កម្ពុជា

ដាក់ទោស​មនុស្ស​ជាង​២០០០​នាក់​ក្នុង​ករណី​ជួញដូរ​គ្រឿង​ញៀន

ប៉ូលិស​ចាប់​បាន​គ្រឿង​ញៀន​ដែល​ចរាចរណ៍​លួចលាក់​ក្នុង​ទីផ្សារ​កម្ពុជា។​
ប៉ូលិស​ចាប់​បាន​គ្រឿង​ញៀន​ដែល​ចរាចរណ៍​លួចលាក់​ក្នុង​ទីផ្សារ​កម្ពុជា។​ RFI/ Siv Channa

គិត​ត្រឹម​៧​ខែ​ក្នុង​ឆ្នាំ​២០១៥​នេះ តុលាការ​កម្ពុជា​ដាក់​ទោស​ជនល្មើស​ជាង​២០០០​នាក់​ក្នុង​សំណុំ​រឿង​ជួញដូរ​គ្រឿង​ញៀន​គ្រប់​ប្រភេទ។ ក្នុង​នោះ​ចាប់​បាន​គ្រឿង​ញៀន​គ្រប់​ប្រភេទ​មាន​ចំនួន​៩០​គីឡូ​ក្រាម និង​បង្ក្រាប​ដោយ​ផ្ទាល់​នៅ​នឹង​កន្លែង​មាន​ចំនួន​១៣០០​ករណី។

ផ្សាយពាណិជ្ជកម្ម

តួលេខ​ផ្លូវ​ការ​ស្ដី​ពី​បទ​ល្មើស​គ្រឿង​ញៀន​នេះ ត្រូវ​បាន​បញ្ជាក់​ដោយ​លោក ខៀវ សាមន​ ប្រធាន​នាយកដ្ឋាន នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន ក្រសួង​មហា​ផ្ទៃ ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​២៥ សីហា ។ លោក ខៀវ សាមន បញ្ជាក់​បន្ថែម​ថា ការ​ដាក់​ទោស​មនុស្ស​២០០០​នាក់​គឺ​ជា​ករណី​មួយ​រក​ឃើញ​នៅ​ទូទាំង​ប្រទេស ។ ប៉ុន្តែ​វា​គ្រាន់​តែ​ជា​ការ​រក​ឃើញ​ដោយ​កម្លាំង​នគរបាល​ជាតិ​ដែល​ស្ថិត​នៅ​ក្រោម​ចំនុះ​របស់​ក្រសួង​មហា​ផ្ទៃ​​ប៉ុណ្ណោះ។ 

ដោយ​ឡែក​ចំពោះ​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​ជា​បន្ត​បន្ទាប់ ដោយ​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿង កាល​ពី​ថ្ងៃ​ទី​២១​សីហា កន្លង​មក​នេះ គឺ​ឃាត់​ជន​ល្មើស​បាន​ចំនួន​១០០​នាក់ ដែល​ចំនួន​នេះ​ត្រូវ​បាន​លោក ខៀវ សាមន ចាត់​ទុក​ថា ជា​ចំនួន​មួយ​ច្រើន។ លោក ខៀវ សាមន ឲ្យ​ដឹង​ទៀត​ថា ប្រតិបត្តិការ​ចាប់​ជនល្មើស​ជួញដូរ​គ្រឿង​ញៀន​មិនមែន​ធ្វើ​ឡើង​ផ្អែក​ទៅ​លើ​ការ​ប៉ាន់​ស្មាន​នោះ​ទេ គឺ​សមត្ថកិច្ច​យក​ជន​ទាំង​នោះ​ទៅ​ធ្វើ​តេស្ត ដើម្បី​បែង​ចែក​ដាក់​នៅ​ឲ្យ​ដាច់​ពី​គ្នា​រវាង អ្នក​ចែក​ចាយ និង​អ្នក​ប្រើប្រាស់។

សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​២៥​សីហា​នេះ​ក៏​បាន​បង្ហាញ​មុខ​ជនល្មើស​ពាក់ព័ន្ធ​គ្រឿង​ញៀន​ចំនួន​បី​នាក់​ផង​ដែរ។ ជនល្មើល​បី​នាក់​នេះ​ត្រូវ​បាន​រក​ឃើញ​ថា ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿង​ញៀន​នៅ​គោល​ដៅ​សំខាន់​ៗ​ក្នុង​រាជធានី​ភ្នំពេញ​រួម​មាន៖ បណ្ដោយ​ផ្លូវ​ជាសុផារ៉ា បុរី​មង្គល​ភ្នំពេញ សង្កាត់​ស្ទឹង​មាន​ជ័យ។ ហើយ​ប្រតិបត្តិការ​នេះ​ក៏​រឹប​អូស​បាន កញ្ឆា​ស្ងួត​ជាង​១០០០​គីឡូក្រាម ប្រេង​កញ្ឆា​១.៥​គីឡូ​និង ឧបករណ៍​កែច្នៃ​កញ្ឆា។ មេក្លោង​ធំ​ជា​ជនជាតិ​បរទេស​នៅ​មិន​ទាន់​ចាប់​ខ្លួន​បាន។ 

បើ​តាម​មន្ត្រី​ជំនាញ បទល្មើស​ពាក់​ព័ន្ធ​និង​កញ្ឆា​នេះ​ដឹក​មក​ពី​ប្រទេស​ឡាវ​ដែល​វេច​ខ្ចប់ នៅ​ក្នុង​កញ្ចប់​កាហ្វេ​ម៉ាក់​ដាវ ហើយ​តាម​គម្រោង​ជនល្មើស​គ្រោង​នឹង​បញ្ជួន​បន្ត​បណ្ដា​ប្រទេស​នៅ​តំបន់​អឺរ៉ុប។ ហើយ​កញ្ឆា​ទាំង​នេះ​បើ​បាន​ជួញដូរ​ទៅ​ដល់​ប្រទេស​នៅ​តំបន់​អឺរ៉ុប​មែន​គឺ​មាន​តម្លៃ​រាប់​លាន​ដុល្លារ។ សមត្ថកិច្ច​នឹង​ធ្វើ​ការ​ដុត​បំផ្លាញ​កញ្ឆា​ដែល​រឹបអូស​បាន​នេះ​ក្រោយ​ការ​ស៊ើប​អង្គេត​ត្រូវ​បាន​បញ្ចប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI