កម្ពុជា-បោះឆ្នោត

​គ.ជ.ប មាន​កម្មវិធី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដល់​ផ្ទះ ខណៈ​ថ្ងៃ​ដំបូង​នៃ​ដំណើរ​ការ​ចុះ​ឈ្មោះ ឆ្នាំ​២០១៨ ស្ងប់​ស្ងាត់​

រូបភាព៖ កិច្ចប្រជុំរបស់ គ.ជ.ប
រូបភាព៖ កិច្ចប្រជុំរបស់ គ.ជ.ប @សហការី

ការិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ស្ថិតនៅឃុំ-សង្កាត់ ជិត​២​ពាន់ បាន​បើក​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ហើយ ចាប់​ពី​ថ្ងៃ​ទី​១ដល់​ថ្ងៃ​ទី​១៨​តុលា។ ​អ្វី​ជា​ការ​កត់​សម្គាល់ក្រៅ​ពី​តម្រូវ​ឲ្យ​ពលរដ្ឋ​អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​នៅ​សាលា​ឃុំ-សង្កាត់ មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​(គ..ប)ក៏​ធ្វើ​ដំណើរ​ទៅ​តាម​ភូមិ ដើម្បី​ទទួល​ចុះ​ឈ្មោះ​ពល​រដ្ឋ​ដល់​ផ្ទះ​ផង​ដែរ​។ ​ដោយ​ឡែក ​អ្នក​​នាំ​​ពាក្យ​គ.​ជ.ឲ្យ​ដឹង​ថាដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ នៅ​​ថ្ងៃ​​ដំបូង​​មាន​ស្ថានភាព​ស្ងប់​ស្ងាត់​។ 

ផ្សាយពាណិជ្ជកម្ម

សេចក្តី​ប្រកាស​របស់ គ.ជ.ប ឲ្យ​ដឹង​ថា រយៈ​ពេល​៥​ថ្ងៃ​ដំបូង​ក្នុង​អំឡុង​ពេល​១៨​ថ្ងៃ​ ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី ដែល​មាន​ពលរដ្ឋ​ជិត​កន្លះ​លាន​នាក់​នេះ គឺ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ សាលា​ឃុំ-សង្កាត់ ។ ហើយ​៩​ថ្ងៃ​ក្រោយ​មក​ទៀត ​ទើប​មន្ត្រី​.គ.ជ.ប អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​ពល​រដ្ឋ ដល់​ក្នុង​ភូមិ និង​៤​ថ្ងៃ​ចុង​ក្រោយ​ត្រឡប់​មក​ចុះ​ឈ្មោះ​នៅ​សាលា​ឃុំ-សង្កាត់ វិញ​។

អ្នក​នាំ​ពាក្យ​គណៈកម្មការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត លោក ហង្ស ពុទ្ធា ថ្លែង​នៅ​ថ្ងៃ​ទី​២​តុលា​នេះ​ថា ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្ងៃ​ដំបូង គឺ​ថ្ងៃ​ទី​១​ ខែ​​តុលា​ម្សិល​មិញ មាន​សភាព​ស្ងប់​ស្ងាត់​បន្តិច ដោយ​សារ​តែ​ពេល​វេលា​នេះ​ជា​រដូវ​វស្សា​ និង​ជា​ឱកាស​នៃ​ការ​កាន់​បិណ្ឌ​។ តែ គ.ជ.ប រំពឹង​ថា ​ពលរដ្ឋ​ ដែល​មាន​អាយុ​ចាប់​ពី​១៨​ឆ្នាំ​ឡើង​ទៅ ឬ​អ្នក​ដែល​មាន​បញ្ហា​ឈ្មោះ​ខុស​ជា​ដើម នឹង​សម្រុក​ទៅ​ចុះ​ឈ្មោះ និង​ពិនិត្យ​ឈ្មោះ​នៅ​កៀក​ថ្ងៃ​បុណ្យ​ភ្ជុំ​ធំ ព្រោះ​តែ​ជា​ឱកាស​ឈប់​សម្រាក​ពេញ​លេញ​។

បើ​តាម​លោក ហង្ស ពុទ្ធា ការណ៍​ដែល គ.ជ.ប.ដាក់​ចេញ​ដំណើ​ការ​ថ្មី​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី ចុះ​ទៅ​ភូមិ​ឃុំ​ពលរដ្ឋ​រស់​នៅ គឺ​ដើម្បី​បង្ខិត​សេវា​ឲ្យ​នៅ​ជិត​ពល​រដ្ឋ​។

សូម​រំឮក​ថា ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​នេះ ធ្វើ​ឡើង​ចំពោះ​តែ​ពល​រដ្ឋ ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ ហើយ​ពុំ​ទាន់​បាន​ចុះ​ឈ្មោះ​ពី​មុន​មក និង​ពល​រដ្ឋ​ដែល​ទើប​គ្រប់​អាយុ​១៨​ឆ្នាំ ដោយ​គិត​ត្រឹម​រយៈ​ពេល​មុន​ឬ​កើត​ត្រឹម​ថ្ងៃ​ទី​១​ខែ​មករា​ឆ្នាំ​២០១៨​។ ក្រៅ​ពី​នេះ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក៏​តម្រូវ​ផង​ដែរ សម្រាប់​អ្នក​ផ្លាស់​ប្តូរ​លំនៅ​ឋាន ការ​កែ​តម្រូវ​ឈ្មោះ​ ការ​ស្រង់ និង​លុប​ឈ្មោះ​ចំពោះ​អ្នក​ទទួល​មរណ​ភាព និង​អ្នក​ត្រូវ​បាន​ដក​សិទ្ធិ​បោះ​ឆ្នោត​បណ្តោះ​អាសន្ន ។

ផ្អែក​តាម​ការ​បង្ហាញ​របស់ គ​.​ជ​.​ប ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ​មាន​ប្រហែល​ជាង​៤៨​ម៉ឺន​៩​ពាន់​នាក់។ ជាមួយ​គ្នា​នេះ គ.ជ.ប ​ក៏​លុប​ឈ្មោះ​អ្នក​បោះឆ្នោត​ចេញ​ពី​បញ្ជី​ជាង​៩​ម៉ឺន​នាក់​ផង​ដែរ។ បន្ថែម​លើ​នេះ គ​.​ជ​.​ប បាន​អំពាវ​នាវ​ដល់​ពល​រដ្ឋ ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ចាស់​ក្នុង​ឆ្នាំ​២០១៧ ត្រូវ​ទៅ​ពិនិត្យ​មើល​ឈ្មោះ​របស់​ខ្លួន ​ដែល​បិទ​ផ្សាយ​នៅ​តាម​សាលា​ឃុំ​សង្កាត់ ដើម្បី​ឲ្យ​ប្រាកដ​ថា ខ្លួន​ពិត​ជា​មាន​ឈ្មោះ​និង​ទិន្នន័យ​ត្រឹម​ត្រូវ​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI