អានតួអត្ថបទ
កម្ពុជា-ច្បាប់

​វិសោធន​កម្ម​ច្បាប់​ស្តី​ពី​ការ​បង្កើន​ចំនួន​អាសនៈ​ក្រុម​ប្រឹក្សា ត្រូវ​បាន​រដ្ឋសភា​អនុម័ត​ទាំង​ស្រុង​

រដ្ឋសភាកម្ពុជា
រដ្ឋសភាកម្ពុជា @REUTERS
ដោយ៖ វ៉ា សំណព្វ
១៨ នាទី

ដូច​ការ​គ្រោង​ទុក រដ្ឋសភា​កម្ពុជា នៅ​ថ្ងៃ​ទី ០៣ មករា​នេះ បាន​បើក​ទំព័រ​ឆ្នាំ​ថ្មី ដោយ​បាន​អនុម័ត​ទាំង​ស្រុង លើ​សេចក្តី​ស្នើ​ច្បាប់​ចំនួន​ពីរ ពាក់ព័ន្ធ​នឹង​ការ​បង្កើន​ចំនួន​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត​ក្រុង ស្រុក ខណ្ឌ ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហើប​ឲ្យ​ដឹង​កាល​ពី​សប្តាហ៍​មុន​។ បើ​ផ្អែក​តាម​សេចក្តី​ថ្លែង​ហេតុ វិសោធន​កម្ម​ច្បាប់​នេះ គឺ​ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​ផ្អែក​តាម​កំណើន​របស់​ប្រជាពលរដ្ឋ​។ ប៉ុន្តែ​អ្នក​វិភាគ​ថា ការ​បង្កើន​ចំនួន​អាសនៈ​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅ​ពេល​នេះ ហាក់​ពុំ​ទាន់​ចាំ​បាច់​នោះ​ទេ​។ 

ផ្សាយពាណិជ្ជកម្ម

ផ្អែក​តាម​វិសោធន​កម្ម​ច្បាប់​នេះ ចំនួន​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ គឺ​ត្រូវ​បាន​បង្កើន​ពី​២១​រូប ដល់ ២៧រូប ខណៈ​ក្រុម​ប្រឹក្សា​ខេត្ត​នីមួយៗ ត្រូវ​បាន​បង្កើន​ពី១៥​រូប​ដល់​២៧​រូប​។ ចំណែក​ក្រុម​ប្រឹក្សា​ក្រុង ត្រូវ​បាន​បង្កើន​ពី​១១រូប​ទៅ​ដល់​២១រូប និង​ក្រុម​ប្រឹក្សា​ស្រុក ខណ្ឌ ត្រូវ​បាន​បង្កើន​ពី១១​រូប ទៅ​ដល់​ ២១​រូប​។ សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់ ស្តី​ពី ការ​គ្រប់​គ្រង​រដ្ឋ​បាន​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មាត្រា១៨នេះ ត្រូវ​បាន​រដ្ឋ​សភា​អនុម័ត​ទាំង​ស្រុង​ ក្នុង​សម្លេង ១០៨​រូប នៅ​ព្រឹក​ថ្ងៃ​ទី ០៣ មករា ឆ្នាំ ២០១៩​នេះ​។

លោក ជាម យៀប តំណាង​ក្រុម​ហត្ថលេខី​តំណាង​រាស្ត្រ​នៃ​វិសោធនកម្ម​ច្បាប់​នេះ បាន​ថ្លែង​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នេះ​មាន​សារ​សំខាន់​ណាស់ ដើម្បី​លើក​កម្ពស់​ប្រសិទ្ធ​ភាព​ក្នុង​ការ​ផ្តល់​សេវា និង​ការ​អភិវឌ្ឍ ស្រប​ពេល​ដែល​មុខងារ និង​ធនធាន ត្រូវ​បាន​ផ្ទេរ​ជា​បន្ត​បន្ទាប់​ពី​ថ្នាក់​ជាតិ ទៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​។ ប៉ុន្តែ លោក សន ជ័យ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា បាន​លើក​ឡើង​ថា ការ​បង្កើន​ចំនួន​សមាជិក​ក្រុម​ប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នេះ នឹង​ធ្វើ​ឲ្យ​ខ្ជះ​ខ្ជាយ​ថវិការ​ជាតិ​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត​។ លោក​បាន​មើល​ឃើញ​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ហាក់​ពុំ​ទាន់​ចំា​បាច់​នៅ​ឡើយ​ទេ បើ​ធៀប​នឹង​ចំនួន​ក្រុម​ប្រឹក្សា​ដែល​កំពុង​មាន​ស្រាប់​។ យ៉ាង​ណា​ក៏​ដោយ ផ្អែក​តាម​សេចក្តី​ថ្លែង​ហេតុ​ដែល​លើក​ឡើង​ដោយ​លោក ជាម យៀប ការ​បង្កើន​ចំនួន​អាសនៈ​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នេះ គឺ​ផ្អែក​លើ​កត្តា​ប្រជា​សាស្ត្រ និង​កត្តា​ភូមិ​សាស្ត្រ នៃ​ដែន​ដី​នីមួយៗ​។

សូម​បញ្ជាក់​ថា ច្បាប់ ស្តីពី ការ​គ្រប់​គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​ដោយ​ព្រះរាជ​ក្រម កាល​ពី​ថ្ងៃទី ២៤ ឧសភា ឆ្នាំ ២០០៨ ។ គិត​ត្រឹម​ខែ​មករា​ ឆ្នាំ ២០១៩នេះ គឺ​មាន​រយៈ​ពេល​១០​ឆ្នាំ​មក​ហើយ​។

គួរ​ជំរាប​ជូន​ថា ក្រៅ​ពី​អនុម័ត​លើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី ការ​គ្រប់​គ្រង​រដ្ឋ​បាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅថ្ងៃទី ០៣ មករា នេះ រដ្ឋសភា​កម្ពុជា ក៏​បាន​អនុម័ត​លើ សេចក្តី​ស្នើ​ច្បាប់ ស្តី​ពី វិសោធនកម្ម​ច្បាប់ ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក និង​ខណ្ឌ​ផង​ដែរ​។ កាល​ពី​សប្តាហ៍​មុន ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​លោក ហ៊ុន សែន បាន​បង្ហើប​ឲ្យ​ដឹង​ពី​គម្រោង​នៃ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​ពីរ​នេះ ខណៈ​ដែល​កម្ពុជា​នឹង​រៀប​ចំ​ការ​បោះឆ្នោត​អសកល ដើម្បី​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០១៩ ខាង​មុខ​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ