មុនឆ្លងចូលឆ្នាំថ្មី កម្ពុជាទទួលបានគម្រោងវិនិយោគជិត២ពាន់លានដុល្លារអាមេរិកបន្ថែមទៀត
ចុះផ្សាយនៅថ្ងៃ៖
នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងចូលឆ្នាំថ្មីឆ្នាំ២០២០ហើយ។ ប៉ុន្តែមុនផុតឆ្នាំចាស់២០១៩ឈានចូលឆ្នាំថ្មី២០២០ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរដល់ក្រុមហ៊ុនវិនិយោគចំនួន៩បន្ថែមទៀត។ គម្រោងវិនិយោគថ្មីៗទាំងនេះ មានទំហំទឹកប្រាក់ដល់ទៅជិត២ពាន់លានដុល្លារអាមេរិកឯណោះ។
តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) កាលពីថ្ងៃទី២៥ ខែធ្នូ បានប្រកាសចេញវិញ្ញាបនប័ត្រចុះបញ្ជីដល់ក្រុមហ៊ុនវិនិយោគចំនួន៩បន្ថែមទៀត។ ក្រុមហ៊ុនថ្មីៗទាំងអស់នេះ ជាប្រភេទក្រុមហ៊ុនសាងសង់ខ្សែបណ្តាញបញ្ជូន និងអនុស្ថានីយអគ្គិសនី សាងសង់ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ រោងចក្រផ្គុំដំឡើងសម្ភារៈ អេឡិចត្រូនិក រោងចក្រផលិតចំណីសត្វ រោងចក្រផ្គុំដំឡើងគ្រឿងបរិក្ខាអគ្គិសនី រោងចក្រផ្គុំដំឡើងរថយន្តគ្រប់ប្រភេទ និងគ្រឿងម៉ាស៊ីន ផ្សារទំនើប និង សណ្ឋាគារជាដើម។ គម្រោងទាំងនេះ គឺស្ថិតនៅក្នុងខេត្តព្រះសីហនុ ពោរធិ៍សាត់ កំពង់ស្ពឺ និង រាជធានីភ្នំពេញ។
គម្រោងវិនិយោគទាំង៩នេះ បើគិតសរុបជាទឹកប្រាក់ទៅ គឺមានចំនួនជាង១ពាន់៩រយលានដុល្លារអាមេរិក។ ក្នុងចំណោមគម្រោងវិនិយោគទាំងនេះ មានគម្រោង៣ដែលជាគម្រោងធំ និង មានទឹកប្រាក់ច្រើនជាងគេ គឺគម្រោងសាងសង់ផ្សារទំនើបអ៊ីអនម៉លបន្ថែមទៀតនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទំហំទឹកប្រាក់ជិត៣០០លានដុល្លារ។ គម្រោងសាងសង់ និង អាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន១.៥០០បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅក្នុងខេត្តព្រះសីហនុដែលមានទុនវិនិយោគចំនួនជាង៣៣០លានដុល្លារអាមេរិក និង គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៥០០បន្ទប់ សណ្ឋាគារ និង Apartment ថ្នាក់ផ្កាយ៤ ចំនួន ១.៦០០ units និងមជ្ឈមណ្ឌលពាណិជ្ជកម្មស្ថិតនៅ“លើកោះពេជ្រ” ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ គម្រោងនេះ មានទុនវិនិយោគជាង១.១រយលានដុល្លារអាមេរិក។
សូមជម្រាបជូនថា ទាំងអស់នេះ គឺជាគម្រោងថ្មីៗបន្ថែមទៀតដែលកម្ពុជាទទួលបានមុនឆ្លងចូលឆ្នាំថ្មីឆ្នាំ២០២០។ កាលពី៦ខែ នៅក្នុងឆ្នាំ២០១៩នេះ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) បានសម្រេចឯកភាពលើគម្រោងវិនិយោគចំនួន១៥៣គម្រោង ស្មើនឹងទឹកប្រាក់ដល់ទៅជាង៥ពាន់លានដុល្លារអាមេរិករួចមកហើយ។ បើតាមរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីឆ្នាំ២០១៦មកដល់ពេលនេះ កម្ពុជាទាក់ទាញបានការវិនិយោគបរទេសជាច្រើន និង មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ មូលហេតុនៃការកើនឡើងការវិនិយោគនេះគឺដោយសារតែវិនិយោគិនបរទេសមានទំនុកចិត្តខ្ពស់មកលើការដឹកនាំប្រទេសរបស់រដ្ឋាភិបាលកម្ពុជា។ ជាការដឹកនាំដែល ពោរពេញទៅដោយសន្តិភាព និង ស្ថេរភាពនយោបាយ។ នេះបើតាមការគូសបញ្ជាក់ឱ្យដឹងរបស់ទីស្តីការគណៈរដ្ឋមន្រ្តីកម្ពុជា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ