សង្គមស៊ីវិល ជម្រុញឲ្យក្រសួងសង្គមកិច្ចស៊ើបអង្កេត ក្រោយយុវជនម្នាក់ស្លាប់នៅមណ្ឌលព្រៃស្ពឺ
ចុះផ្សាយនៅថ្ងៃ៖
មន្រ្តីអង្គការសង្គមស៊ីវិលនៅថ្ងៃព្រហស្បតិ៍នេះ បានជម្រុញឲ្យក្រសួងសង្គមកិច្ច និងអាជ្ញាធរបើកការស៊ើបអង្កេត និងបំភ្លឺឲ្យបានច្បាស់ជុំវិញការស្លាប់របស់យុវជនម្នាក់ក្នុងមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ ឬមណ្ឌលព្រៃស្ពឺ។ ការស្លាប់របស់យុវជនរូបនោះត្រូវបានគ្រួសារ និងសង្គមស៊ីវិលអះអាងថា ស្ថិតក្នុងអាថ៌កំបាំង។
លោក អំ សំអាត មន្ត្រីជាន់ខ្ពស់ផ្នែកស៊ើបអង្កេតនៃអង្គការលីកាដូ បានភ្ញាក់ផ្អើលចំពោះការស្លាប់របស់យុវជនរូបនោះ ដែលគ្រួសារពុំបានដឹងឮហើយបូជាដោយប្រញាប់។ ទោះហេតុផលណាក៏ដោយ ការបូជាដោយគ្រួសារពុំបានដឹងឮ គឺជារឿងមួយផ្ទុយពីច្បាប់ ដែលអាចធ្វើឲ្យគេដាក់សន្និដ្ឋានថា ការស្លាប់នោះមិនមែនបណ្ដាលមកពីជំងឺ។
លោកស្រី មុំ ចាន់ដានី ប្រធានមជ្ឈមណ្ឌលព្រៃស្ពឺបានគូសបញ្ជាក់ថា ការស្លាប់របស់យុវជនម្នាក់ដែលក្រុមគ្រួសារបញ្ជូនមកមណ្ឌលកាលពីមួយឆ្នាំមុននោះ ដោយសារតែអាការៈគាំងបេះដូង។ រីឯការបូជាសពមិនមែនខាងមណ្ឌលព្រៃស្ពឺបញ្ជាឲ្យធ្វើឡើងជាប្រញាប់ទេ ប៉ុន្តែខាងអាចារ្យប្រញាប់យកឡ។
ជាដំណោះស្រាយ លោក អំ សំអាត បានជម្រុញឲ្យក្រសួងសង្គមកិច្ច និងអាជ្ញាធរបើកការស៊ើបអង្កេត និងបំភ្លឺឲ្យបានច្បាស់ជុំវិញការស្លាប់របស់យុវជនរូបនេះ បើពុំដូច្នោះនឹងប៉ះពាល់ដល់កិត្តិយសរដ្ឋាភិបាល។ ប៉ះពាល់ដោយសារ អ្នកស្រី រ៉ូណា ស្មីត ក្នុងដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ បានបន្តសម្តែងការព្រួយបារម្ភពីស្ថានភាពអ្នកជាប់ឃុំ ក្នុងមជ្ឈមណ្ឌលព្រៃស្ពឺ។
លោក អំ សំអាត រម្លឹកអាជ្ញាធរ និងក្រសួងសង្គមកិច្ច ងាកទៅស្ដាប់ប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ២០១៦។ កាលណោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យក្រសួងសង្គមកិច្ច និងអាជ្ញាធរ ចុះត្រួតពិនិត្យមណ្ឌលព្រៃស្ពឺ។ បើសិនជាមានភាពមិនប្រក្រតីដូចការរិះគន់មែននោះ ក្រសួងនិងអាជ្ញាធរពាក់ព័ន្ធត្រូវតែបិទមណ្ឌលមួយនេះតែម្ដង ដើម្បីកុំមានបញ្ហាដែលប៉ះពាល់ដល់ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល។
បើតាមរបាយការអង្គការលីកាដូ អ្នកប្រើប្រាស់គ្រឿងញៀន និងជនអនាថា ដែលត្រូវបានអាជ្ញាធរចាប់បញ្ចូនមករស់នៅអប់រំនៅក្នុងមណ្ឌលព្រៃស្ពឺនេះ ពួកគេតែងតែរងការវាយដំ និងការរំលោភបំពានសិទ្ធិ និងផ្លូវភេទ ជាដើម។ ព្រៃស្ពឺជាទីកន្លែងសម្រាប់អប់រំអ្នកប្រើប្រាស់គ្រឿងញៀន និងជនអនាថា ដែលតែងតែរងការទិតៀន ពីសំណាក់មហាជនកន្លងមកនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ