លោក ស៊ុន ចាន់ថុល៖ កម្ពុជាកំពុងចរចាខ្ចីលុយចិនជិត២០០លានដុល្លារសង់ផ្លូវជាតិលេខ១០
កម្ពុជាកំពុងចរចាជាមួយចិនដើម្បីខ្ចីលុយចំនួន១៨៣លានដុល្លារអាមេរិកបន្ថែមទៀត សម្រាប់សាងសង់ផ្លូវជាតិលេខ១០ ពីស្រុកសំឡូត ខេត្តបាត់ដំបង ទៅកាន់ខេត្តកោះកុង ដែលមានប្រវែង១៩៣គីឡូម៉ែត្រ។ នេះជាការបញ្ជាក់របស់ រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីម្សិលមិញ។ គម្រោងសង់ផ្លូវថ្មីបន្ថែមនេះ គឺស្របពេលគម្រោងពង្រីកផ្លូវសំខាន់ៗជាច្រើនទៀតនៅកម្ពុជា បាននិងកំពុងធ្វើ ក្រោមប្រាក់កម្ចីរបស់ជប៉ុន និងចិនក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ។
ចុះផ្សាយនៅថ្ងៃ៖
គម្រោងចំនួន១៥ដែលក្រសួងសាធារណៈការដាក់ចេញ ក្នុងការពង្រីកផ្លូវជាតិសំខាន់ៗចេញពីទីក្រុងភ្នំពេញទៅកាន់បណ្តាខេត្តមួយចំនួនបាននិងកំពុងបន្តសកម្មភាពរួមមាន៖ ផ្លូវល្បឿនលឿនពីភ្នំពេញទៅ ក្រុងព្រះសីហនុ ប្រវែងសរុប១៩០គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានកាលពីចុងខែមីនាឆ្នាំ២០១៩នេះ។ ជាគម្រោងវិនិយោគរបស់ក្រុមហ៊ុនចិនដោយទឹកប្រាក់ជិត២ពាន់ដុល្លារ។ ចំណែក ការពង្រីកផ្លូវជាតិលេខ៣ពីភ្នំពេញ ទៅខេត្ត កំពត គឺគ្រោងចំណាយថវិកាជាង ២០០លានដុល្លារអាមេរិក ក្រោមកម្ចីពីចិន។
ជាមួយគ្នានោះ កំណាត់ផ្លូវជាតិលេខ៣ ពីទីរួមខេត្តកំពត ទៅរង្វង់មូលវាលរេញ មានប្រវែងសរុប ៥៤,៣០ គម បានជួសជុលកាលពីខែកុម្ភៈ ឆ្នាំ២០១៨ ចំណាយថវិកា ប្រមាណ ១២,០៦១លានដុល្លារសហរដ្ឋអាមេរិក ក្រោមឥណទាន ធនាគារពិភពលោក។
លើសពីនេះទៀតក៏នៅមានគម្រោងពង្រីងផ្លូវជាតិលេខ៤៨ (ផ្លូវបំបែកស្រែអំបិល-ទីរួមខេត្តកោះកុង) នឹងត្រូវពង្រីកទៅជាផ្លូវហាយវេ ដោយកម្ចីថវិការបស់កូរ៉េ ៦៧លានដុល្លារ និង៨លានដុល្លារ ជាថវិកាបដិភាគរបស់កម្ពុជា។ នេះបើតាមការថ្លែងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាកាលពីខែមីនាឆ្នាំនេះ។
រីឯគម្រោងពង្រីងផ្លូវជាតិលេខ៥ ប្រវែងសរុប៣៣៦គីឡូម៉ែត្រក៏កំពុងមានសកម្មភាព គ្រោងចំណាយថវិកាប្រមាណ៥០០ លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះផ្លូវប្រវែង ៨៤,៧៤ គីឡូម៉ែត្រ ពីខេត្តបាត់ដំបងទៅកាន់ក្រុងសិរីសោភ័ណ្ឌ ក្នុងខេត្តបន្ទាយមានជ័យ ចំណាយទឹកប្រាក់ចំនួន ១៤៣ លានដុល្លារ ក្រោមហិរញ្ញប្បទាន របស់ជប៉ុន។ នេះជាការបញ្ជាក់របស់ លោក ឈឹម ផល្លា នាយក នៃនាយកដ្ឋានផ្លូវថ្នល់។
ចំណែកនៅទីក្រុងភ្នំពេញវិញ គឺផ្លូវក្រវ៉ាត់ទី២ ត្រូវបានរាយការណ៍ថាត្រូវចំណាយថវិកា ៧២លានដុល្លារ តភ្ជាប់មហាវិថីរុស្ស៊ីទៅកាន់ផ្លូវជាតិលេខ២។ ចំណែកផ្លូវក្រវ៉ាត់ទី៣ តភ្ជាប់ផ្លូវជាតិលេខ១ លេខ ២ លេខ ៣លេខ ៤ និងផ្លូវជាតិលេខ៥។ បន្ថែមពីនេះ នៅមានការជួសជុលផ្លូវជាតិលេខ១១ ពីស្ពានអ្នកលឿង ទៅកាន់ថ្នល់ទទឹងផងដែរ។
ក្រៅពីគម្រោងដែលកំពុងអនុវត្តន៍ ក៏នៅមានគម្រោងសាងសង់ផ្លូវជាតិលេខ១០ មួយខ្សែបន្ថែមទៀត ដែលតភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ទៅខេត្តកោះកុង ដែលមានប្រវែង១៩៣គីឡូម៉ែត្រ។ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថាផ្លូវថ្មីនឹងចំណាយអស់១៨៣លានដុល្លារគឺជាប្រាក់កម្ចីពីប្រទេសចិន ។
នៅពេលលើកឡើងថា ហេតុអ្វីបានជាកម្ពុជាខ្ចីលុយបរទេសមកធ្វើផ្លូវ លោក ស៊ុន ចាន់ថុល បកស្រាយ ថា មកពីការកសាងហេដ្ឋារចនាសម្ព័ន្ធ គឺត្រូវការថវិកាច្រើន ហើយកម្ចីទាំងនោះក្នុងអត្រាការប្រាក់ទាបដែលកម្ពុជាអាចមានលទ្ធភាពគ្រប់គ្រងបំណុលបាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ