អានតួអត្ថបទ
កម្ពុជា

លោក​ហ៊ុន សែន យក​វេទិកា​រដ្ឋសភា​ពន្យល់​ពី​មូលហេតុ​នៃ​វិសោធនកម្ម​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា​នៅ​ថ្ងៃ​នេះ

លោកហ៊ុន សែន ពន្យល់ពីមូលហេតុនៃវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា
លោកហ៊ុន សែន ពន្យល់ពីមូលហេតុនៃវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា @Seng thai
ដោយ៖ វ៉ា សំណព្វ
១៩ នាទី

រដ្ឋសភា​ជាតិ​នៅ​ថ្ងៃ​នេះ បាន​អនុម័ត​ទាំង​ស្រុង​លើ​សំណើ​សុំ​ធ្វើ​វិសោធនកម្ម​បទ​បញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា​ ពី​ប្រការ ៤៨​ថ្មី (៣) ទៅ ៤៨​ថ្មី (៤) ដែល​ស្មើ​នឹង​ការ​លុប​ចោល​តំណែង​ប្រធាន​ក្រុម​មតិ​ភាគ​តិច​នៃ​រដ្ឋសភា​របស់​លោក​កឹម សុខា ដែល​មាន​ឋានៈ​ស្មើ​នាយក​រដ្ឋមន្រ្តី​។ នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​នៅ​ថ្ងៃ​នេះ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន បាន​យក​វេទិកា​រដ្ឋសភា​ស្ទើរ​តែ​ទាំង​អស់​ ដើម្បី​ពន្យល់​ផង​ព្រមាន​ផង​ទៅ​លើ​គណបក្ស​ប្រឆាំង​ ដែល​មិន​បាន​ចូល​រួម​ប្រជុំ​សភា​នៅ​ថ្ងៃ​នេះ​។

ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​ទទួល​បាន​ភ្លើង​ខៀវ​ពី​ប្រធាន​រដ្ឋសភា​ លោក ហេង សំរិន និង​ក្រោយ​ពី​ការ​ឡើង​ថ្លែង​របស់ លោក ប៉ែន បញ្ញា ក្នុង​នាម​ជា​ប្រធាន​គណៈកម្មាការ​នីតិកម្ម​និង​យុត្តិធម៌​នៃ​រដ្ឋសភា​មក​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន បាន​យក​ពេល​វេលា​ប្រមាណ​ជា ៤៥​នាទី ដើម្បី​ពន្យល់​ជុំ​វិញ​មូល​ហេតុ​ដែល​នាំ​ទៅ​ដល់​ការ​ធ្វើ​វិសោធនកម្ម​បទ​បញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា​ នៅ​ថ្ងៃ​នេះ​ ដោយ​មិន​មាន​ការ​ចូល​រួម​ពី​សមាជិក​សភា​គណបក្ស​សង្រ្គោះ​ជាតិ​នោះ​ទេ​។

លោក ហ៊ុន សែន ស្ថិត​ក្នុង​ជំហរ​រឹង​ប៉ឹង​ និង​ប្រកប​ដោយ​ទឹក​មុខ​ម៉ឺង​ម៉ាត់ បាន​លើក​ឡើង​ពី​មូល​ហេតុ​យ៉ាង​តិច​ចំនួន ៥ ដែល​នាំ​ទៅ​ដល់​ការ​ធ្វើ​វិសោធនកម្ម​បទ​បញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា​នៅ​ថ្ងៃ​នេះ​ តែ​អ្វី​ដែល​ជា​មូល​ហេតុ​សំខាន់​ជាង​គេ​នោះ វិសោធនកម្ម​នេះ គឺ​ដើម្បី​បិទ​បញ្ចប់​ការ​ប៉ុន​ប៉ងរបស់​គណបក្ស​ប្រឆាំង​ក្នុង​ការ​ប្រើ​ប្រាស់​យន្តការ​សភា​នេះ​ ដើម្បី​ចរចា​ដោះ​លែង​អ្នក​ទោស​ដែល​ជា​សកម្មជន​គណបក្ស​ប្រឆាំង​ មន្រ្តី​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​, មន្រ្តី គ.ជ.ប និង​សកម្មជន​ដី​ធ្លី​នៅ​តំបន់​បឹង​កក់​ផង​។

ជាមួយ​នឹង​ពាក្យ​សំដី​ខ្លាំងៗ​ ដែល​ជា​ទម្លាប់​របស់​លោក​នោះ លោក ហ៊ុន សែន បាន​ព្រមាន​ផង និង​ពន្យល់​ផង​ថា លោក​មិន​អាច​យក​យន្តការ​នេះ​ដើម្បី​ទៅ​រំលោភ​អំណាច​តុលាការ​នោះ​ទេ​។ ប៉ុន្តែ​លោក​បាន​ទុក​លទ្ធភាព​មួយ​ថា នឹង​ពិចារណា​លើក​លែង​ទោស​ដល់​សកម្មជន​ដី​ធ្លី​នៅ​តំបន់​បឹង​កក់ និង​អ្នក​ទោស​ដែល​មាន​ស្ថាន​ទម្ងន់​ទោស​ស្រាលៗ​មួយ​ចំនួន​ទៀត នៅ​ពេល​​ដែល​តុលាការ​បញ្ចប់​នីតិវិធី​របស់​ខ្លួន​។ ប៉ុន្តែ​លោក​បាន​ថ្លែង​បិទ​ផ្លូវ​របស់​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី លោក ហុង សុខហួរ និង​សមាជិក​សភា​គណបក្ស​ប្រឆាំង​លោក អ៊ុំ សំអាន ថា មិន​អាច​លើក​លែង​ទោស​ឲ្យ​បាន​ទេ។

ម្តង​ហើយ​ម្តង​ទៀត លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន បាន​ទទូច​សុំ​ការ​អនុញ្ញាត​ពី​ប្រធាន​រដ្ឋសភា​លោក ហេង សំរិន ដើម្បី​ថ្លែង​បន្ត នៅ​ពេល​ដែល​លោក ហេង សំរិន បាន​គោះ​តុ​ជា​សញ្ញា​ប្រាប់​ថា ជិត​អស់​ម៉ោង​ក្នុង​ការ​ឡើង​ថ្លែង​របស់​សមាជិក​សភា​ម្នាក់​ ដែល​មាន​ត្រឹម​តែ ២០​នាទី​នោះ​។ ក៏​ប៉ុន្តែ​លោក​នាយក​រដ្ឋមន្រ្តី​ បាន​ថ្លែង​បន្ត ដោយ​លើក​ឡើង​ពី​ដំណើរ​ដើម​ទង និង​ការ​សន្ទនា​រវាង​លោក និង​លោក កឹម សុខា មុន​គ្រា​ត្រូវ​រ៉ូវ​គ្នា​កាល​ពី​ខែ​តុលា ដែល​ឈាន​ទៅ​ដល់​ការ​លើក​លែង​ទោស​លោក​មេ​ឃុំ ស៊ាង ចែត មក​ពី​គណបក្ស​សម​រង្ស៊ី និង​លោក កឹម សុខា ផ្ទាល់​។ លោក ហ៊ុន សែន បាន​ព្រមាន​បញ្ចេញ​ឯកសារ​របស់​លោក សម រង្ស៊ី និង​ឯកសារ​របស់​លោក កឹម សុខា ដែល​លោក​បាន​សេវ ឬ​រក្សា​ទុក​ដោយ​ឡែកៗ​ពី​គ្នា និង​ថែម​ទាំង​បាន​បបួល​លោក កឹម សុខា ទៅ​ស្បថ​ថែម​ទៀត។

កិច្ច​ប្រជុំ​រដ្ឋសភា​បាន​បញ្ចប់​ទៅ​នៅ​ប្រមាណ​ជា​ម៉ោង ៩និង ២០​នាទី ក្រោយ​ពី​សមាជិក​រដ្ឋសភា​ចំនួន ៦៧​រូប មក​តែ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អនុម័ត​ដោយ​ការ​លើក​ដៃ​លើ​វិសោធនកម្ម​បទ​បញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា​នេះ​។ សូម​បញ្ជាក់​ថា ចាប់​តាំង​ពី​ឆ្នាំ ១៩៩៣​មក បទ​បញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា​ ត្រូវ​បាន​ស្នើ​ធ្វើ​វិសោធនកម្ម​ចំនួន ​១០​លើក​រួច​មក​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ