កញ្ញា កឹម មនោវិទ្យា៖ ក្រុមលោក សម រង្ស៊ី កំពុងប្រឹងលាបពណ៌មួលបង្កាច់លោក កឹម សុខា ថាជាអាយ៉ងCPP
កញ្ញាកឹម មនោវិទ្យា ដែលជាកូនស្រីរបស់លោកកឹម សុខា នៅយប់មិញនេះ បានចេញមកប្រតិកម្មចំពោះការសម្រេចបញ្ចូនសំណុំរឿងលោកកឹម សុខា ទៅកាត់ទោសរបស់តុលាការក្រុងភ្នំពេញ។ កញ្ញាកឹម មនោវិទ្យា បានចាត់ទុកតុលាការនេះថា ជាតុលាការរបស់គណបក្សប្រជាជនកម្ពុជា។ ជាមួយគ្នានេះ កញ្ញាក៏ឆ្លៀតវាយប្រហារទៅលើក្រុមលោកសម រង្ស៊ី ផងដែរ ដោយអះអាងថា ក្រុមលោកសម រង្ស៊ី កំពុងខំប្រឹងលាបពណ៌លោកកឹម សុខាថា ជាអាយ៉ងរបស់គណបក្សកាន់អំណាច។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
គឺនៅលើគណនីហ្វេសប៊ុករបស់ខ្លួន កញ្ញាកឹម មនោវិទ្យា បានសរសេរដូច្នេះថា យុទ្ធនាការលាបពណ៌របស់ក្រុមលោក សម រង្សី បាននឹងកំពុងខំប្រឹងយ៉ាងពេញទំហឹងក្នុងការមួលបង្កាច់លោក កឹម សុខាថា ជាអាយ៉ងរបស់បក្សកាន់អំណាច។ បើតាមកញ្ញាកឹម មនោវិទ្យា មូលហេតុដែលក្រុមលោកសម រង្ស៊ី ធ្វើដូច្នេះ ពីព្រោះភ័យខ្លាចលោកកឹម សុខា ទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ។ កញ្ញាកឹម មនោវិទ្យា បានហៅសកម្មភាពរបស់ក្រុមលោកសម រង្ស៊ី នេះថា ជានយោបាយដ៏គម្រក់ដែលត្រូវតែប្តូរឱ្យបានជាដាច់ខាតពីកម្ពុជា។ មិនតែប៉ុណ្ណោះ កញ្ញាកឹម មនោវិទ្យា ថែមទាំងប្តេជ្ញាចិត្តតស៊ូបំបាត់វប្បធម៌លាបពណ៌មួលបង្កាច់នេះឱ្យទាល់តែបានទោះក្នុងរូបភាពណាក៏ដោយ។
ចំពោះការចោទប្រកាន់របស់កូនស្រីលោកកឹម សុខានេះ លោកសម រង្ស៊ី ប្រធានស្តីទី និង លោកអេង ឆៃអ៊ាង ដែលជាអនុប្រធានអតីតគណបក្សសង្រ្គោះជាតិស្ថិតនៅក្នុងក្រៅប្រទេសមិនអាចទាក់ទងសុំការបំភ្លឺបាននៅឡើយទេ។ ប៉ុន្តែ កាលពីចុងខែវិច្ឆិកាកន្លងទៅ លោកសម រង្ស៊ី ធ្លាប់បានអះអាងថា ការយកលោកកឹម សុខា ទៅកាត់ទោស ហើយក្រោយមកស្នើសុំឱ្យព្រះមហាក្សត្រលើកលែងទោសវិញ គឺជាដំណោះស្រាយក្លែងក្លាយដែលសហភាពអឺរ៉ុបមិនត្រូវការនោះទេ។ ជាមួយគ្នានេះ លោកនៅតែអះអាងថា រូបលោក និង លោកកឹម សុខា គឺជាមនុស្សតែមួយ ហើយលោក និង លោកកឹម សុខា មិនបែកបាក់គ្នាតាមការចង់បានរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែនឡើយ។
បើទោះបីលោកសម រង្ស៊ី លើកឡើងបែបនេះក្តី ប៉ុន្តែសម្ព័ន្ធភាពរវាងអ្នកទាំងពីរត្រូវបានអ្នកវិភាគ និងមជ្ឈដ្ឋានមួយចំនួនមើលឃើញថា ហាក់ដូចជាប្រេះស្រាំទៅហើយ ដោយសារអ្នកគាំទ្រអ្នកទាំងពីរតែងតែវាយប្រហារ និងលាបពណ៌គ្នាទៅវិញទៅមកមិនចេះចប់។ តែទោះជាយ៉ាងណា កញ្ញាកឹម មនោវិទ្យា បានលើកឡើងថា ចាប់ពីឆ្នាំ២០២០ខាងមុខនេះ លោកកឹម សុខា នឹងជំរុញឱ្យមានការផ្សះផ្សាជាតិទ្រង់ទ្រាយធំមួយដោយឈរលើមូលដ្ឋានប្រជាធិបតេយ្យ សេរីពហុបក្ស បំបាត់ការលាបពណ៌ចាស់គំរឹលទាំងអស់និងបំបាត់ការចាប់ចងវាយប្រហារដែលនាំបញ្ហាវឹកវរដល់សង្គមជាតិ។ ប៉ុន្តែ កញ្ញាកឹម មនោវិទ្យាក៏ទទួលស្គាល់ថា ការបង្រួបបង្រួមនឹងជួបផលវិបាកច្រើនណាស់ តែវា គឺជាជម្រើសល្អតែមួយគត់ដែលត្រូវតែព្យាយាមជំរុញឱ្យបាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ