អាជ្ញាធរបង្កើនការចាប់ខ្លួនសកម្មជនអតីតCNRP ខណៈថ្ងៃកំណត់ចូលស្រុករបស់លោក សម រង្ស៊ី កាន់តែខិតជិតមកដល់
នៅព្រឹកថ្ងៃពុធនេះ មន្រ្តីអតីតបក្សប្រឆាំង២នាក់បន្ថែមទៀតត្រូវបានអាជ្ញាធរកម្ពុជាចាប់ឃាត់ខ្លួនពាក់ព័ន្ធនឹងការចោទប្រកាន់រួមគំនិតក្បត់ជាមួយលោកសម រង្ស៊ី។ ចំណែក កាលពីម្សិលមិញវិញ មន្រ្តីអតីតបក្សប្រឆាំងយ៉ាងហោចណាស់ ១១នាក់ក៏ត្រូវបានចាប់ខ្លួនដូចគ្នានេះផងដែរ។ ការបង្កើនការចាប់ខ្លួននេះ ធ្វើឡើងស្របពេលដែលថ្ងៃកំណត់ចូលស្រុករបស់លោក សម រង្ស៊ី កាន់តែខិតចូលមកដល់ គឺនៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ។
ចុះផ្សាយនៅថ្ងៃ៖
ជនសង្ស័យរួមគំនិតក្បត់ជាមួយលោកសម រង្ស៊ី ពីរនាក់បន្ថែមទៀតហើយ ត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និង ខណ្ឌសែនសុខ បានឃាត់ខ្លួននៅព្រឹកថ្ងែទី៦ ខែវិច្ឆិកានេះ។ កាលពីថ្ងៃអង្គារ អតីតសមាជិកក្រុមប្រឹក្សាសង្កាត់បឹងសាឡាងរបស់អតីតគណបក្សសង្រ្គោះជាតិម្នាក់ និង មនុស្សចំនួន១០នាក់ផ្សេងទៀតដែលនៅប្រចាំការយាមនៅអតីតទីស្នាក់ការគណបក្សសង្រ្គោះជាតិ ក៏ត្រូវបានអាជ្ញាធររាជធានីភ្នំពេញចាប់ឃាត់ខ្លួនផងដែរ។ គិតទាំងលើកនេះ សកម្មជន និង មន្រ្តីអតីតគណបក្សសង្រ្គោះជាតិមិនក្រោមជាង៦០នាក់ទេត្រូវបានចាប់ខ្លួនក្រោមការប្រកាន់ពីបទរួមគំនិតក្បត់ជាមួយលោក សម រង្ស៊ី ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជាតាមរយៈផែនការវិលចូលស្រុកវិញនៅថ្ងៃទី០៩ ខែវិច្ឆិកា។
ជាមួយនឹងការបន្តចាប់ខ្លួននេះ នៅតាមព្រំដែនកម្ពុជា-ថៃឯណោះវិញ កងទ័ពកម្ពុជាក៏បានដាក់ពង្រាយ ដើម្បីត្រៀមចាប់ខ្លួនលោកសម រង្ស៊ី និង ថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិមួយចំនួនទៀត។ លើសពីនេះទៀត អាជ្ញាធរថៃក៏បានសហការជាមួយអាជ្ញាធរកម្ពុជា ដោយបិទបដារូបថតលោកសម រង្ស៊ី និង មន្រ្តីផ្សេងទៀត ដើម្បីស្វែងរកចាប់ខ្លួន និង មិនឱ្យមានការប្រមូលផ្តុំនៅតាមច្រកព្រំដែននៃប្រទេសទាំងពីរឡើយ។
ចំណែក បញ្ហាសន្តិសុខ និង សណ្តាប់ធ្នាប់នៅក្នុងប្រទេសឯណេះវិញ អាជ្ញាធរកម្ពុជាក៏បានត្រៀមលក្ខណៈរួចរាល់ហើយដែរ ដើម្បីចាប់ខ្លួនលោក សម រង្ស៊ី និង អ្នកពាក់ព័ន្ធទៀតនៅថ្ងៃទី០៩ ខែវិច្ឆិកា។ មិនតែប៉ុណ្ណោះ សម្រាប់ថ្ងៃបុណ្យឯរាជ្យជាតិ ៩វិច្ឆិកា និងបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១០ ១១ និង១២ ខែវិច្ឆិកា ខាងមុខនេះ រដ្ឋាភិបាលកម្ពុជានឹងបង្កើនការដាក់ពង្រាយកងកម្លាំងចម្រុះដល់ទៅជិត២ម៉ឺននាក់ឯណោះ។ ចំនួននេះ គឺកើនឡើងច្រើនបើប្រៀបធៀបកាលពីឆ្នាំទៅមិញ ដែលមានចំនួនត្រឹមតែ១ម៉ឺន៣ពាន់នាក់ប៉ុណ្ណោះ។
លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជា បានគូសបញ្ជាក់ថា ការបង្កើនចំនួនកងកម្លាំងចម្រុះនេះ គឺដើម្បីទប់ស្កាត់ការគម្រាមកំហែងសន្តិសុខជាតិដែលមានជាប់ទាក់ទងទៅនឹងផែនការចូលស្រុករបស់លោក សម រង្ស៊ី ។ ក៏ប៉ុន្តែ លោកសម រង្ស៊ី ធ្លាប់បានប្រកាសថា នឹងបូជាជីវិត និង សេរីភាពផ្ទាល់ខ្លួន ដើម្បីចូលមកប្រទេសកម្ពុជាឱ្យទាល់តែបាន ទៅតាមការគ្រោងទុកនៅថ្ងៃទី០៩ វិច្ឆិកា ខាងមុខនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ