រដ្ឋសភាទទួលបានសេចក្ដីព្រាងច្បាប់ NGO ហើយ តែមិនទាន់កំណត់ថ្ងៃពិភាក្សាអនុម័ត
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
រដ្ឋសភាជាតិកម្ពុជា ទើបតែទទួលបានសេចក្ដីព្រាងច្បាប់ស្ដីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាល។ សេចក្ដីព្រាងច្បាប់ដ៏ចម្រូងចម្រាស់នេះ ត្រូវបានរាជរដ្ឋាភិបាលបញ្ជូនទៅកាន់រដ្ឋសភា បន្ទាប់ពីកែសម្រួលលើមាត្រាសំខាន់ៗចំនួនពីរ។ យ៉ាងណាក៏ដោយ រដ្ឋសភានៅតែមិនទាន់អាចបញ្ជាក់បាននៅឡើយទេ អំពីកាលបរិច្ឆេទនៃការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ព្រមទាំងការពិភាក្សាអនុម័តសេចក្ដីព្រាងច្បាប់នេះជាផ្លូវការ។
សេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានបញ្ជូនទៅដល់រដ្ឋសភាជាតិហើយ នៅរសៀលថ្ងៃអង្គារ ទី១៦ខែមិថុនា។ អ្នកនាំពាក្យរដ្ឋសភាជាតិ លោក ឈាង វុន មិនបានបញ្ជាក់ប្រាប់វិទ្យុបារាំងអំពីកាលបរិច្ឆេទដែលរដ្ឋសភានឹងរៀបចំឲ្យមានសិក្ខាសិលាពិគ្រោះយោបល់ ឬពិភាក្សាអនុម័តជាផ្លូវការលើសេចក្ដីព្រាងច្បាប់ដ៏ចម្រូងចម្រាស់នេះទេ។
បើតាមអ្នកនាំពាក្យរូបនេះ មានការងារច្រើនណាស់ដែលរដ្ឋសភាចាំបាច់ត្រូវធ្វើ បន្ទាប់ពីសេចក្ដីព្រាងច្បាប់នេះ ត្រូវបានបញ្ជូនមកដល់រដ្ឋសភា។ ក្នុងនោះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នឹងបញ្ជូនសេចក្ដីព្រាងច្បាប់នេះទៅកាន់គណៈកម្មការជំនាញដើម្បីសិក្សាស្រាវជ្រាវ និងផ្ដល់យោបល់ជាមុនសិន។ ហើយក្រោយពីនោះ នឹងមានការពិភាក្សាជាមួយរដ្ឋាភិបាល មុននឹងរៀបចំឲ្យមានសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធផ្សេងទៀត។
គួររំលឹកជូនថា សេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលដែលតាក់តែងឡើងដោយក្រសួងមហាផ្ទៃនេះ រួមមាន៩ជំពូក និង៣៩មាត្រា និងត្រូវបានទីស្តីការគណៈរដ្ឋមន្ត្រីពិភាក្សានិងអនុម័តកាលពីថ្ងៃទី៥មិថុនាកន្លងទៅ។ មុននឹងទៅដល់ដៃរដ្ឋសភា រដ្ឋាភិបាលបានធ្វើការលុបចោលនូវមាត្រាចំនួន២ និងកែសម្រួលមាត្រាចំនួន២ សំខាន់។
កំណែប្រែចុងក្រោយនៃសេចក្តីព្រាងច្បាប់នេះ គឺមិនចាំបាច់តម្រូវឱ្យអង្គការសមាគមជាតិ និងអន្តរជាតិចុះបញ្ជីឡើងវិញនៅក្រសួងមហាផ្ទៃនិងក្រសួងការបរទេសទៀតនោះទេ។ មានន័យថា អង្គការសង្គមស៊ីវិលជាតិនិងអន្តជាតិមានជាង៤ពាន់ដែលចុះបញ្ជីរួចរាល់នៅក្រសួងទាំងពីរ អាចបំពេញបេសកម្មការងាររបស់ខ្លួនដដែល។ ចំណែកឯលក្ខខណ្ឌសំរាប់អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិថ្មី ដែលមានបំណងមកបំពេញបេសកម្មការងារនៅកម្ពុជា ក៏មិនមានភាពស្មុគស្មាញដូចមុននេះដែរ។ រីឯមាត្រាដែលបានចែងពីការធ្វើរបាយការណ៍ប្រចាំឆ្នាំរបស់អង្គការសង្គមស៊ីវិលវិញ ក៏មិនតម្រូវឱ្យធ្វើរបាយការណ៍មកកាន់ក្រសួងមហាផ្ទៃទៀតដែរ។ ក្រសួងមហាផ្ទៃគ្រាន់តែស្នើសុំច្បាប់ចម្លងមួយនៃរបាយការណ៍ប្រចាំឆ្នាំ ដែលអង្គការទាំងនោះ បានផ្ញើទៅកាន់ប្រទេសម្ចាស់ជំនួយប៉ុណ្ណោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ