កម្ពុជា-ច្បាប់

រដ្ឋសភា​អនុម័ត​ទាំង​ស្រុង​លើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ ដោយ​គ្មាន​ការ​ចូល​រួម​ពី​គណបក្ស​ប្រឆាំង

រដ្ឋសភា​អនុម័ត​ទាំង​ស្រុង​លើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ដោយ​គ្មាន​ការ​ចូល​រួម​ពី​គណបក្ស​ប្រឆាំង
រដ្ឋសភា​អនុម័ត​ទាំង​ស្រុង​លើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ដោយ​គ្មាន​ការ​ចូល​រួម​ពី​គណបក្ស​ប្រឆាំង

នៅ​ទី​បំផុត​ទៅ សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់ ស្តីពី គណបក្ស​នយោបាយ​ដ៏​ចម្រូង​ចម្រាស់ ត្រូវ​បាន​រដ្ឋសភា​ជាតិ ដែល​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦៦​រូប បាន​អនុម័ត​យល់​ព្រម​ទាំង​ស្រុង​ហើយ នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​ពេញ​អង្គ នៅ​ព្រឹក​ថ្ងៃ​ទី​ ១០ កក្កដា នេះ។ សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ដែល​ចាត់​ទុក​ថា ជា​ការ​ប្រញ៉ាប់​នេះ នឹង​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​ស្ថាប័ន​ព្រឹទ្ធសភា​ អនុម័ត​បន្ត មុន​ពេល​ដាក់​ថ្វាយ​ព្រះ​មហាក្សត្រ​ឡាយ​ព្រះ​ហស្ថលេខា​ដាក់​ឲ្យ​អនុវត្ត។ គណបក្ស​សង្រ្គោះ​ជាតិ ដែល​បាន​ប្រកាស​ធ្វើ​ពហិការ​មិន​ចូល​រួម​កិច្ច​ប្រជុំ​សភា​នៅ​ថ្ងៃ​នេះ បាន​ទទូច​ឲ្យ​បញ្ឈប់​ការ​ពិភាក្សា​លើ​ច្បាប់​នេះ ដោយ​បាន​ចាត់​ទុក​វិសោធនកម្ម​ច្បាប់​នេះ​ថា គឺ​ជា​ការ​អនុវត្ត​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ និង​ដើម្បី​តែ​កម្ចាត់​កម្ចាយ​ខ្មែរ​គ្នា​ឯង​តែ​ប៉ុណ្ណោះ។

ផ្សាយពាណិជ្ជកម្ម

ភ្លាមៗ​ក្រោយ​ពី​រដ្ឋសភា​ជាតិ បាន​អនុម័ត​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់ ស្តី​ពី គណបក្ស​នយោបាយ​ដ៏​ចម្រូង​ចម្រាស់​នៅ​ថ្ងៃ​នេះ ក្រុម​សមាជិក​សភា​គណបក្ស​សង្រ្គោះ​ជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ជា​បន្ទាន់ ដោយ​បាន​ចាត់​ទុក​វិសោធនកម្ម​ច្បាប់​នេះ​ថា មាន​ចរិត​នយោបាយ និង​ជា​សេចក្តី​ស្នើ​ច្បាប់​ដែល​ធ្វើ​ឡើង​ដើម្បី​តែ​គាប​សង្កត់​ទៅ​លើ​សិទ្ធិ​បុគ្គល និង​គណបក្ស​នយោបាយ នៅ​ក្នុង​ន័យ​កម្ចាត់​កម្ចាយ​ខ្មែរ​គ្នា​ឯងតែ​ប៉ុណ្ណោះ។ សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​សមាជិក​សភា​គណបក្ស​សង្រ្គោះ​ជាតិ ដែល​បាន​គូស​បញ្ជាក់​ពី​ការ​សម្រេច​ធ្វើ​ពហិការ​មិន​ចូល​រួម​ប្រជុំ​សភា​នៅ​ថ្ងៃ​នេះ ដោយ​បាន​ចាត់​ទុក​សេចក្តី​ស្នើ​ច្បាប់​នេះ​ថា បាន​ធ្វើ​ឡើង​ដោយ​មិន​ស្រប​ទៅ​តាម​គោលការណ៍​នីតិរដ្ឋ ហើយ​បាន​អនុវត្ត​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។ សេចក្តី​ថ្លែងការណ៍​បាន​ទទូច​ឲ្យ​បញ្ឈប់​ការ​ពិភាក្សា​និង​អនុម័ត លើ​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​នេះ ដើម្បី​ធានា​ការ​ពារ​ផល​ប្រយោជន៍​ជាតិ ការ​បង្រួប​បង្រួម​ជាតិ ផ្សះ​ផ្សា​ជាតិ និង​ឯកភាព​ជាតិ​ជា​ដើម។

គួរ​ជំរាប​ជូន​ថា រដ្ឋសភា​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី ១០ កក្កដា​នេះ បាន​អនុម័ត​ទាំង​ស្រុង លើ​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់ ស្តី​ពី គណបក្ស​នយោបាយ ក្នុង​សម្លេង​៦៦​លើ​៦៦​រូប ដែល​សុទ្ធ​សឹង​តែ​ជា​សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា។ សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់ ស្តី​ពី​គណបក្ស​នយោបាយ​ដែល​ស្នើ​ឡើង​ដោយ​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៤០​រូប បន្ទាប់​ពី​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​សប្តាហ៍​មុន ដោយ​បាន​សម្រេច​កែ​ប្រែ​ចំនួន​៥​មាត្រា និង​បន្ថែម​ខ្លឹមសារ​សំខាន់ៗ​ចំនួន​៣​ចំណុច​ទៅ​លើ​ត្រង់​មាត្រា​៦​ថ្មី​(ពីរ) ដោយ​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​នយោបាយ ឃុប​ឃិត​ជាមួយ​ទណ្ឌិត​នោះ​ឡើយ សូម្បី​តែ​ការ​ប្រើ​ប្រាស់​សារ​ជា​សំឡេង រូបភាព ឯកសារ​ជា​លាយលក្ខណ៍អក្សរ ឬ​សកម្មភាព​របស់​ទណ្ឌិត ដែល​ជាប់ទោស​ពីបទ​ឧក្រិដ្ឋឬ​បទ​មជ្ឈិម​។បើ​គណបក្ស​នយោបាយ​ណា​ល្មើស​នឹង​មាត្រា​​៦​ថ្មី​(ពីរ)​នៃ​ច្បាប់នេះ និង​មាត្រា​៧ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ នោះតុលាការ​អាច​សម្រេចផ្អាក​សកម្មភាព​គណបក្ស​នយោបាយ​នោះ​មិន​ឲ្យ​លើស​ពី​៥​ឆ្នាំ ឫ​ធ្ងន់​ធ្ងរ​អាច​ត្រូវ​រំលាយ​គណបក្ស​នោះ​ចោល​តែ​ម្តង​។​

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ត្រូវ​បង្ខំ​ចិត្ត​លា​លែង​ពី​តំណែង​ដោយ​សារ​តែ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​លើក​ទី​១ កាល​ពី​ដើម​ឆ្នាំ​២០១៧​នេះ​បាន​ចាត់​ទុក​ថា ជា​រឿង​គួរ​ឲ្យ​អស់​សំណើច ដែល​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​មាន​ការ​បង្កើត "ច្បាប់" មួយ ដែល​សំដៅ​មក​លើ​បុគ្គល​តែ​ម្នាក់​ប៉ុណ្ណោះ គឺ​រូប​លោក​តែ​ម្តង។ ទន្ទឹម​គ្នា​នេះ លោក សម រង្ស៊ី បារម្ភ​ថា រដ្ឋាភិបាល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ចាប់​អតីត​សហការី​របស់​ខ្លួន រួម​ទាំង​អ្នក​នៅ​ក្នុង​ជួរ​គណបក្ស​សង្គ្រោះ​ជាតិ អ្នក​ទិតៀន​រដ្ឋាភិបាល និង​អ្នក​ប្រជាធិបតេយ្យ ដើម្បី​យក​ធ្វើ​ជា​ចំណាប់​ខ្មាំង​បន្ត​ទៀត ដើម្បី​តែ​បំបិទ​មាត់​លោក​តែ​ម្នាក់​គត់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI