទី​របស់​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ដើម្បី​រក្សា​នូវ​សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម។

ប៉ុន្តែ​ករណី​ដែល​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោកឡុង ឌី​ម៉​ង់ បានផ្តល់​បទសម្ភាសន៍​ជូន​ប្រព័ន្ធ​ផ្សព្វផ្សាយ ត្រូវបាន​ព្រះសង្ឃ​ចាត់ទុកជា​ការចោទប្រកាន់​លើ​វត្ត​សាមគ្គី​រង្សី ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ មកលើ​កិត្តិយស​របស់​វត្ត។ ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​វត្ត​សាមគ្គី​រង្សី អះអាងថា មិនអាច​ទទួលយកបាន​ទេ។

ក្នុង​សេចក្តីប្រកាស​ព័ត៌មាន ព្រះសង្ឃ​វត្ត​សាមគ្គី​រង្សី បាន​ស្រង់​សម្តី​លោកឡុង ​ឌី​ម៉​ង់ ដែល​បានផ្តល់​បទសម្ភាសន៍​តា​ម​ប្រព័ន្ធ​ផ្សព្វផ្សាយ មាន​ជាអាទិ៍​ថា វត្ត​សាមគ្គី​រង្សី មិន​សហការ​ជាមួយនឹង​អាជ្ញាធរ​ដែនដី អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅក្នុង​វត្ត​អារាម ដែល​ប្រជាពលរដ្ឋ​ទាំងនោះ តែងតែ​ចេញពី​វត្ត​នេះ ទៅធ្វើ​បាតុកម្ម ឬ​កូដកម្ម ព្រះសង្ឃ​បានធ្វើ​សកម្មភាព​ដុត​រថយន្ត​របស់​រដ្ឋ ព្រះសង្ឃ​នៅក្នុង​វត្ត​សាមគ្គី​រង្សី តែងតែ​ចូលរួម​ក្នុង​បាតុកម្ម និង​កូដកម្មផ្សេងៗ និង​មាន​ព្រះសង្ឃ​ប្រព្រឹត្ត​អំពើហិង្សា ជាដើម។

ក្នុង​លិខិត ព្រះសង្ឃ​វត្ត​សាមគ្គី​រង្សី បានទាមទារ​ឲ្យ​អ្នកនាំពាក្យ បង្ហាញ​ភស្តុតាង ហើយ​ថា ការចូលរួម​ធ្វើបាតុកម្ម ឬ​កូដកម្ម ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ ដែលមាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ។ ម្យ៉ាងទៀត វត្ត​អារាម ជាទី​ស្នាក់អាស្រ័យ​របស់​ប្រជាពលរដ្ឋ រងគ្រោះ​ដោយ​បញ្ហាដីធ្លី មកពី​តាម​បណ្តា​ខេត្ត​នានា។

លោកឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ចាត់ទុក​សេចក្តីប្រកាស​ខាងលើ ជា​សិទ្ធិ​របស់​ព្រះសង្ឃ។ រីឯ​អាជ្ញាធរ បាន​ប្រជុំ​ត្រៀមលក្ខណៈ​រួចហើយ ដើម្បី​ចុះទៅ​ធ្វើ​រដ្ឋបាល ត្រួតពិនិត្យ​នៅ​វត្ត​សាមគ្គី​រង្សី តែ​រហូតដល់​ថ្ងៃនេះ លោក​ឡុង​ឌី​ម៉​ង់ បញ្ជាក់ថា អាជ្ញាធរ មិនទាន់​កំណត់​ថ្ងៃ​ចុះទៅ​ត្រួតពិនិត្យ​វត្ត​ខ្មែរ​កម្ពុជា​ក្រោម​នោះ​នៅឡើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ